Ad Code

កូរ៉េ​ត្រៀម​ជាស្រេច​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ឡើង​ជាមួយ​កម្ពុជា​


ភ្នំពេញ ៖ ក្នុង​ជំនួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥ ឯកឧត្តម​បណ្ឌិត Lee Duk Hoon ប្រធាន​ធនាគារ​នីហរ័ណ អាហរ័ណ របស់​សាធារណរដ្ឋ​កូរ៉េ​មានប្រសាសន៍ថា រដ្ឋាភិបាល​កូរ៉េ​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ឱ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត ពិសេស​លើ​វិស័យ​សេដ្ឋកិច្ច តាមរយៈ​បទពិសោធន៍ និង​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។

លោក អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ក្រោយ​ជំនួប​នោះ​ថា សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ ដែល​បាន​ផ្តល់​នូវ​ជំនួយឥតសំណង​ក៏ ដូចជា​ឥណទាន​ដល់​កម្ពុជា ព្រមទាំង​ផ្តល់​ជំនួយ​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការ​ទទួល​យក​ពលករ​ខ្មែរ​ទៅ​បំពេញ​ការងារ​នៅ​ប្រទេស​កូរ៉េ​ជាដើម​។ សម្ដេច​តេ​ជោ​មានប្រសាសន៍​បន្ត​ថា ប្រទេស​កូរ៉េ​បាន​ឆ្លង​កាត់​នូវ​ស្ថានភាព​ដ៏​អាក្រក់ កាលពី​ទសវត្សរ៍​៥០ ហើយ​កម្ពុជា​ក៏​ទទួលរង​នូវ​ស្ថានភាព​ប្រហែល​គ្នា​នោះ​ដែរ ក្នុង​ន័យ​នេះ បទពិសោធន៍​របស់​កូរ៉េ គឺ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​យក​មក​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​នោះ។

តាមរយៈ​កិច្ច​សន្ទនា​គ្នា​នោះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើ​ដល់​ភាគី​កូរ៉េ ពិនិត្យ​លទ្ធ​ភាព​ធ្វើការ​សិក្សា​លើ​ការ​កសាង​កំណាត់​ផ្លូវជាតិ​លេខ​៣​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្តកំពត និង​វាលរេញ ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​សិក្សា​ពី​បញ្ហា​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត​នៅ​ខេត្ត​បន្ទាយមានជ័យ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។​

សំណើ​ដ៏​មាន​សារៈសំខាន់​ទាំងនោះ​ត្រូវ​បាន​ឯកឧត្តម​បណ្ឌិត Lee Duk Hoon សន្យា​ថា​នឹង​លើក​យក​ទៅ​ពិភាក្សា​ជាមួយនឹង​ថ្នាក់​ដឹកនាំ​កូរ៉េ ពិសេស​ការពិភាក្សា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​ទៅកាន់​ប្រទេស​កូរ៉េ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ៕

ស្នាយ​ពល​

​ ​


Post a Comment

0 Comments

Close Menu