Ad Code

នាយក​ក្រុមហ៊ុន​បរទេស​អបអរ​សាទរ​ចំពោះ​ជោគជ័យ​នៃ​ការដឹកនាំ​ប្រទេស​របស់​សម្ដេច​តេ​ជោ​


ភ្នំពេញ ៖ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Jardine Matheson Holdings លោក Lord James Sassoon បាន​ថ្លែង​ថា រូបលោក​មានការ​អបអរសាទរ​យ៉ាង​ខ្លាំង​ជូន​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដឹក​នាំ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លង​មក​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​បំផុត​នោះ។

នៅពេល​ជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១២ ​ខែកុម្ភៈ ឆ្នាំ​២០១៥​ លោក Lord James Sassoon បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា រូបលោក​បាន​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​២២​ឆ្នាំមុន ហើយ​នៅ​ពេល​នេះ​បានឃើញ​យ៉ាង​ច្បាស់​ពី​វឌ្ឍនភាព និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​។ លោក Lord James Sassoon មានប្រសាសន៍​ដែរ​ថា ក្រុមហ៊ុន​របស់​លោក​មាន​អាយុកាល​ជាង​១៨០​ឆ្នាំ​មក​ហើយ និង​មាន​ការ​ធ្វើ​ជំនួញ​ដោយ​ដាក់​ទុន​ប្រមាណ​៩០% នៅក្នុង​បណ្ដា​ប្រទេស​ក្នុង​ទ្វីបអាស៊ី​ ដោយឡែក​ក្រុមហ៊ុន​របស់​លោក​មាន​វត្តមាន​នៅ​កម្ពុជា​រយៈពេល​១៥​ឆ្នាំ​មក​ហើយ ដោយ​បាន​ដាក់​ទុន​វិនិយោគ​ជាមួយនឹង​ផ្សារ​ទំនើប​ឡាក់​គី ធនាគារ​អេ​ស៊ី​លីដា និង​បណ្ដា​ក្រុមហ៊ុន​អចលនវត្ថុ​ជាច្រើន​ទៀត មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​នឹង​សាងសង់​អគារ​ការិយាល័យ​ដ៏​ទំនើប​មួយ​នៅក្នុង​ឆ្នាំ​២០១៦​ដែល​មាន​ទឹកប្រាក់​ជាង​១០០​លាន​ដុល្លារ​អាម៉េរិក។

លោក អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​ថា សម្ដេច​តេ​ជោ​បាន​ស្វាគមន៍ និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដែល​បាន​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​។ សម្ដេច​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា កម្ពុជា​បាន​ធ្វើការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅលើ​បរិយាកាស​វិនិយោគ​នៅក្នុង​ប្រទេស តាមរយៈ​ការ​បង្កើត​ឡើង​នូវ​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ពោល​គឺ​រាជរដ្ឋាភិបាល​បាន​ធ្វើការ​ដោះស្រាយ​រាល់​បញ្ហា​របស់​ផ្នែក​ឯកជន ហើយ​រាជរដ្ឋាភិបាល​កំពុង​កសាង​បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ផ្លូវគោក ផ្លូវ​អាកាស និង​ផ្លូវទឹក ដើម្បី​បម្រើ​ឱ្យ​វិស័យ​ឯកជន​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​ពី​ផ្នែក​ឯកជន។

នៅក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ដែរ​ថា ចំពោះ​តម្លៃ​អគ្គិសនី​ចាប់​ពី​ពេល​នេះ​តទៅ​គឺ​មាន​តែ​ការ​ចុះថ្លៃ​ដោយ​មិន​មានការ​ឡើងថ្លៃ​នោះ​ទេ​៕

ស្នាយ​ពល

​ ​



Post a Comment

0 Comments

Close Menu