Ad Code

រថយន្ត​ដឹក​ប្រេង​បុក​គោយន្ត​កន្ត្រៃ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​


ក្រចេះ ៖ គ្រោះ​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា បុក​គោយន្ត​កន្ត្រៃ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​សំបួរ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​។​

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ដឹក​ប្រេង បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​បញ្ច្រាសទិស​គ្នា លុះ​មកដល់​ចំណុច​កើតហេតុ ក៏បាន​រេ​ចង្កូត​ទៅ​បុក​នឹង​គោយន្ត​ដែល​កំពុង​បើក​តាមផ្លូវ​នោះ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់ទៀត​រង​របួស​ធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នួល​។​

សមត្ថកិច្ច​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​ដឹក​ប្រេង​នោះ​បាន​រត់​គេច​ខ្លួន​បាត់ រីឯ​សាកសព​ជនរងគ្រោះ​សមត្ថកិច្ច​ទាក់ទង​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ ដោយ​ឡែក​វត្ថុ​តាង​សមត្ថកិច្ច​នាំទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះ​ស្រាយ​គ្នា​តាមច្បាប់​៕​

Post a Comment

0 Comments

Close Menu