Ad Code

ជំរុញ​ការផលិត និង​ពង្រឹងសមត្ថភាព​នៃ​ការ​ផ្ដល់​សេវាកម្ម​រទេះរុញ​ដល់​ជន​ពិការ​នៅ​ទូទាំង​ប្រទេស​


ភ្នំពេញ ៖ ក្រសួង​សង្គមកិច្ច​សហការ​ជាមួយ​អង្គការ​ដៃគូ​បាន​ជំរុញ​ការផលិត និង​ការ​ផ្ដល់​សេវាកម្ម​រទេះរុញ​ជូន​ដល់​ជន​ពិការ​ឲ្យ​បាន​ទាន់​ពេល​វេលា​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​នៃ​ការប្រើប្រាស់​របស់​បងប្អូន​ជន ពិការ​នៅ​ទូទាំង​ប្រទេស​នោះ​។ ​នេះ​បើ​យោង​តាម​ការផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា។​

លោក កែវ រិទ្ធី នាយក​អង្គការ​អតីត​យុទ្ធជន​អន្តរជាតិ​កម្ពុជា (​វី អាយ ស៊ី​) បាន​ថ្លែង​នៅក្នុង​ក្នុង​សិក្ខាសាលា​ស្ដីពី​វគ្គ​បណ្ដុះបណ្ដាល​ថ្នាក់​ជាតិ​លើ​សេវាកម្ម​រទេះ​រុញ​កម្រិត​មធ្យម​កាល​ពី​ថ្ងៃទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​កន្លងទៅ​ នៅ​មជ្ឈមណ្ឌល​ជាតិ​ស្ដារ​លទ្ធភាព​ពលកម្ម​គៀនឃ្លាំង​ថា ​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ផលិត​រទេះរុញ​សម្រាប់​ជន​ពិការ​នេះ គឺ​ដើម្បី​បង្កើត​ឱ្យ​ផលិតផល​រទេះរុញ​កាន់​តែ​មាន​ស្តង់ដារ​ខ្ពស់​ និង​បម្រើការ​ប្រើប្រាស់​របស់​ជន​ពិការ។ លោក​បាន​បញ្ជាក់​ថា ​ការ​ផ្ដល់​ជំនាញ​នេះ គឺ​ដើម្បី​ឱ្យ​ជន​ពិការ​មាន​សមត្ថភាព​ផលិត​អាច​រក​ប្រាក់​ចំណូល និង​ចំណេះដឹង​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ឱ្យ​បាន​សមស្រប​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង​របស់​ជន​ពិការ​ និង​អាច​យក​ជំនាញ​ទាំងនេះ​មក​ផ្គត់ផ្គង់​ជីវភាព​ផ្ទាល់ខ្លួន​បាន។​

លោក​បាន​បន្ត​ថា ការផលិត និង​ការ​ផ្ដល់​រទេះ​ដល់​ជន​ពិការ គឺ​អាច​ផ្ដល់​បាន​សម្រាប់​តែ​តម្រូវ​ការ​ធម្មតា ប៉ុន្តែ​បើ​ការផលិត​រទេះ​ពិសេស ឬ​កម្រិត​ពិការភាព​ធ្ងន់ធ្ងរ​នោះ ត្រូវ​មាន​ចំណេះដឹង ជំនាញ​ត្រឹមត្រូវ​ក្នុង​ការ​ជួយ​ដោះស្រាយ​ឱ្យ​បាន​សមស្រប​ទៅតាម​ពិការភាព និង​ធ្វើ​ឱ្យ​ជន​ពិការ​រស់នៅ​មាន​ឯករាជ្យ​ភាព និង​សមស្រប​ទៅតាម​ស្តង់ដារ​រទេះ​នោះ។​

លោក​បាន​លើក​ឡើង​ថា​ ការផលិត​រទេះ និង​ចែកចាយ​រទេះ​នេះ​ត្រូវ​តែ​មាន​ការវាយតម្លៃ​អំពី​គុណភាព សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ដល់​ជន​ពិការ​ ហើយ​ប្រសិនបើ​ការ​ផ្ដល់​រទេះ​នោះ​មិន​មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ វា​មិន​ត្រឹមតែ​មិនបាន​ជួយ​ដល់​ជន​ពិការ​ទេ​ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឱ្យ​ជន​ពិការ​កាន់តែ​ពិការភាព​ធ្ងន់ធ្ងរ​ថែមទៀត។​

លោក កែវ បូ​រេ​ន្ទ្រ អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​បាន​មាន​ប្រសាសន៍​ថា ការ​បណ្ដុះបណ្ដាល និង​ការ​ផ្ដល់​សេវាកម្ម​រទេះរុញ​ដល់​ជន​ពិការ គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​រទេះរុញ​គឺជា​ឧបករណ៍​មួយ​ជំនួយ​ដល់​ជន​ពិការ​ក្នុង​ការ​ផ្លាស់ប្ដូរ និង​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ដើម្បី​ជួយ​ជ្រោមជ្រែង​លើកកម្ពស់ និង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​បងប្អូន​ជន​ពិការ​នៅ​ទូទាំង​ប្រទេស​។ លោក​បញ្ជាក់​ថា តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​អាច​ផ្ដល់​លទ្ធភាព​ឱ្យ​ជន​ពិការ​ទទួល​បាន​នូវ​រទេះ​ដែល​សមស្រប​ត្រឹមត្រូវ​ក្នុង​ការ​បង្កើន​ស្វ័យភាព និង​ចល័ត​ភាព​របស់​ជន​ពិការ​ដើម្បី​ចូល​រួម​ប្រកបការងារ​ផ្សេងៗ​នៅក្នុង​សង្គម ​ពិសេស​អាច​ជួយ​ឱ្យ​ជន​ពិការ​រស់នៅក្នុង​សង្គម​មួយ​ដោយ​គ្មាន​ឧបសគ្គ​រារាំង និង​គ្មាន​ការ​រើសអើង​។​

សូម​រំលឹក​ថា ​ចាប់តាំងពី​ឆ្នាំ​១៩៩២ រហូតមកដល់​ពេលនេះ អង្គការ( វី អាយ ស៊ី )សហការ​ជា​មួយ​ក្រសួង​សង្គមកិច្ច​បាន​ផ្ដល់​រទេះ​រុញ​ជាច្រើន​ប្រភេទ​ជូន​ដល់​បងប្អូន​ជន​ពិការ​បាន​ចំនួន​ជាង​៤​ម៉ឺន​គ្រឿង នៅក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល ព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​ខេត្ត​រតនគិរី៕

ឌួង​វិ​រះ​ជ័យ​




Post a Comment

0 Comments

Close Menu