Ad Code

ពលរដ្ឋ​ គ.ថ្លង់​ចំនួន​២៣៨​នាក់​នៅ​ខណ្ឌឫស្សីកែវ ​ទទួល​បាន​ការ​ធ្វើ​ពុម្ព​ត្រចៀក​សម្រាប់​ដាក់​ប្រដាប់​ស្តាប់​ដោយ​ឥតគិតថ្លៃ​


ភ្នំពេញ ៖ នៅ​សាលា​ខណ្ឌ​ឫស្សីកែវ នា​ព្រឹក​ថ្ងៃទី​១១ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​ រៀបចំ​ពិធី​ពិនិត្យ​ និង​ធ្វើ​ពុម្ព​ត្រចៀក​ជូន​ប្រជាពលរដ្ឋ គ.ថ្លង់​ មាន​ក្មេង​ ចាស់​ចំនួន​២៣៨​នាក់​ ដើម្បី​ដាក់​ប្រដាប់​ស្តាប់ ដោយ​ឥត​គិតថ្លៃ​ជា​ប្រយោជន៍​ជួយ​ឱ្យ​ពួកគាត់​ស្ដាប់ឮ ​និង​និយាយ​បាន​ឡើងវិញ ងាយស្រួល​ធ្វើ​ការបម្រើ​សង្គម​ជាតិ ដោយ​ភាគច្រើន​ជា​មនុស្ស​ចាស់​។​

ពិធី​នេះ​ក្រោយ​អធិបតីភាព លោក ស្រី​ឡោក ខេង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ និង​លោក ហ៊ុន ម៉ានី តំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ រួម​នឹង​លោក​អភិបាលរង​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ​ ព្រមទាំង​ម្ចាស់​ជំនួយ​ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​មកពី​៦​សង្កាត់ ​ក្នុង​ខណ្ឌឫស្សីកែវ​។​

ការ​ធ្វើ​ពុម្ព​ត្រចៀក​ជូន​ប្រជាពលរដ្ឋ​ទាំង​អស់​នេះ​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​មូលនិធិ​«​ស្តារ​ឃី​»​នៅ​សហរដ្ឋអាមេរិក​ តាមរយៈ​លោកស្រី ឡោក ខេង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​ ហើយ​ក្រុមការងារ​មនុស្សធម៌​ដែល​មក​ជួយ​ចាក់​ពុម្ព​ត្រចៀក​ គឺ​មក​ពី​សកលវិទ្យាល័យ ​វិទ្យាសាស្ត្រ​សុខាភិបាល សកល​វិទ្យាល័យ​អន្តរជាតិ​IU​ និង​សកល​វិទ្យាល័យ​ចេនឡា ដោយ​កម្មវិធី​នេះ​បាន​ធ្វើ​រយៈពេល​មួយ​ព្រឹក​។​

