Ad Code

បុរស​៣​នាក់​ជិះ​ម៉ូតូ​លឿន​នៅពេល​យប់​ បាន​បុក​គូទ​រថយន្ត​យី​ឌុប​គេ​ពីក្រោយ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​


ឧត្តរមានជ័យ ៖ បុរស​វ័យក្មេង​ចំនួន​៣​នាក់ ​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ខណៈ​បុរស​រង​គ្រោះ​ទាំង​៣​ជិះ​ម៉ូតូ​លឿន​នៅ​ពល​យប់​ ចៃដន្យ​បាន​បុក​គូថ​រថយន្ត​ធុន​ធំ​ពីក្រោយ​យ៉ាង​ពេញ​ទំហឹង។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥​ វេលា​ម៉ោង​ប្រហែល​៣​ទៅ​ម៉ោង​៦​ទៀបភ្លឺ​ ស្ថិត​ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​។ បើ​តាម​ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​នៅ​កន្លែង​ហេតុ​ អ្នកខ្លះ​និយាយ​ថា មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​៣​នាក់​ ធ្វើដំណើរ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន លុះដល់​កន្លែង​កើតហេតុ​ក៏បាន​បុក​គូថ​រថយន្ត​គេ​ពីក្រោយ​យ៉ាង​ពេញ​ទំហឹង ដែល​ករណីនេះ​ជនរងគ្រោះ​អាច​ចាំង​ភ្លើង​ហ្វា​រថយន្ត​មកពី​ខាង​មុខ​ ទើប​មើល​មិន​ឃើញ​រថយន្ត​ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប​គ្នា​។ អ្នកខ្លះ​និយាយ​ថា ​ជន​រង​គ្រោះ​អាច​ផឹក​ស្រវឹង​មកពី​អន្លង់វែង​ទើប​បើក​ម៉ូតូ​លឿន​យ៉ាងនេះ រហូត​មើល​រថយន្ត​នៅ​ខាង​មុខ​មិន​ឃើញ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​នេះ​ ជា​ការ​សន្និដ្ឋាន​ប៉ុណ្ណោះ ​មិនអាច​ជា​ផ្លូវការ​បានទេ ព្រោះ​នៅ​កន្លែង​កើតហេតុ​ជា​វាល​ស្ងាត់​មិន​មាន​ផ្ទះ​ប្រជាពលរដ្ឋ ​ទើប​បាន​ជា​មិន​មាន​អ្នកដឹង​រឿង​បែប​នេះ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ១-​ហូ​ ណុប​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ២-​ឈ្មោះ​ ផន​ សុផល​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ និង​ទី​៣​-ឈ្មោះ​ រ៉ា​ម ​សុភ​ក្រ​ត្រា​ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ម៉ូតូ​ម៉ាក​សង់​១២៥ ​ពណ៌​ខ្មៅ​សេរី​២០១៥​ ពាក់​ស្លាក​លេខ​កំពង់ធំ​1E8487 ។ ជា​ទូទៅ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ភាគច្រើន​គឺ​កើត​ឡើង​ដោយសារ​កត្តា​យានយន្ត​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់ ដូចជា​គ្មាន​ភ្លើងស៊ីញ៉ូ​មុខក្រោយ ​និង​គោយន្ត​កន្ត្រៃ​របស់​ប្រជាពលរដ្ឋ​បើកបរ​នៅ​តាម​ដង​ផ្លូវ​នៅពេល​យប់​គ្មាន​ចំណាំងផ្លាត​សម្រាប់​ឲ្យ​គេ​បាន​មើលឃើញ​ជាដើម​ ដែល​បញ្ហា​នេះ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​មេត្តា​ត្រួតពិនិត្យ​មើល​ផង​។​ សូម​បញ្ជាក់​ថា ​ក្រោយពី​ការពិនិត្យ​វាស់វែង​រួច​ សាកសព​ជន​រង​គ្រោះ​ទាំង​៣​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ចាន់ ធី


Post a Comment

0 Comments

Close Menu