Ad Code

សមត្ថកិច្ច​ស្រង់​សាកសព​ស្ត្រី​ជិះទូក​លេង​លង់ទឹក​ស្លាប់​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​


រតនគិរី ៖ ស្ត្រី​ម្នាក់​ក្នុងចំណោម​២​ទៅ​៣​នាក់​បាន​លង់ទឹក​ស្លាប់​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១១​ខែកុម្ភៈ ត្រង់​ចំណុច​បឹង​តំបន់​សាងសង់​វារីអគ្គិសនី​ទី​១ ស្ថិត​ក្នុង​ភូមិ​អូរ​ជុំ ឃុំ​អូរ​ជុំ ខេត្តរតនគិរី ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ស្រង់​សាកសព​ឡើងគោក​បាន​ហើយ បន្ទាប់ពី​រុករក​ក្នុង​ទឹក​អស់​ជាច្រើន​ម៉ោង។ បើ​តាម​សាក្សី​ក្បែរ​កន្លែង​កើតហេតុ​ប្រាប់​ឲ្យ​ដឹង​ថា​ ពួកគាត់​បានឃើញ​មនុស្ស​២​ទៅ​៣​នាក់​ដោយ​អុំទូក​ម្នាក់​មួយៗ​ក្នុង​ផ្ទៃ​បឹង​តំបន់​ខាងលើ​ ប៉ុន្តែ​អ្នក​អុំទូក​ផ្សេងទៀត​បាន​ឡើងគោក​ត្រឡប់​ទៅ​ផ្ទះ​មុន​សល់​ស្ត្រី​រងគ្រោះ​នៅក្នុង​បឹង​ម្នាក់ឯង។

អធិការរង​នគរបាល​ស្រុក​អូរ​ជុំ លោក ហុង គឹម​សេង ប្រាប់​ឲ្យ​ដឹង​ថា ​ស្ត្រី​រងគ្រោះ​លង់ទឹក​ស្លាប់​នោះ​មានឈ្មោះ ហែម ថុ​ណា អាយុ​៣១​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​ចុងភៅ​មួយ​កន្លែង​ឈ្មោះ ​តា​ស្នា ស្ថិតនៅ​ភូមិ​អូរ​ជុំ ឃុំ​អូរ​ជុំ (​ក្បែរ​កន្លែង​កើតហេតុ​) និង​មាន​ប្ដី​ឈ្មោះ ឡេង រ​វៀល ជនជាតិ​គ្រឹង អាយុ​៣០​ឆ្នាំ មុខរបរ​រត់តាក់ស៊ី និង​មានកូន​ប្រុស​២​នាក់​ក្នុង​បន្ទប់ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង​។ ​លោក​អធិការរង​ប្រាប់​បន្ត​ទៀត​ថា ​ស្ត្រី​រងគ្រោះ​លង់ទឹក​ស្លាប់​ខាង​លើ​នេះ​បាន​ធ្លាក់​ពីលើ​ទូក​តាំងពី​ប្រ​លប់​ថ្ងៃទី​១១ ខែ​កុម្ភៈ​មក​ម្ល៉េះ​ ហើយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ធ្វើការ​ស្វែងរក​សាកសព​ដោយ​បោះ​យុថ្កា​រាវរក​ក៏​ជាប់​អាវយឺត​ដៃ​វែង​ ជន​រងគ្រោះ​ដែល​មាន​ចម្ងាយ​ពី​ច្រាំង​ប្រហែល​២០​ម៉ែត្រ និង​មាន​ជម្រៅ​ទឹក​៤​ទៅ​៥​ម៉ែត្រ ហើយ​បាន​ស្រង់​សាកសព​ឡើងគោក​រួចរាល់​នៅ​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃនេះ​(​ថ្ងៃទី​១២ ខែ​កុម្ភៈ​) ដោយ​សាកសព​នោះ​មាន​សំលៀកបំពាក់​ខោ​វែង អាវ​វែង។​

លោក​អធិការរង​ ហុង គឹម​សេង បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ត្រួតពិនិត្យ​ជាក់ស្តែង​សាកសព​ពិតជា​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង ព្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​លើ​រាងកាយ​នោះ​ទេ ហើយក៏​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

តា​ជួង​

Post a Comment

0 Comments

Close Menu