Ad Code

អ្នកបកប្រែ​ភាសា​វៀតណាម​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ បាន​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់ និង​របួសស្រាល​ម្នាក់​


ប៉ៃលិន ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អ្នកបកប្រែ​ឱ្យ​ក្រុមហ៊ុន​វៀតណាម បាន​ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ផ្លូវ​កោង​កាច់ចង្កូត​មិនទាន់ បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​អ្នកបើកបរ​ម្នាក់​ពេល​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយសារ​របួសធ្ងន់ ,​ចំណែកឯ​បុរស​ម្នាក់ទៀត​ដែល​ជិះ​ពីក្រោយ​រង​របួស​ស្រាល​។​ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លំ​មួយ​ខ្សែ ក្នុងភូមិ​ចំការ​កាហ្វេ សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

តាម​ប្រភព​ពី​សាច់ញាតិ​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា​ បុរស​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​មាន​ឈ្មោះ សា​ផន ចិ​ត្រា ហៅ​បារាំង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នកបកប្រែ​ភាសា​ឲ្យ​ក្រុមហ៊ុន​វៀតណាម មាន​ស្រុកកំណើត​ភូមិ​កំប៉ោ ឃុំ​ពង្រ ស្រុក​ពង្រ ខេត្តស្វាយរៀង ,​បច្ចុប្បន្ន​រស់នៅ​ជាមួយ​ក្រុមហ៊ុន​វៀតណាម ក្នុងភូមិ​បរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពណ៌​ខៀវ អត់​ស្លាក​លេខ រង​ការខូចខាត​យ៉ាងដំណំ​។ ចំណែក​ម្នាក់ទៀត​រង​របួស​ស្រាល​ឈ្មោះ ឯក សាត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កម្មករ (​អ្នក​ជិះ​ពីក្រោយ​) រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន​។​

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​បុរស​០២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​ហាង​ផឹកស៊ី ក្នុង​ស្ថាន​ភាព​ស្រវឹង​ជោកជាំ រេ​ចង្កូត​ពេញ​ផ្លូវ លុះដល់​ចំណុច​ផ្លូវ​កោង ទប់​ចង្កូត​មិន​ជាប់​ក៏​ដួល​តែម្តង​។ ប្រភព​បន្ត​ថា ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​អត់​ពាក់មួក​សុវត្ថិភាព​ទៀត ទើប​បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​ស្លាប់​បាត់​បង់ជីវិត​៕​

សេង សុវណ្ណារិទ្ធ

Post a Comment

0 Comments

Close Menu