Ad Code

នៅពេល​ដាក់​ឲ្យ​អនុវត្តន៍​ច្បាប់​ទាំង​៣​លើ​វិស័យ​តុលាការ​នឹង​មាន​បញ្ហា​ប្រឈម​ជាច្រើន​


ភ្នំពេញ ៖ គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ (​គណៈកម្មការ​ទី​៦) នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោក ប៉ែន បញ្ញា ជា​ប្រធាន​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ បាន​ដឹកនាំ​គណៈប្រតិភូ​របស់​ខ្លួន ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នៅ​ទីស្ដីការ​ក្រសួងយុត្តិធម៌។​

ការ​ជួប​ពិភាក្សា​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​ការងារ​របស់​ក្រសួងយុត្តិធម៌​ដែល​បាន​ធ្វើ​កន្លងមក រួម​ទាំង​ផែនការ​យុទ្ធសាស្ត្រ​បន្ត​ទៅមុខ​របស់​ក្រសួងយុត្តិធម៌ និង​ពិភាក្សា​ទៅលើ​បញ្ហា​សំខាន់​មួយ​ចំនួន ហើយ​បើ​តាម​លោក ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​ពិភាក្សា​នា​ព្រឹក​នោះ​ថា នៅក្នុង​ជំនួប​នោះ​បាន​លើកឡើង​ពី​បញ្ហា​ជាច្រើន​ដូចជា បញ្ហា​ច្បាប់​ទាំង​៣ បញ្ហា​បង្កើត​សាលាឧទ្ធរណ៍​តំបន់ បញ្ហា​ប្រជាពលរដ្ឋ​ភ័យខ្លាច​នៅពេល​កោះហៅ​ឡើង​តុលាការ បញ្ហា​សង្គម​ស៊ីវិល​រិះ​គន់​លើ​ច្បាប់​ទាំង​៣ បញ្ហា​ពលរដ្ឋ​ដឹង​កក់​ដែល​ត្រូវ​ចាប់ខ្លួន បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត។​

ទាក់ទង​បញ្ហា​ការបង្កើត​ច្បាប់​ទាំង​៣​នោះ លោក ជិន ម៉ា​លីន បាន​លើក​ឡើង​ថា នឹង​ធ្វើ​ឲ្យ​ការ​ដោះស្រាយ​បញ្ហា​ឲ្យ​ចំ​ជំនាញ​នីមួយៗ ដោយ​មិន​មាន​ការ​ដោះស្រាយ​របៀប​ច្របូកច្របល់​ទៀត​នោះ​ទេ ហើយ​ច្បាប់​ទាំង​បី​នេះ នឹង​នាំ​ឲ្យ​មានការ​បង្កើត​សាលាឧទ្ធរណ៍​តំបន់ ហើយ​សាលាឧទ្ធរណ៍​តំបន់​នេះ ត្រូវ​បង្កើត​ចំនួន​៧ តែ​ជំហាន​ដំបូង គឺ​បង្កើត​៣​សិន ដែល​មាននៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តបាត់ដំបង និង​ខេត្ត​ព្រះសីហនុ ហើយ​ការបង្កើត​សាលាឧទ្ធរណ៍​តំបន់​បន្ថែម​នេះ វា​នឹង​ជួយ​សម្រួល​ដល់​ការ​កកស្ទះ និង​មិន​ពិបាក​ឲ្យ​ប្រ​ប្រជាពលរដ្ឋ​ឡើង​មក​ភ្នំពេញ។ លោក​បន្ត​ថា នៅពេល​ដាក់​ឲ្យ​អនុវត្តន៍​ច្បាប់​ទាំង​៣​នេះ ក្រសួង​យុត្តិធម៌​នឹង​មាន​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​ ធនធានមនុស្ស និង​ហិរញ្ញវត្ថុ​ជាដើម។​

