ព្រៃវែង ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ លោកឧត្ដមសេនីយ៍ឯក ឈន សារ៉ាណេ នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងវិស្វកម្ម អគ្គមេបញ្ជាការ បានលើកឡើងថា វប្បធម៌នៃការគោរពគ្នាទៅវិញទៅមកក្នុងជួរកម្លាំងទ័ព គឺជាសេចក្ដីថ្លៃថ្នូរដ៏ល្អប្រសើរបំផុត។
លោកឧត្ដមសេនីយ៍ក៏បានណែនាំឱ្យបងៗជាកងកម្លាំងទាំងអស់ត្រូវបង្កើនការហ្វឹកហាត់ជាប្រចាំ ដើម្បីរក្សាកម្លាំងសម្រាប់ការពារទឹកដី រក្សាសន្តិសុខជូនសង្គមជាតិ និងប្រជាជន ជាងនេះទៅទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងជួរកងកម្លាំងប្រដាប់អាវុធ ហើយអ្វីដែលជៀសវាងដាច់ខាត់នោះ គឺស្នាដៃដែលខ្លួនខំកសាងបានយ៉ាងល្អ ដែលជាមោទនភាពដល់ខ្លួនហើយនោះ កុំយកទៅទូទាត់វិញនូវការប្រព្រឹត្តនូវរាល់សកម្មភាពអ្វីដែលផ្ទុយអំពីផ្លូវច្បាប់។
លោកបានសង្កត់ធ្ងន់ថា យ៉ាងណាមិញត្រូវតែប្រកាន់ភ្ជាប់នូវភាពអំណត់ឱ្យបានច្រើន ព្រោះភាពអំណត់នេះហើយ ជាកត្តាកំណត់ជ័យជំនះរបស់យើងទៅថ្ងៃអនាគត ហើយក៏ជាគំរូដ៏ល្អសម្រាប់អ្នកដទៃយកទៅអនុវត្តតាមក្នុងនាមជាអ្នកដឹកនាំ។ ជាងនេះទៅទៀត វប្បធម៌ នៃការច្រណែនគ្នា ក៏ត្រូវព្យាយាមកាត់បន្ថយនៅក្នុងផ្លូវចិត្តរបស់យើងរៀងៗខ្លួន ព្រោះថា ការច្រណែននេះ វាបានធ្វើឱ្យកើតមានភាពអុចអាលបង្កឱ្យមានបញ្ហាដល់អង្គភាព ក៏អាចឈានដល់សង្គមជាតិទាំងមូលផងដែរ។
ជាថ្មីម្ដងទៀតលោកបានក្រើនរំលឹកដល់កូនចៅមួយចំនួនដែលចេះតែចោទសួរខ្លួនឯងថា ហេតុអ្វីបានជាមេឈប់ប្រើខ្លួន បែរជាទៅប្រើអ្នកដទៃទៅវិញ ហើយគិតតែច្រណែននឹងអ្នកថ្មី ដែលមេប្រើនោះ មិនព្រមឆ្លុះបញ្ចាំងនូវកំហុសខ្លួនឯង ដែលមេដកសេចក្ដីទុកចិត្តឈប់ប្រើអំឡុងពេលនោះ (ពេលមេឈប់ប្រើ) យើងត្រូវចេះកែប្រែខ្លួនព្យាយាមបញ្ចេញសមត្ថភាពបន្ថែម (រៀនសូត្រវិជ្ជាជីវៈ ដើម្បីស្មើអ្នកថ្មី) ឬក៏ត្រូវបង្កើននូវភាពស្មោះត្រង់របស់ខ្លួនដើម្បីឱ្យមេកត់សម្គាល់ងាកមកជឿទុកចិត្ត ហើយប្រើយើងឡើងវិញ។
ជាមួយគ្នានេះ លោក ហាស់ សារ៉េត អភិបាលខេត្តព្រៃវែងក៏បានគាំទ្រចំពោះការលើកឡើងរបស់លោក ឈន សារ៉ាណេ ដែលបានណែនាំដល់កងកម្លាំងទាំងអស់ដោយលោកបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារកន្លងមករបស់តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។
នាឱកាសនោះដែរ លោក ឈន សារ៉ាណេ និងលោក ហាស់ សារ៉េត បាននាំយកអំណោយមួយចំនួនជូនតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង រួមមាន ៖ ប្រេងឆា០១កេស ឆៃប៉ូវ២០គីឡូ ខ្ទឹម ២០គីឡូ ស្ករស១០គីឡូ ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ មី១០កេស ទឹកសុទ្ធ២០កេស សារុង១០០ និងអង្ករ០១តោន៕
រ៉ាវុទ្ធ
0 Comments