Ad Code

អាង​មាន​ខ្សែ​អ្នកធំ​ ចាក់​ដី​លប់​ផ្នូរ​ដូនតា​របស់​ប្រជាពលរដ្ឋ​យក​ដី​


ព្រៃវែង ៖ ផ្នូរ​របស់​ដូនតា​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​មាន​ម្ចាស់​ឈ្មោះ​ គីម ​ស្រី​ពៅ​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ៥ ​ឃុំ​ព្រែក​ខ្សាយ​(​ខ​)​ ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង ​ត្រូវ​បាន​ម្ចាស់​ដី​ដែល​មាន​ក្បាល​ដី​និង​កន្ទុយ​ដី​ជាប់​គ្នា​ជួល​ឡាន​ដឹក​ដី​ចាក់​លុប​ពីលើ​ផ្នូរ​ជីដូន​ជីតា​គួរ​ឲ្យ​ហួសចិត្ត​។​ ករណី​ដែល​មាន​ការ​ចាក់ដី​លើ​ផ្នូរ​រំលោភ​យក​ដី​ខាង​លើ​នេះ​គឺ​បាន​កើតឡើង​កាល​ពី​ថ្ងៃទី៩ ​ខែកុម្ភៈ ​ឆ្នាំ​២០១៥ ​នៅ​ត្រង់ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​ភូមិ​ព្រែ​ករាំង ឃុំ​ប្រ​លិច​ប្រាសាទ ​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង​។​ អ្នកស្រី ​គីម​ ស្រី​ពៅ​ដែល​ជា​ម្ចាស់​ផ្នូរ​បាន​រៀបរាប់​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​ឲ្យ​ដឹង​ថា​ដី​មួយកន្លែង​ដែល​មាន​ទីតាំង​ខាងលើ​គឺជា​ដី​របស់​ជីដូន​ជីតា​របស់​គាត់​បាន​កាន់កាប់​ជា​យូរយារ​ណាស់​មក​ហើយ ​សព​របស់​បងប្អូន​ជីដូន​ជីតា​របស់​គាត់​គឺ​បាន​បញ្ចុះ​នៅ​ទីនោះ​ទាំងអស់​ សរុប​មាន​ចំនួន​៩ផ្នូរ​ ហើយ​គាត់​តែងតែ​គោរព​និង​បុណ្យ​ជា​រាងរាល់​ឆ្នាំ ​និង​មាន​របង​ព័ទ្ធជុំវិញ​ ដែល​មាន​ប្រវែង​៨​ម៉ែត្រ​គុណ៨ម៉ែត្រ ​ស្រាប់តែ​នៅ​ថ្ងៃ​កើត​ហេតុ​ខាងលើ​​ភាគី​ខាង​ម្ចាស់​ដី​ឈ្មោះ​ ស្តើង ខន​បាន​ឲ្យ​ឡាន​ដឹក​ដី​ចាក់​ពីលើ​ផ្នូរ​របស់​បងប្អូនជីដូន​ជីតា​របស់​គាត់ ក្រោយមក​រូប​គាត់​បាន​ទៅ​ឃាត់​មិន​ឲ្យ​ចាក់​បន្ត​ទៀត​ តែ​ត្រូវ​បងប្អូន​របស់​ម្ចាស់​ដី​គំរាមកំហែង​ដោយ​អាង​បងប្អូន​ធ្វើ​អ្នកធំ​ ដែល​រូប​គាត់​និង​បង​ប្អូន​​បាន​នាំ​គ្នា​មក​ឃាត់​ម្តង​ទៀត ​ទើប​គេ​ផ្អាក​កា​ចាក់​ដី ​តែ​ត្រូវ​បាន​បុគ្គល​ខាងលើ​ចាក់​លុប​អស់​ចំនួន​៤​ផ្នូរ​ទៅ​ហើយ។ ​អ្វី​ដែល​គាត់​គួរ​ឲ្យ​ហួសចិត្ត​នោះ​ ម្ចាស់​ដី​ដែល​មាន​ឈ្មោះ ​ស្តើង​ ខន​នោះ ​អាង​អំណាច​មាន​ខ្សែ​អ្នកធំ​ បាន​បំពាន​ច្បាប់​ចាក់​ដី​លុប​ផ្នូរ​របស់​ដូនតា​របស់​គេ​ដែល​មាន​តាំងពី​យូរយារ​ណាស់​មក​ហើយ​។​ ក្រោយពី​មាន​ជម្លោះ​ខាងលើ​រូប​គាត់​បាន​ប្ដឹង​ទៅ​សាលា​ស្រុក​ពាម​រក៍ ​បន្ទាប់មក​សាលាស្រុក​បាន​ហៅ​ភាគី​ទាំង​សង្ខាង​មក​សម្របសម្រួល​គ្នា​នៅ​ថ្ងៃទី១០ ​ខែកុម្ភៈ ​ឆ្នាំ២០១៥​។​

មុន​នឹង​ធ្វើ​ការ​សម្របសម្រួល​នោះ​ដែរ​ អ្នក​យក​ព័ត៌មាន​យើង​បាន​សួរ​ទៅ​លោក ​ជុំ​ សាមឿន​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ពាមរ​ក៍​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ​ តែ​លោក​ប្រាប់​ថា​ មិន​មាន​ការ​សម្របសម្រួល​អី​ទេ ពី​ព្រោះ​រូប​គាត់​មិន​ទាន់​បាន​ទទួល​ពាក្យបណ្ដឹង​នោះ​ទេ​ តែ​រហូតដល់​ម៉ោង​ប្រហែលជា​ម៉ោង​២​រសៀល ​ស្រាប់តែ​លិច​មុខ​ឯកឧត្តម​ម្នាក់​ដែល​គេ​ស្គាល់​ថា​ធ្វើការ​នៅ​ក្រសួង​ទេសចរណ៍​ដែល​ត្រូវជា​កូន​របស់​ឈ្មោះ​ ស្តើង ​ខន​ ចេញ​មុខ​មក​ដោះស្រាយ ​និង​សម្របសម្រួល​ហើយ​នៅក្នុង​ការ​សម្របសម្រួល​នោះ​ផង​ដែរ​ ប្រភព​បាន​ឲ្យ​ដឹង​ថា​ ឯកឧត្តម​រូប​នោះ​បាន​ប្រើ​ភាសា​មិន​សមរម្យ​ជាច្រើន​ដូចជា​ និយាយ​សួររក​សំបុត្រ​កម្មសិទ្ធិ​កាន់កាប់​ដី​ផ្នូរ ​និង​និយាយ​ថា​ដី​នៅ​ស្រុក​ពាម​រក៍​គឺ​សុទ្ធ​តែ​ជា​ដី​របស់​គាត់​ទាំងអស់​ជាដើម​។ ​មានការ​ជជែក​គ្នា​អស់​រយៈពេល​យ៉ាង​យូរ ​ភាគ​គី​ខាង​ម្ចាស់​ផ្នូរ​បាន​យល់​ព្រម​ទទួលយក​ការ​សម្របសម្រួល​ដោយ​មិន​ចង់​មានរឿង​វែងឆ្ងាយ​ពីព្រោះ​គេ​មានអំណាច​ជា​ឯកឧត្តម៕

វិចិត្រ​

Post a Comment

0 Comments

Close Menu