ភ្នំពេញ ៖ កុមារីវ័យ៧ឆ្នាំម្នាក់ ត្រូវបានលង់ទឹកក្នុងស្រះដែលគេជីកយកអាចម៍ដីលក់មានជម្រៅប្រមាណ៦ម៉ែត្រ ខណៈពេលឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះមិននៅផ្ទះជាប់រវល់ទៅធ្វើការរោងចក្រទាំងអស់គ្នា ដោយទុកកូនឲ្យជីដូនរបស់គេនៅមើលថែ តែដោយសារមានការធ្វេសប្រហែសបន្តិចធ្វើឲ្យក្មេងស្រីរងគ្រោះលង់ទឹកស្លាប់គួរឲ្យសោកស្ដាយបំផុត។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រលប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចស្រះទឹកដែលគេជីកយកអាចម៍ដីលក់ នៅជាប់ខាងត្បូងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សេនជ័យ។ ក្មេងស្រីរងគ្រោះមានឈ្មោះ ឆាន ឆយី អាយុ៧ឆ្នាំ ដែលមានឪពុកឈ្មោះ ឆាន ឡូត អាយុ៤៧ឆ្នាំ និងម្ដាយឈ្មោះ សេង ប៊ុនណេ អាយុ៣៥ឆ្នាំ មានមុខរបរជាកម្មកររោងចក្រទាំងអស់គ្នា មានទីលំនៅក្នុងភូមិកើតហេតុ។
តាមស្ដ្រីជាជីដូនរបស់ក្មេងស្រីរងគ្រោះបាននិយាយថា មុនពេលកើតហេតុគាត់បានដើរទៅក្នុងភូមិរកចៅ ពេលបានជួបចៅហើយ គាត់បានដេញឲ្យចៅត្រឡប់ទៅផ្ទះមុន ដោយគាត់មិនទាន់បានមកជាមួយចៅភ្លាមៗទេ ឆ្លៀតពេលដែលជីដូនមិនទាន់មកដល់ផ្ទះក្មេងស្រីរងគ្រោះបានបង្ហួសដំណើរទៅងូតទឹកស្រះនៅខាងត្បូងភូមិលេង ពេលចុះងូតនោះបានរអិលជើងធ្លាក់ចូលទៅទីកន្លែងជ្រៅបណ្ដាលឲ្យលង់ទឹកស្លាប់នៅទីនោះតែម្ដង។
ប្រភពបន្តថា ក្រោយពីបាត់ចៅមិនឃើញនៅផ្ទះគាត់បានដើរតាមទៅរកចៅទៀត តែត្រូវបានក្មេងដែលបានឃើញចៅរបស់គាត់លង់ទឹកបានប្រាប់គាត់ថាមុននេះបន្តិចគេបានឃើញក្មេងស្រីរងគ្រោះចុះងូតទឹកស្រះនេះ។ ពេលទទួលបានដំណឹងបែបនេះភ្លាមគេបាននាំគ្នាចុះរាវរក ក៏ប្រទះឃើញសពក្មេងស្រីរងគ្រោះស្លាប់នៅក្នុងស្រះទឹកនោះមែន។
នៅពេលមានករណីក្មេងៗលង់ទឹកស្លាប់បែបនេះទើបមានការរិះគន់ថា គេមិនគួរអនុញ្ញាតឲ្យក្រុមឈ្មួញរកស៊ីជីកយកដីលក់នៅក្បែរៗភូមិបែបនេះទេ ហើយថែមទាំងមានជម្រៅជ្រៅទៀតផង គឺវាអាចនឹងងាយរងគ្រោះដល់មនុស្ស និងសត្វពាហនៈផ្សេងៗណាស់៕
វិទូ
0 Comments