ភ្នំពេញ ៖ ប្រជាពលរដ្ឋច្រើនគ្រួសាររស់នៅស្របតាមផ្លូវរថភ្លើង ក្បែរផ្ទះលោកចៅសង្កាត់គីឡូម៉ែត្រលេខ៦ ស្ថិតនៅក្នុងភូមិស្ពានខ្ពស់ ខណ្ឌឫស្សីកែវ គ្រោងដាក់ពាក្យបណ្ដឹងទៅអភិបាលខណ្ឌឫស្សីកែវ ប្ដឹងក្រុមឈ្មួញចាក់ដីលុបស្រះសង់ផ្ទះល្វែងលក់មិនធ្វើប្រព័ន្ធលូបង្ហូរទឹកស្អុយ ខណៈពេលពួកគាត់កំពុងជួបការលំបាកដោយសារស្ទះលូបង្គន់។ មិនតែប៉ុណ្ណោះការសាងសង់ធ្លាក់ដុំថ្មលើដំបូលផ្ទះរាល់ថ្ងៃ។
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសំណងផ្ទះល្វែងបានសម្ដែងការខឹងសម្បាយ៉ាងខ្លាំង ខណៈដែលលូបង្គន់របស់ពួកគាត់នៅតាមផ្ទះនីមួយៗស្ទះ គ្មានកន្លែងបង្ហូរ ដោយសារតែក្រុមហ៊ុនមួយចាក់ដីលុបស្រះដែលជាអាងស្តុកទឹក និងសាងសង់សំណង់ផ្ទះល្វែងលក់ដោយមិនបានធ្វើប្រព័ន្ធលូបង្ហូរទឹកស្អុយចេញ។
ប្រជាពលរដ្ឋបានលើកឡើងថា ក្រុមហ៊ុននោះបានចាក់ដីលុបស្រះសាងសង់ផ្ទះល្វែងលក់គិតមកដល់ពេលនេះមានរយៈពេលជាង១ខែមកហើយ ហើយកន្លងមកពេលចាក់ដីលុបស្រះ និងបុកគ្រឹះ ត្រូវបានប្រជាពលរដ្ឋនៅជុំវិញនោះប្ដឹងទៅអភិបាលខណ្ឌម្តងរួចមកហើយ ដោយសារក្រុមហ៊ុននោះបុកគ្រឹះញ័ររញ្ជួយមិនគិតគួរពីផលប៉ះពាល់ ធ្វើឲ្យផ្ទះរបស់ពួកគាត់ប្រះស្រាំ ហើយអាជ្ញាធរបានចុះមកឃាត់ឲ្យម្ចាស់សំណងដោះស្រាយជាមួយប្រជាពលរដ្ឋដែលប៉ះពាល់។ តាំងពីនោះមកការកសាងមកការដ្ឋាននោះសាងសង់គ្មានគិតគូរពីពេលសម្រាកដេកពួនរបស់ប្រជាពលរដ្ឋនៅក្បែរនោះឡើយ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមមន្ត្រីអ្នកច្បាប់ខ្លះលើកឡើងថា រាល់ការអនុញាតិច្បាប់ឲ្យគេសាងសង់សំណង់អ្វីមួយ ដែលនៅជាប់និងផ្ទះប្រជាពលរដ្ឋ អាជ្ញាធរ ក៏ដូចជា មន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ខណ្ឌ/ក្រុងតែងតែបញ្ជាក់ឲ្យម្ចាស់សំណង់ទាំងនោះគិតគូរពីផលប៉ះពាល់អ្នកនៅក្បែរខាង ពិសេសមុនសាងសង់ ឫសាងសង់រួច ត្រូវធ្វើប្រព័ន្ធលូបង្ហូរទឹកស្អុយចេញពីតំបន់។
ប៉ុន្តែករណីនេះមិនដឹងយ៉ាងម៉េចទេ បានម្ចាស់សំណង ក៏ដូចជាអាជ្ញាធរមិនគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋនោះ។ ពួកគាត់បន្តថា ប្រសិនបើអាជ្ញាធរថ្នាក់ក្រោមមិនរកដំណោះស្រាយឲ្យពួកគាត់ទេ ពួកគាតនឹងដាក់ពាក្យបណ្ដឹងប្ដឹងទៅលោកអភិបាលខណ្ឌឫស្សីកែវសុំកិច្ចអន្តរាគមន៍ចំពោះរឿងនេះ។
ប្រជាពលរដ្ឋបន្ថែមថា ចាប់តាំងពីចាក់ដីលុបស្រះ អាជ្ញាធរដែនសង្កាត់ដែលជាឪពុកម្ដាយរបស់ប្រជាពលរដ្ឋមិនដែលលេចមុខមកអើតមើលពីផលប៉ះពាល់ពីការចាក់ដីលុបស្រះសាងសង់ផ្ទះល្វែងនោះទេ ពិសេសនោះគឺលោកចៅសង្កាត់គីឡូម៉ែត្រ៦តែម្តង។ បើទោះបីជាផ្ទះលោក នៅជាប់នោះក៏ដោយគឺលោកមិនដែលគិតគួរពីសុខទុកប្រជាពលរដ្ឋអ្វីឡើយ មានតែដើរលាបពណ៌ដាក់ពលរដ្ឋរបស់ខ្លួនថាអ្នកនេះអ្នកនោះទៅវិញ។
ពួកគាត់គ្មានចេតនារារាំងក្រុមហ៊ុន ឫអាជ្ញាធរមិនឲ្យអភិវឌ្ឍន៍នោះទេ ប៉ុន្តែការសាងសង់ដើម្បីផលចំណេញរបស់ខ្លួន ក៏គួរតែគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្បែរខាងផង។ ពលរដ្ឋជាច្រើនគ្រួសារកំពុងស្ទះលូបង្ហូរទឹកស្អុយ មិនដឹងថាត្រូវបង្ហូរទៅទីណា ព្រោះស្រះដែលពួកគាត់ធ្លាប់បង្ហូរកន្លងមកត្រូវបានគេចាក់ដីលុបសាងសង់ផ្ទះអស់ទៅហើយ។
ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា លោកអភិបាលខណ្ឌឫស្សីកែង និងគិតគូរដល់ពួកគាត់ដែលកំពុងជួបការលំបាកពីបញ្ហាការបង្ហូរទឹកនេះជាក់ជាមិនខាន។ បើរំពឹងថ្នាក់ក្រោមសង្កាត់អស់លោកទាំងនោះមិនដែលអើតក្បាល និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទេ៕
ឌួងវិរះជ័យ
0 Comments