ភ្នំពេញ ៖ ទីតាំងបើកល្បែងស៊ីសងភ្នាល់បាល់ កន្ទុយលេខ នៅតាមដងផ្លូវឌឿងហែម និងជ្រកក្រោមស្លាកអ៊ីនធឺណិតរាប់សិបកន្លែងបាននិងកំពុងបើកលេងយ៉ាងព្រោងព្រាត យ៉ាងគគ្រឹកគគ្រេងបំផុតនៅក្នុងភូមសាស្ត្រខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកសមត្ថកិច្ចក៏ដូចជាអាជ្ញាធរហាក់មិនមានវិធានការឡើយ បើទោះបីជានៅក្នុងវេទិកាសាធារណៈប្រជាពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចធ្វើការបង្ក្រាបទីតាំងទាំងនោះក៏ដោយ ក៏សមត្ថកិច្ចនៅតែធ្វើព្រងើយកន្តើយ។
បើទោះបីជានៅតាមបណ្ដាខណ្ឌមួយចំនួនដូចជា ខណ្ឌដូនពេញ ទួលគោក គេបើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងក៏ដោយ ក៏គេសង្កេតឃើញថា អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌ៧មករា ហាក់ដូចជាងាប់ត្រគាកស្ដូកមិនមានវិធានការអ្វីឡើយ។
ទីតាំងទាំងនោះត្រូវបានគេដឹងថា ស្ថិតនៅនៅផ្ទះលេខ277AE0 ផ្លូវលេខ១៦១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា យីហោ នៅផ្ទះលេខ277AE0 ផ្លូវលេខ១៦១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា បច្ចុប្បន្នកំពុងមានអ្នករត់ការឱ្យបានបើកដំណើរការលេងល្បែងស៊ីសងភ្នាល់បាល់តាមអ៊ីនធឺណិតវិញហើយ បន្ទាប់ពីមន្ត្រីនគរបាលខណ្ឌ៧មករាចុះណែនាំឱ្យផ្អាកបានមួយដង្ហើមចង្រិត។ ប្រភពព័ត៌មានដដែលបន្តទៀតថា អ្នកដែលចេញមុខរត់ការឱ្យមានដំណើរការចាក់បាល់តាមអ៊ីនធឺណិតខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ មាំង សុខលុច្ស ដែលជាអ្នកមានសមត្ថភាពទំនាក់ទំនងជាមួយថ្នាក់លើដើម្បីបើកទីតាំងមួយនេះឱ្យដំណើរការឡើងវិញ។
ប្រភពនោះបញ្ជាក់ថា នៅក្នុងភូមសាស្ត្រខណ្ឌ៧មករា មិនមែនមានតែល្បែងភ្នាល់បាល់ និងកន្ទុយលេខនោះទេ គឺមាន វង់បៀមួយកន្លែងដ៏ធំកំពុងបើកលេងយ៉ាងរលូននៅម្តុំលក់ម៉ូតូ រង្វង់មូលសំពៅមាស ផ្លូវភ្លោះខាងត្បូងកន្លែងលក់ម៉ូតូទីនោះប្រមូលផ្ដុំដោយអ្នករកស៊ីកួកជេម៉ូតូជាអ្នកលែង។ និងមានទីតាំងជាច្រើនទៀតដូចជា នៅល្បែប៉ុស្តិ៍មនោរម្យអ៊ីនធឺណិត ផ្ទះខៀវ ដែលស្ថិតតាមបណ្ដោយផ្លូវលេខ១០៧ (ផ្លូវសុខហុក) សង្កាត់មនោរម្យ ខណ្ឌ៧មករា ដែលល្បីថាមានខ្សែក្រាស ខាងនៅពីក្រោយ និងមួយទីតាំងទៀត យីហោ Purple Net ស្ថិតនៅផ្ទះលេខ6E0 ផ្លូវលេខ១៦៤ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា។ ប្រភពបន្តថា ទីតាំងទាំងនោះបានបង់លុយជាប្រចាំខែឲ្យទៅសមត្ថកិច្ចនៅតាមមូលដ្ឋាន ថ្នាក់អធិការ និងថ្នាក់ក្រុងផងដែរ ទើបពួកគេអាចបានអង្គុយបើកលេងបានយ៉ាងស្រួលបែបនេះនោះ បើពុំនោះទេមិនអាចអ្នកណាបើកលេងបានស្រួលបែបនេះណាស់។
លោក អ៊ី សុខឡេង អភិបាលរងខណ្ឌ៧មករាដែលទទួលផែនមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ប៉ុន្តែកាលពីពេលកន្លងមក លោកបានប្រាប់កាសែតក្នុងស្រុកមួយថា ចំពោះទីតាំងអ៊ីនធឺណិតដែលកំពុងប្រកបអាជីវកម្មខាងលើនេះគឺមានច្បាប់ពីមន្ទីរប្រៃសណីយ៍ និងមន្ទីរវប្បធម៌ វិចិត្រសិល្បៈរាជធានីភ្នំពេញ ហើយការបើកឱ្យមានអាជីវកម្មនេះគឺតម្រូវឱ្យមានជាលក្ខណៈ ទី១-គឺការស្រាវជ្រាវទៅតាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់បង្កើនចំណេះដឹង ទី២-គឺហេ្គមកម្សាន្ត ទី៣-ហេ្គមបែបកុក្ដា។ លោកបន្ដទៀតថា ចំពោះការលួចលាក់បើកឱ្យមានលេងល្បែងស៊ីសងនោះគឺពុំត្រូវបានអនុញ្ញាតនោះទេ ហើយលោកក៏បានធ្វើការចុះណែនាំនិងឱ្យចុះកិច្ចសន្យាមិនឱ្យមានការបង្កប់លេង ល្បែងស៊ីសងនោះទេ បើពុំដូច្នោះទេ លោកនឹងធ្វើការបង្ក្រាបបើរកឃើញថាទីតាំងនោះមានបើកលេងល្បែងស៊ីសងខុសច្បាប់។
ចំពោះទីតាំងលួចលាក់បើកលេងល្បែងស៊ីសងតាមអ៊ីនធឺណិតខាងលើគឺ បានប្រើរូបភាព និងការលាក់បាំងពីអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ជាពិសេសយកលុយមកបិទបាំងតែម្ដង។ ប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរនឹងមានវិធានការទប់ស្កាត់ និងបង្ក្រាបទៅលើទីតាំងទាំងនេះជាមិនខាន៕
ឌួងវិរះជ័យ
0 Comments