ភ្នំពេញ ៖ ក្រុមមន្ត្រីថ្នាក់ដឹកនាំសំខាន់របស់សាលាខណ្ឌសែនសុខបានធ្វើពិធីបើកវេទិកាបញ្ចេញមតិសាធារណៈ និងចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនោះ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងសង្កាត់ភ្នំពេញថ្មី។
ប្រជាពលរដ្ឋភាគច្រើនបានសម្ដែងការរីករាយក្នុងការចូលរួមក្នុងពិធីនោះ ហើយបានប្ដូរគំនិតពីការភ័យខ្លាចមកក្លាហានឡើងបញ្ចេញមតិសួរនាំនូវអ្វីដែលពួកគាត់ឆ្ងល់ ចង់ដឹង និងហ៊ានឡើងនិយាយរិះគន់ដល់កិច្ចការអសកម្ម និងគ្មានតម្លាភាពរបស់សមត្ថកិច្ចមូលដ្ឋាន។ ការហ៊ានឡើងបញ្ចេញមតិបែបនេះគឺដោយសារតែមានការជំរុញលើកទឹកចិត្តពីសំណាក់គណៈអធិបតី មានលោក ម៉ម ប៊ុនហេង ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខណ្ឌសែនសុខ និងលោក លី សាវេត អភិបាលខណ្ឌសែនសុខ។
ប្រជាពលរដ្ឋមួយចំនួនលើកឡើងពីបញ្ហាដីធ្លី និងមួយចំនួនទៀតលើកឡើងពីបញ្ហាអសន្តិសុខ បញ្ហាក្មេងទំនើងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ពួកគាត់។ គ្រប់ចម្ងល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ត្រូវបានលោក លី សាវេត ឡើងបកស្រាយពន្យល់ និងសន្យាដោះស្រាយជូននូវបញ្ហាចាំបាច់របស់ប្រជាជនដែលបានឡើងបញ្ចេញមតិ។
ក្រោយការសំណេះសំណាល លោកអភិបាលខណ្ឌបានចាត់ចែងចែកអត្តសញ្ញាណប័ណ្ណជាតិខ្មែរប្រគល់ជនប្រជាពលរដ្ឋប្រមាណជាង២០០នាក់ដែលបានចូលរួមក្នុងពិធីនោះតាមគម្រោងការ ដោយពុំមានការបង់ប្រាក់ឡើយ៕
សឿន
0 Comments