Ad Code

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ទំនងជា​បរាជ័យ​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​អួន​នៅ​ស្រុក​ជល​គីរី​


កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​និយាយ​ថា រហូត​មក​ទល់​ថ្ងៃនេះ ចំណាត់ការ​របស់​លោក​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​អួន​ រួមផ្សំ​ដោយ​កម្លាំង​ម៉ាស៊ីន​នៅតែ​បរាជ័យ ដោយ​សារ​តែ​បទល្មើស​នេះ​នៅតែ​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ដែន​នេសាទ​ស្រុក​ជល​គី​រី។​

ប្រជាពលរដ្ឋ​ទាំងនេះ​បាន​បន្ត​និយាយ​ឲ្យ​ដឹង​ថា​ បទល្មើស​អួន​ដែល​ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន នេះ​មាន​ចំនួន​៣​គ្រឿង គឺ​បាន​ធ្វើ​សកម្មភាព​នេសាទ​ស្ទើរ​ពុំ​លស់​ថ្ងៃ​នៅ​ទន្លេធំ ក្នុង​ឃុំ​ពាម​ឆ្កោក ក្នុង​នោះ​មាន​អួន​២​គ្រឿង គេ​ស្គាល់​ថា​ថៅកែ​ឈ្មោះ ងិន ជនជាតិ​វៀតណាម នៅ​ភូមិ​ក្បាល កោះ​ពាម​ឆ្កោក និង​១​គ្រឿង​ទៀត​គឺ​ឈ្មោះ ឃា​ក ស៊ីម នៅ​ព្រែក​សេះ​នៅ​ឃុំ​ពាម​ឆ្កោក​នេះ​ដែរ ជា​អ្នក​រត់ការ​កាង ហើយ​អួន​ទាំង​៣​គ្រឿង​នេះ​ជា​អួន​ខ្នាត​ធំ អូសទាញ​ដោយ​កម្លាំង​ម៉ាស៊ីន​ធុន​ធំ​,​មាន​ម៉ាស៊ីន​ខ្យល់​និង​កម្មករ​ពី​១២​ទៅ​១៥​នាក់​ជា​ជនជាតិ​វៀតណាម ហើយ​ធ្វើ​សកម្មភាព​នេសាទ​តាំងពី​ខែវិច្ឆិកា​មក​ម្ល៉េះ ដោយ​គ្មាន​ការ​រំខាន​ពី​សមត្ថកិច្ច​រដ្ឋបាល​ជលផល​ និង​សមត្ថកិច្ច​អាជ្ញាធរ​ស្រុក​ជល​គី​រី នោះ​ឡើយ។ កន្លង​មក​នេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មាន​ចំណាត់ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​អួន​នេះ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ បទល្មើស​នេសាទ​នេះ នៅតែ​ធ្វើ​សកម្មភាព​នៅ​ស្រុក​ជល​គី​រី​ ក្រោម​ល្បែង​លេងបិទពួន​របស់​សមត្ថកិច្ច​រដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ អាជ្ញាធរ។ កាល​រសៀល​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន មាន​ប្រសាសន៍​តប​នឹង​អ្នកសារព័ត៌មាន ទាក់ទិន​នឹង​សកម្មភាព​នេសាទ​ឧបករណ៍​អួន​នេះ​ថា លោក​នឹង​បន្ត​មាន​ចំណាត់ការ​ចំពោះ​អួន​នោះ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ គេ​ឃើញ​អួន ទាំង​នោះ​នៅតែ​ធ្វើ​សកម្មភាព​ដដែល​។​ នៅ​ខណៈ​នោះ​លោក សេង ប៊ុន​ឈឿន នាយ​ខណ្ឌ​រដ្ឋបាល ជល​ផល​កំពង់ឆ្នាំង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នឹង​បញ្ជា​ឲ្យ​មានការ​បង្ក្រាប​។​

ប្រជាពលរដ្ឋ​និយាយ​ថា ចំណាត់ការ​របស់​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​រូប​នេះ ជា ចំណាត់ការ​ខ្យល់ ព្រោះថា​រហូតមកដល់​ថ្ងៃនេះ គឺ​បទល្មើស​នេសាទ​អួន​នោះ​នៅតែ​ធ្វើ​សកម្មភាព នេសាទ​គគ្រឹក​នៅ​ស្រុក​ជល​គី​រី​ដដែល ហើយ​នៅ​ក្បែរ​នឹង​ទីស្នាក់ការ​របស់​សមត្ថកិច្ច​រដ្ឋបាល​ជល​ផល​គី​រី​ទៀត​ផង។​

កូន​ថៅកែ​អួន​ឈ្មោះ ​ងិន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការ​នេសាទ​របស់​គាត់​គឺ​គាត់​បាន​ជួប ជាមួយ​ជលផល​អស់ហើយ​។ ប្រជាពលរដ្ឋ​និយាយ​ថា មិន​មានតែ​បទល្មើស​អួន​នោះ​ទេ នៅ​ស្រុក​ជល​គី​រី គឺ​នៅ​មាន​បទ​ល្មើស​សម្រាស់​រាប់ពាន់​ដុំ ជាពិសេស​នៅក្នុង​តំបន់​អភិរក្ស​ព្រែក​ស្ដី​ដង្គង អតីត​ឡូត៍​លេខ​១០​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី ប្រជាពលរដ្ឋ​នៅ​តែ​មាន​ជំនឿ​លើ​ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​ក្នុង​ការ​បំបែក​បទល្មើស​អួន​នេះ ព្រោះ​ពួកគាត់​ជឿជាក់​លើ​ឧត្តមគតិ ​និង​ឆន្ទៈ​របស់​លោក ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​បទល្មើស​អួន​នេះ ដំណើរការ​បាន​យ៉ាង​រលូន​ដូច្នេះ គឺ​ដោយសារ​តែ​សមត្ថកិច្ច​រដ្ឋបាល​ជល​ផល​ខ្វះ​ភាព​ស្មោះត្រង់​នឹង​ថ្នាក់ដឹកនាំ៕

កង ចេស្ដា​

Post a Comment

0 Comments

Close Menu