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​ច្បាប់​ទាំង​៣ គឺ​កំពុង​រៀបចំ​ច្បាប់​លក្ខន្តិកៈ​ក្រឡាបញ្ជី អាជ្ញាសាលា និង​សាការី​ជាដើម។ ចំណែក​ច្បាប់​មួយទៀត ដែល​ទើប​ព្រមព្រៀងគ្នា​ថ្មីៗ​នេះ បន្ទាប់ពី​មានការ​ពិភាក្សា​រវាង​គណបក្ស​ទាំងពីរ​នៅក្នុង​រដ្ឋសភា គឺ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​តម្លៃ​ការ​ជួល​ផ្ទះ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ចំណូល​ទាប ដូចជា​ កម្មករ​រោងចក្រ អ្នក​ក្រីក្រ ឬ​មន្ត្រីរាជការ​ក្រីក្រ​ជាដើម​មិន​ឲ្យ​មាន​ការ​ឡើង​តម្លៃ​ស្រេច​តែ​ចិត្ត​នោះ​ទេ ហើយ​លោក ប៉ែន បញ្ញា បាន​បញ្ជាក់​ហើយ​ថា​នឹង​រៀបចំ​ឲ្យ​ចេញ​ជា​សេ​ក្តី​ព្រាង​ច្បាប់​ ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​យ៉ាងណា​ធ្វើ​ឲ្យ​សេចក្តី​ព្រាងច្បាប់​នេះ បាន​ចូល​រួមការ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទាំងសងខាង។​

ចំពោះ​បញ្ហា​មួយទៀត គឺ​ទស្សនៈ​របស់​ប្រជាពលរដ្ឋ​ចំពោះ​តុលាការ ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ ហើយ​លោក​បាន​បញ្ជាក់​ថា នៅពេល​ប្រជាពលរដ្ឋ​ត្រូវ​បាន​កោះហៅ​ទៅ​សាកសួរ គឺ​ពួកគាត់​មាន​ការ​ភ័យខ្លាច ប៉ុន្តែ​តាមពិត​នៅ​ពេល​នោះ មិនទាន់​ត្រូវ​បាន​កំណត់​ថា មានទោស​នោះ​ទេ ហើយ​បញ្ហា​នេះ ក្រសួង​ក៏បាន​បង្កើត​កន្លែង​ប្រឹក្សា​ផ្នែក​ច្បាប់​នៅ​តាម​ស្រុក/ខណ្ឌ​ចំនួន​៤០​ទូទាំង​ប្រទេស ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់​ច្បាស់​ពី​តួនាទី និង​អ្វី​ដែល​គាត់​ត្រូវធ្វើ​ដើម្បី​កុំ​ឲ្យ​មានការ​ភ័យខ្លាច។ ដោយឡែក​បញ្ហា​ប្រាក់ខែ ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ។ លោក​បញ្ជាក់​ថា ប្រាក់ខែ​បាន​កើនឡើង​ហើយ តែ​មិន​ទាន់​ឆ្លើយតប​ទៅ​និង​សេចក្តី​ត្រូវការ​របស់​មន្ត្រី​តុលាការ និង​ចៅក្រម​នោះ​ទេ។ ជាមួយគ្នា​នោះ ក៏បាន​គិតគូរ​ពី​ប្រាក់ឧបត្ថម្ភ និង​បញ្ហា​ផ្ទះ​ស្នាក់នៅ​ផង​ដែរ ដោយហេតុថា ចៅក្រម​ត្រូវ​បាន​ប្ដូរ​ពី​ខេត្ត​មួយ ទៅ​កាន់​ខេត្ត​មួយទៀត ដូច្នេះ​ត្រូវ​គិត​ឲ្យ​បាន​ដិតដល់​លើ​បញ្ហា​នេះ។​

លោក​បាន​បន្ត​ថា នៅក្នុង​កិច្ចពិភាក្សា​នោះ ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ដែល​សង្គម​ស៊ីវិល​រិះ​គន់​លើ​ច្បាប់​ទាំង​៣​ដែរ ប៉ុន្តែ​តាមពិត​ការ​រិះ​គន់​នោះ​ជា​ការ​យល់​ច្រឡំ ពីព្រោះ​ការងារ​ដែល​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាច​សម្រេច​បាន​នោះ គឺ​មានតែ​ផ្នែក​រដ្ឋបាល​បែបបទ​ការងារ​រដ្ឋបាល និង​ហិរញ្ញវត្ថុ​តែប៉ុណ្ណោះ ចំណែក​ការ​សម្រេច​ក្តី ការអនុវត្ត​រឿង​ក្តី គឺជា​សិទ្ធិ​របស់​តុលាការ ហើយ​រដ្ឋមន្ត្រី​មិនអាច​លូកដៃ​ចូល​ទៅ​សម្រេច​កិច្ច​ការ​ជំនួស​តុលាការ​បានទេ។ លោក​បញ្ជាក់​ថា កាលពី​ថ្មីៗ​នេះ ក្រសួង​បាន​ធ្វើ​សិក្ខាសាលា​មួយ ដោយមាន​កាត​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ ហើយ​ក្រោយ​ការរៀបចំ​សិក្ខាសាលា​នោះ ខាង​សង្គម​ស៊ីវិល​បាន​បន្ថយ​ការ​រិះ​គន់ ដោយសារ​ពួកគាត់​បាន​យល់។​

