Ad Code

ថ្នាក់ដឹកនាំ​គណបក្ស​ក្នុង​ និង​ក្រៅ​រាជរដ្ឋាភិបាល​ឯកភាព​គ្នា​សរសេរ​ច្បាប់​ស្ដីពី​ម្ចាស់​ផ្ទះ​ជួល និង​អ្នក​ជួល​


ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ថា ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ក្នុង​រាជរដ្ឋាភិបាល និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​បាន​ឯកភាព​រួចហើយ ក្នុង​ការ​សរសេរ​ច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​រវាង​ម្ចាស់​ផ្ទះ​ជួល​ជាមួយ​អ្នក​ជួល​ផ្ទះ​នោះ។​

នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សកលវិទ្យាល័យ​នីតិសាស្ត្រ និង ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​កោះ​ពេជ្រ សម្ដេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ម្សិលមិញ​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពិភាក្សា​ជាមួយ​ខ្ញុំ តាមរយៈ​ការ​ប្រឹក្សា​ពិគ្រោះ​យោបល់ ដោយ​យើង​ត្រូវ​មាន​ច្បាប់​មួយ​ការពារ​ទាំង​សងខាង ទាំង​ម្ចាស់ផ្ទះ ​ឬ​បន្ទប់​ជួល និង​អ្នក​ជួល​ដែល​មាន​ទាំង​កម្មករ-កម្មការិនី សិស្ស និង​និស្សិត​ជាដើម​។ យើង​បាន​ឯកភាព​គ្នា​ក្នុង​ការ​រៀបចំ​ក្រុម​ការងារ​សរសេរ​ច្បាប់​នេះ​តែម្តង ដើម្បី​ការពារ​ឱ្យ​មាន​ការ​ទទួលខុសត្រូវ​ទាំងសងខាង​។​

សម្ដេច​តេ​ជោ​ថ្លែង​ថា កាលពី​សម័យ​រដ្ឋ​កម្ពុជា​យើង​មានច្បាប់​មួយ​ស្ដីពី​កិច្ចសន្យា និង​ការ​ទទួល​ខុសត្រូវ​ក្រៅ​កិច្ចសន្យា ប៉ុន្តែ​ច្បាប់​នេះ​ បច្ចុប្បន្ន​បាន​បញ្ចូល​ទៅ​ក្នុង​ក្រមរដ្ឋប្បវេណី​ទៅ​ហើយ ដូច្នេះ​ត្រូវ​ពិនិត្យមើល​ក្រមរដ្ឋប្បវេណី ហើយ​សរសេរ​ចេញ​បង្កើត​ជា​ច្បាប់​មួយ។​

សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា ថ្នាក់ដឹកនាំ​ទាំងពីរ​គណបក្ស​ដែល​នៅក្នុង និង​ក្រៅ​រាជរដ្ឋាភិបាល​បាន​ឯកភាព​រួចហើយ ដើម្បី​បង្កើត​ក្រុមការងារ​សេ​សេរ​ច្បាប់​នេះ ទោះបីជា​យើង​មិន​ទាន់​បាន​ដាក់​ឈ្មោះ​ច្បាប់​នេះ​ក៏ដោយ​។ សម្ដេច​តេ​ជោ​ថ្លែង​ថា ខ្ញុំ​ជាមួយ​ឯកឧត្តម សម រង្ស៊ី បាន​ឯកភាព​គ្នា​ថា​នឹង​ធ្វើ​ច្បាប់​នេះ ដែល​គោលដៅ​នៃ​ការ​សរសេរ​ច្បាប់​នេះ​សម្រាប់​បម្រើ​ឱ្យ​គោលដៅ ដែល​យើង​ចង់បាន​។ យើង​បាន​ឯកភាព​គ្នា​ថា​នឹង​ធ្វើ​ច្បាប់​នេះ ដែល​គ្របដណ្ដប់​ទិដ្ឋភាព ដែល​ពាក់ព័ន្ធ​នឹង​ការជួល និង​អ្នក​ជួល​ពី​គេ​ឱ្យ​មាន​ការទទួលខុសត្រូវ​ទាំងសងខាង​។ ខ្ញុំ​ក៏បាន​ប្រាប់​ទៅ​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម ស ខេង ឱ្យ​ទាក់ទង​ជាមួយគ្នា​រៀបចំ​ក្រុមការងារ​សរសេរ​ច្បាប់​នេះ​តែម្តង​។ ប៉ុន្តែ​មុន​ច្បាប់​នេះ​ចេញ​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ម្ចាស់​ផ្ទះ​ជួល មេត្តា​កុំ​ដំឡើងថ្លៃ​ផ្ទះ​ជួល ដើម្បី​ឱ្យ​កម្មករ-កម្មការិនី​របស់​យើង​ទទួល​បាន​ប្រាក់កម្រៃ​កាន់​តែ​ច្រើន​សម្រាប់​ជីវភាព​ផ្ទាល់ខ្លួន​ផង និង​សម្រាប់​ក្រុម​គ្រួសារ​ផង​ដែរ ព្រោះ​រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​ណាស់​ដើម្បី​អំពាវនាវ​ឱ្យ​មាន​វិនិយោគ​មក​បណ្ដាក់​ទុន​វិនិយោគ​នៅក្នុង​ប្រទេស​របស់​យើង​។ សូម​ម្ចាស់​ផ្ទះ​ជួល​មេត្តា​កុំ​ដំឡើង​ថ្លៃ ​នេះ​ជា​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល៕​

ស្នាយ​ពល

Post a Comment

0 Comments

Close Menu