ភ្នំពេញ ៖ មេឈ្មួញរកស៊ីដឹកជញ្ជូនត្រីផ្តាច់មុខពីបណ្ដាខេត្តចូលមកក្រុងភ្នំពេញមានឈ្មោះ តូម និងឈ្មោះ ហ៊ុន បានដើរយកឈ្មោះរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទម្នាក់ ដើរកាងក្នុងការដឹកជញ្ជូនត្រីចូលមកក្រុងភ្នំពេញ គ្រាដែលមេរដ្ឋបាលជលផលឡើងមកថ្មីជំនួស លោក ណៅ ធួក បានហាមឃាត់ការចរាចរណ៍ដឹកជញ្ជូនត្រីខុសច្បាប់គ្រប់ប្រភេទ។
សូមរំលឹកថា កាលពីពេលថ្មីនេះរដ្ឋបាលជលផលបានប្រកាសបញ្ឈប់លែងឲ្យមានការដឹកជញ្ជូនខុសច្បាប់ ចិញ្ចឹមខុសច្បាប់ និងច្បាប់ដឹកជញ្ជូនផលត្រីក្នុងស្រុក ដែលចេញអ្នកដឹកនាំមុន ត្រូវអនុវត្តតាមច្បាប់។ ការហាមឃាត់ការដឹកជញ្ជូននិងចិញ្ចឹមត្រីឆ្ដោ បានធ្វើឡើងកាលពីទី២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅពេលប៉ុន្មានថ្ងៃ បន្ទាប់ពីលោក អេង ជាសាន បានឡើងជាប្រធានរដ្ឋបាលជលផល ជំនួសលោក ណៅ ធួក ដែលបានចាកចេញទៅកាន់កន្លែងផ្សេងរួចមក។
ក្រោយពីមានសេចក្តីប្រកាសហាមរួចមក អ្នករកស៊ីដឹកជញ្ជូន និងបែងចែកផលត្រីនៅក្នុងស្រុកជាច្រើននាក់ បានផ្អាកសកម្មភាពរបស់ខ្លួនក្នុងការដឹកជញ្ជូនត្រីឆ្ដោរពីតាមបណ្ដាខេត្តនានាចូលមកក្រុងភ្នំពេញ ដោយខ្លាចពីការបង្ក្រាប។ ប៉ុន្តែបើទោះបីជាឈ្មួញមួយចំនួនធំអនុវត្តតាមការសម្រេចរបស់រដ្ឋបាលជលផលមិនដឹកជញ្ជូនក៏ដោយ ក៏នៅមានឈ្មួញជើងខ្លាំងពីរនាក់ដែលគេស្គាល់ឈ្មោះ តូម និងឈ្មោះ ហ៊ុន ជាមនុស្សខ្លាំងកាលពីសម័យ លោក ណៅ ធួក នៅតែបន្តដឹកជញ្ជូនត្រីឆ្ដោរផ្ដាច់មុខចូលមករាជធានីភ្នំពេញដាក់ក្នុងយឿព្រែកព្នៅ ប្រាំងចំរះ និងតំបន់មួយចំនួនទៀត យ៉ាងគគ្រឹកគគ្រេង ដោយគ្មានខ្លាចក្រែងលោក អេង ជាសាន ប្រធានរដ្ឋបាលជលផលថ្មីឡើយ។ មិនតែប៉ុណ្ណោះ ពួកគេបានយកឈ្មោះលោក យុទ្ធ ផូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមកប្រើទៀតផង។ ដោយពួកគេអះអាងថា ត្រីដែលដឹកនោះជាត្រីដែលបានចិញ្ចឹមនៅស្ថានីយអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប។
ឈ្មោះ តូម និងឈ្មោះ ហ៊ុនដែលកន្លងមកមានសិទ្ធដឹកជញ្ជូនត្រីឆ្ដោរផ្ដាច់មុខចូលមករាជធានីភ្នំពេញ ដោយសង្ស័យថាបានឃុបឃិតជាមួយថ្នាក់ដឹកនាំអធិការដ្ឋានជលផលចតុមុខតែម្តង។ ព្រោះថាបើមិនមានការឃុបឃិតគ្នាទេ ឈ្មួញទាំងនោះមិនអាចដឹកជញ្ជូនត្រីចូលក្រុងបានឡើយ ព្រោះថាក្រុមមន្ត្រីអធិការដ្ឋានជលផលចតុមុខបានដាក់ពង្រាយតាមផ្លូវ និងដេកចាំនៅតាមមណ្ឌលបែងចែកផលនេសាទនានាគ្រប់កន្លែង បើឃើញនិងបង្ក្រាបភ្លាម។ ជុំវិញបញ្ហានេះគេចាំមើលថា តើរដ្ឋបាលជលផលលោក អេង ជាសាន បានឡើងជាប្រធានរដ្ឋបាលជលផល ជំនួសលោក ណៅ ធួក មានវិធានការបែបណាចំពោះឈ្មួញទាំងពីរនាក់នេះដែលហ៊ានយកឈ្មោះថ្នាក់ដឹកនាំមកប្រើដើម្បីកាងផលប្រយោជន៍របស់ខ្លួន។ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់របស់ក្រុមអ្នកជំនួញត្រីឆ្ដោរ ដែលប្រជាជនចិញ្ចឹមបាននៅក្នុងស្រុកនេះ លោក សុង ហុង នាយអធិការនៃអធិការដ្ឋានជលផលចតុមុខមិនអាចសុំការបំភ្លឺបានទេ។ ចំណែក លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលដែលទើបនឹងឡើងជំនួសលោក ណៅ ធួក កន្លងមកធ្លាប់បានពន្យល់ប្រាប់អ្នកយកព័ត៌មានថា ពេលនេះត្រូវតែធ្វើតាមច្បាប់មិនអាចលើកលែងតទៅទៀតបានទេ។
យោងតាមអ្នកជំនាញជលផលបានឲ្យដឹងថា ជាការពិត ត្រីរ៉ស់ ត្រីឆ្ដោរ ត្រូវបានច្បាប់ ដែលចេញដោយរដ្ឋបាលជលផល និងក្រសួងកសិកម្មហាមឃាត់មិនឲ្យចិញ្ចឹមនិងដឹកជញ្ជូនជិត១០ឆ្នាំមកហើយ ដោយសារត្រីទាំងនេះស៊ីកូនត្រីជាចំណី។ ប៉ុន្តែកាលពីសម័យលោក ណៅ ធួក ជាមេរដ្ឋបាលជលផលមិនបានយកច្បាប់ដែលមាន ហើយមកអនុវត្តធ្វើឲ្យឈ្មួញដែលរកស៊ីចិញ្ចឹមត្រីឆ្ដោរនៅតាមបណ្ដាខេត្តនានាដងកូនត្រីពីទន្លេរាប់រយតោនយកឲ្យកូនត្រីឆ្ដោរស៊ីជាអាហារ។
ឌួងវិរះជ័យ
0 Comments