ទាក់ទង​បញ្ហា​សកម្មជន​ដីធ្លី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​នោះ តាមរយៈ​លោក ជិន ម៉ា​លីន លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​លើក​ឡើង​ថា ការដែល​ចាប់ខ្លួន ឬក៏​ឃុំខ្លួន​សកម្មជន​ដីធ្លី មិនមែន​ជា​ការរំលោភ​ទៅលើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ឬក៏​រំលោភ​ទៅលើ​ច្បាប់​បាតុកម្ម​ទេ ក៏ប៉ុន្តែ​វា​ជា​ការ​អនុវត្ត​នីតិវិធី​ព្រហ្មទណ្ឌ ពីព្រោះ​ដោយសារតែ​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​តែបើ​ពួកគេ​គ្រាន់តែ​ធ្វើបាតុកម្ម ការ​បញ្ចេញមតិ ទៅតាម​គោលការណ៍​ច្បាប់​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី វា​មិន​មាន​បញ្ហា​អ្វី​ទេ ក៏​ប៉ុន្តែ​ពួកគេ​បាន​ប្រព្រឹត្ត​នូវ​បទល្មើស​ព្រហ្មទណ្ឌ ដែល​បាន​រំលោភ​ទៅ​នឹង​ច្បាប់ព្រហ្មទណ្ឌ គឺ​ពួកគេ​បាន​ទៅ​បិទផ្លូវ​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ចរាចរណ៍ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាធារណៈ ហើយ​ការ​ឃុំ​ខ្លួន​នេះ គឺ​ដំណើរការ​នីតិវិធី​គឺ​មិនមែន​សំអាង​ទៅលើ​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី​ទេ ក៏ប៉ុន្តែ​គឺជា​ការ​រំលោភ​ទៅលើ​ច្បាប់ព្រហ្មទណ្ឌ​ដែល​មាន​ជា​ធរមាន ហើយ​គឺជា​ការអនុវត្ត​នីតិវិធី​ព្រហ្មទណ្ឌ​សុទ្ធ​សាធ មិនមែន​ជា​ការ​រឹត​ត្បិត​សេរីភាព​នៃ​ការ​បញ្ចេញមតិ ឬ​ក៏​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើបាតុកម្ម​ទេ។​

លោក​បាន​បន្ត​ថា ទាក់ទង​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កំពុងតែ​ស្ថិត​នៅ​ក្នុង​ដំណើរការ​នីតិវិធី ហើយ​ការសម្រេច​ឲ្យ​ឃុំខ្លួន នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ឬក៏​សម្រេច​ឲ្យ​ដោះ​លែង​យ៉ាងណា​នោះ វា​គឺជា​អំណាច​របស់​តុលាការ ដែល​ត្រូវ​សម្រេច​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ និង​ផ្អែក​ទៅ​លើ​ភស្តុតាង និង​ស្ថានភាព​ជាក់ស្តែង ដែល​កើតមាន​នៅក្នុង​អំពើ​ប្រព្រឹត្ត​ល្មើស​ទាំង​អស់​នេះ ហើយ​បញ្ហា​នេះ ក្រសួងយុត្តិធម៌​មិនអាច​ធ្វើ​អន្តរាគមន៍​ទៅ​ក្នុង​វិស័យ​តុលាការ​បានទេ គឺជា​រឿង​ដំណើរការ​នីតិវិធី​សុទ្ធសាធ ហើយ​នេះ​មិន​មែន​ជា​រឿង​នយោបាយ​ទេ គឺជា​ការអនុវត្ត​ច្បាប់​ព្រហ្មទណ្ឌ​សុទ្ធសាធ ដោយសារតែ​ពួកគេ​បាន​ប្រព្រឹត្ត​នូវ​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ដំណើរការ​នីតិវិធី​ព្រហ្មទណ្ឌ​នេះ គឺ​ស្ថិត​នៅ​ក្នុង​តុលាការ ដែល​ក្រសួងយុត្តិធម៌​មិនអាច​ជ្រៀតជ្រែក​បានទេ។​

