Ad Code

អនុប្រធាន​ទី​២​ព្រឹទ្ធសភា​ចាត់ទុកថា​ថ្នាំជក់​ជា​មូលហេតុ​ចំបង​នាំ​ឲ្យ​កើត​ជំងឺ​ជាច្រើន​


ភ្នំពេញ ៖ លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា​បាន​ចាត់ទុកថា​ថ្នាំជក់​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ជាច្រើន​ដូចជា ជំងឺ​ហើម​សួត ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ពុក​ធ្មេញ ជាពិសេស​ជំងឺ​មហារីក។​

នៅក្នុង​សិក្ខាសាលា​ស្តីអំពី​ការ​វិវឌ្ឍ​នៃ​ការអនុវត្ត​អនុសញ្ញា​ស្ដីពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ នៅ​វិមាន​ព្រឹទ្ធសភា​លោក ទេព ង​ន បាន​បញ្ជាក់​ថា ជា​រៀងរាល់​ឆ្នាំ ថ្នាំជក់​បាន​សម្លាប់​មនុស្ស​ប្រមាណ​៦​លាន​នាក់​នៅ​លើ​ពិភពលោក ដោយឡែក​នៅ​កម្ពុជា​ស្ត្រី​៧៥​ភាគរយ និង​កុមារ​៨០​ភាគរយ​កំពុង​ស្រូប​ផ្សែង​បារី​ពី​គេ​នៅ​តាម​ផ្ទះ ហើយ​ប្រជាជន​កម្ពុជា​ជិត​៩០​ភាគ​រយ​កំពុង​ស្រូប​ផ្សែង​បារី​ពី​គេ​នៅ​តាម​ភោជនីយដ្ឋាន កន្លែង​ទទួលទាន​អាហារ ភេសជ្ជះ និង​ជិត​៦០​ភាគរយ​នៅពេល​ធ្វើដំណើរ​តាម​មធ្យោបាយ​សាធារណៈ និង​ជិត​៥០​ភាគរយ​នៅ​កន្លែងធ្វើការ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​១​ម៉ឺន​នាក់​ស្លាប់​ជា​រៀងរាល់​ឆ្នាំ ហើយ​ភាគច្រើន​នៃ​អ្នក​ស្លាប់​ទាំងនោះ គឺ​ស្ថិត​នៅ​ក្នុង​វ័យ​កំពុង​ពេញ​កម្លាំង​ពលកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​សង្គមជាតិ​។​

លោក​បាន​បន្ត​ថា ក្រៅពី​បាត់បង់​ជីវិត​នៅ​មាន​ទឹកប្រាក់​ប្រមាណ​ជា​១០០​លាន​ដុល្លារ​អាមេរិក​ទៀត​ត្រូវ​បាន​ខាតបង់​ដោយសារ​ការប្រើប្រាស់​សម្រាប់​ទិញ​បារី​ជក់​ក្នុង​មួយឆ្នាំៗ​នៅ​កម្ពុជា​។ រីឯ​ការ​ចំណាយ​ទៅលើ​ការ​ព្យាបាល​ជំងឺ​ដែល​បង្កឡើង​ដោយ​ការ​ជក់បារី​វិញ មាន​ទំហំ​ធំ​ជាង​ប្រាក់​ដែល​ចំណាយ​ទៅ​លើ​ការទិញ​បារី​នេះ​កាន់​តែ​ច្រើន​ថែមទៀត។ លោក​អនុប្រធាន​ទី​២​ព្រឹទ្ធសភា ក្នុងនាម​ជា​រដ្ឋ​ភាគី​ដែល​បាន​ផ្តល់​សច្ចាប័ន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំជក់ កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៥​កន្លង​មក​នេះ ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​មាន​កាតព្វកិច្ច​អនុវត្ត​តាម​វិធានការ​នានា​ដែល​បាន​លើក​ឡើង​ក្នុង​អនុសញ្ញា​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់​។ ក្នុង​នោះ​អនុសញ្ញា​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំជក់​របស់​អង្គការ​សុខភាព​ពិភពលោក​តម្រូវ​ឲ្យ​រដ្ឋ​ភាគី​បង្កើត​ច្បាប់ ឬ​លិខិត​បទដ្ឋាន​គតិយុត្តិ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ការពារ​ប្រជាពលរដ្ឋ​អាច​បង្ការ​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំជក់ ការ​ញៀន​ជាតិ​នីកូទីន និង​ការ​រង​ផ្សែង​ថ្នាំជក់។​

លោកស្រី Pamela coffrey តំណាង​អង្គការ campaign for Tobacco Free Kids ដែល​ជា​អង្គការ​ជំនាញ​ធ្វើការ​សិក្សា​លើ​ផលិតផល​ថ្នាំជក់​(​បារី​)​បាន​លើក​ឡើង​ថា ក្រៅ​តែ​ពី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់ បារី​ក៏បាន​បណ្ដាល​ឲ្យ​មាន​បន្ទុក​ផ្នែក​សុខភាព​ធ្ងន់ធ្ងរ​។ ការ​ជំរិត​យក​ប្រាក់​ពី​គ្រួសារ​ចំណាយ​ទៅលើ​ថ្នាំជក់​ច្រើន​ជាជាង​យក​ទៅ​ចំណាយ​ទៅលើ​អាហារ និង​ការ​សិក្សា​អប់រំ​ទៅទៀត។​

គួរ​បញ្ជាក់​ថា កម្ពុជា​មាន​អនុក្រឹត្យ​សម្រាប់​ជា​វិធានការ​ចំនួន​២​ក្នុង​ការ​ទប់ស្កាត់​ផលិតផល​ថ្នាំជក់ ទី​១-គឺ វិធានការ​ហាមឃាត់​ចំពោះ​ការផ្សាយពាណិជ្ជកម្ម ផលិតផល​បារី និង​អនុក្រឹត្យ ស្តីអំពី​ការ​បោះពុម្ព​សារ​ព្រមាន​សុខភាព​លើ​កញ្ចប់​បារី និង​សារាចរ​លេខ​០០៣​ស​.​ន​.​ក ស្តីអំពី​វិធាន ការ​ហាម​ជក់ និង​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ និង​ទី​សាធារណៈ ប្រយោជន៍​ដើម្បី ជា​វិធានការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំ​ថ្នាំជក់ កាត់បន្ថយ​ផល​ប៉ះពាល់​សុខភាព សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​៕

សុង​យោ​




Post a Comment

0 Comments

Close Menu