លោក ស្រី ឡោក ខេង បាន​មាន​សាសន៍​នា​ឱកាស​សំណេះសំណាល​នោះ​ថា​ ដោយ​យល់​ឃើញ​ពី​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ពិការភាព​ដោយ គ.ថ្លង់ ដូច្នេះ​ទើប​លោកស្រី​ទំនាក់ទំនង​រក​មូលនិធិ​ជួយ​បងប្អូន គ.ថ្លង់​ទាំង​អស់​នេះ​។ លោកស្រី​បន្ត​ថា តម្លៃ​នៃ​ការ​ធ្វើ​ពុម្ព​ត្រចៀក​និង​ឧបករណ៍​សម្រាប់​ស្តាប់​នេះ​ គឺ​ថ្លៃ​ណាស់ ហើយ​កន្លងមក​ក្នុង​ឆ្នាំ​២០១៣​យើង​បាន​ធ្វើ​ជូន​បងប្អូន​នៅ​ខេត្ត​សៀមរាប​ និង​ខេត្តពោធិ៍សាត់​ទទួល​បាន​ជោគជ័យ ​ព្រោះ​ចង់​ឃើញ​ពួកគាត់​ស្ដាប់ឮ​មានការ​សប្បាយចិត្ត​ណាស់​។ ដូច្នេះ​ក្នុង​ឆ្នាំ​២០១៥​នេះ​ គាត់​មក​ធ្វើ​ជូន​បងប្អូន​ក្នុង​រាជធានី​ភ្នំពេញ​វិញ​ម្តង ដោយ​មកដល់ពេលនេះ​បាន​ធ្វើអំពើ​មនុស្សធម៌​ដោយ​ធ្វើ​ពុម្ព​ត្រចៀក​ដើម្បី​ដាក់​ប្រដាក់​ស្តាប់​បាន​នេះ​ដោយ​ឥតគិតថ្លៃ​បាន​ចំនួន​៦​ខណ្ឌ​ហើយ ពោល​គឺ​ទី​១-ខណ្ឌ​ជ្រោយចង្វា ​ទី​២​-ខណ្ឌ​ពោធិ​សែន​ជ័យ ទី​៣​-ខណ្ឌ​សែន​សុខ ទី​៤​-ខណ្ឌ​ច្បារអំពៅ ទី​៥​-ខណ្ឌដង្កោ ​និង​ទី​៦-ខណ្ឌឫស្សីកែវ​នេះ​។​

លោក​ស្រី​បាន​បញ្ជាក់​ទៀត​ថា ឧបករណ៍​ដាក់​ត្រចៀក​របស់​មូលនិធិ "ស្តារ​ឃី" នេះ មាន​រាង​តូច​ងាយស្រួល​ក្នុង​ការ​ដាក់​ក្នុង​ត្រចៀក​មើល​មិន​ឃើញ​ផលិត​នៅ​សហរដ្ឋអាមេរិក​ ហើយ​អាច​ឱ្យ​បងប្អូន​គ.​ថ្លង់​ស្តាប់​បាន និង​និយាយ​បាន​។

លោកស្រី​បាន​មានប្រសាសន៍ថា​ ថ្ងៃទី​១១​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥​នេះ​ គឺជា​លើក​ទី​២​ហើយ​ដែល​លោកស្រី​ និង​ក្រុមការងារ​បាន​មក​ធ្វើ​ជូន​បងប្អូន​នៅ​ខណ្ឌឫស្សីកែវ​តាម​ការ​ស្នើ​សុំ​របស់​លោក ធុ​យ​សុខន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ ព្រោះ​នៅ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ច្រើនណាស់​ដែល​ពិការ​ដោយ គ.ថ្លង់​នេះ ដែល​លើក​ទី​១​មាន​បងប្អូន​ គ.ថ្លង់​ចំនួន​១២៨​នាក់ ហើយ​លើក​ទី​២​នេះ​មាន​ចំនួន​២៣៨​នាក់​ និង​នៅ​មាន​មក​ជា​បន្តបន្ទាប់​ទៀត​។​

ឆ្លៀត​ក្នុង​ឱកាស​នោះ ​លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​បាន​ជម្រាបសួរ​សុខទុក្ខ​ និង​សំណេះសំណាល​ជាមួយ​បងប្អូន គ.ថ្លង​ និង​ដើរ​ពិនិត្យមើល​ក្រុមការងារ​របស់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ធ្វើ​ពុម្ព​ត្រចៀក និង​ជួប​សំណេះសំណាល​ជាមួយ​យុវជន​ខណ្ឌឫស្សីកែវ​ និង​បាន​ផ្តល់​នូវ​អនុសាសន៍ ​រួម​នឹង​បទពិសោធន៍​មួយចំនួន​សម្រាប់​ឱ្យ​យុវជន​យើង​យក​ទៅ​អនុវត្ត​ក្នុង​ទិសដៅ​ចូល​រួម​កសាង​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​បាន​រីកចម្រើន​ជឿនលឿន​បន្តវេន​ទៅ​ថ្ងៃ​អនាគត​៕

ឌី​រៀ​


Post a Comment

0 Comments

Close Menu