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា ចំពោះ​ការ​លើក​ឡើង​បញ្ហា​រត់ការ​នៅ​តាម​តុលាការ ឬមួយ​អំពើពុករលួយ ឬ​ការ​ឃុំ​ខ្លួន​ខុស​នីតិវិធី និង​ដំណើរការ​ក្តី​ខ្លះ​ចាត់ការ​យូរ ចាត់ការ​ឆាប់ គឺ​ក្រសួងយុត្តិធម៌​មាន​យន្តការ​ក្នុង​ការ​ត្រួតពិនិត្យ​ទៅលើ​យន្តការ​ទាំងអស់​នេះ​ហើយ លោក​ទទួល​ស្គាល់​ថា តុលាការ​របស់​យើង​មួយចំនួន​អាច​កង្វះ​នូវ​សមត្ថភាព ការអនុវត្ត​នីតិវិធី​ទៅ​មានការ​ខុស​ឆ្គង​មួយចំនួន ឬមួយ​ក៏​មួយ​ចំនួន​ទៀត​ប្រព្រឹត្ត​នូវ​ទង្វើ​មិន​សមស្រប​នៅ​តាម​តុលាការ ហើយ​នៅ​ពេល​ដែល​យើង​ដាក់​អនុវត្ត​ច្បាប់​ទាំង​បី​នេះ គឺ​វា​នឹង​កាត់បន្ថយ​នូវ​បញ្ហា​ទាំង​អស់​នេះ ហើយនឹង​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​ទាំងស្រុង។ ពី​ព្រោះ​ថា ច្បាប់​ទី​១-ស្ដីពី​អង្គការ​ចាត់តាំង​តុលាការ​ ក្រសួង​នឹង​រៀបចំ​រចនាសម្ព័ន្ធ​តុលាការ​ដែល​មាន​រដ្ឋបាល​តុលាការ​សម្រួល​ការងារ​ដល់​ចៅក្រម និង​ព្រះរាជអាជ្ញា។ ច្បាប់​ទី​២-ទាក់ទង​ដល់​លក្ខន្តិកៈ​ចៅក្រម ព្រះរាជអាជ្ញា គឺ​ទាក់ទង​ដល់​ការគ្រប់គ្រង​មនុស្ស និង​របៀបរបប​ធ្វើការ និង​ច្បាប់​ទី​៣-ការរៀបចំ​ប្រព្រឹត្តទៅ​នៃ​ឧត្តម​ប្រឹក្សា​អង្គចៅក្រម គឺ​ដើម្បី​ត្រួត​ពិនិត្យមើល​ឯករាជ្យ​ភាព​នៃ​អំណាចតុលាការ និង​ត្រួតពិនិត្យ​ធានា​តុលាការ គឺ​បំពេញការងារ​របស់​ខ្លួន​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន។​

តាម​លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ច្បាប់​ទាំង​បី​នេះ​ដាក់​អនុវត្ត​បាន​ពេញលេញ បញ្ហា​ទាំងអស់​ដែល​បាន​លើក​ឡើង​នេះ កាត់បន្ថយ និង​ឈាន​ដល់​លុបបំបាត់​ទាំងស្រុង ហើយនឹង​លើក​តម្កើង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​មក​លើ​វិស័យ​តុលាការ​ឡើងវិញ ហើយ​នឹង​ជួយ​សម្រួល​សេវា​យុត្តិធម៌​ឲ្យ​វា​កាន់តែ​ឆាប់រហ័ស​កៀក​ជិត​ប្រជាពលរដ្ឋ និង​មាន​ប្រសិទ្ធភាព​ជាង​មុន៕

កោះ​កែវ​

Post a Comment

0 Comments

Close Menu