Ad Code

ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ​រត់​រួច​ម្នាក់​ ក្នុងករណី​ឆក់​កាបូប​លុយ​នៅពេល​កំពុង​ឈរ​ទិញ​សាច់​កាប់​


ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ទឹក​ល្អក់​ទី​៣ ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន ក្នុង​ខណៈ​ពេល​ដែល​ជនសង្ស័យ​ម្នាក់​នេះ​រួម​ជា​មួយ​បក្ខពួក​សកម្មភាព​ឆក់​កាបូប​តាមផ្លូវ​ ហើយ​ត្រូវ​កូន​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម ​និង​បាន​ស្រែក​ចោរៗ ទើប​ត្រូវ​ប៉ូលិស​ស្ទាក់​ចាប់បាន​តែម្តង ចំណែក​បក្ខពួក​ម្នាក់ទៀត​បាន​រត់​គេច​ខ្លួន​បាត់​។​

អំពើ​ឆក់​កាបូប​ខាងលើ​បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ភ្លើង​ស្ដុ​ប​ម៉ុង​ឌី​យ៉ា​ល់ ផ្លូវ​ម៉ៅសេទុង កែង​ផ្លូវ​លេខ​២៣០ ក្រុម​ទី​០១ ភូមិ​០១ សង្កាត់​ទឹកល្អក់​ទី​០៣ ខណ្ឌទួលគោក​។​

ជនសង្ស័យ​ម្នាក់​នេះ​ត្រូវ​បាន​ប៉ូលិស​ប្រាប់​ឲ្យ​ស្គាល់ឈ្មោះ ​សំណង់ ពិន ហៅ​តឿ ហៅ​វ៉ា អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ស្តង់​ផ្លែឈើ​ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក ជា​មុខ​សញ្ញា​ឆក់​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ​។ ​ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ជួន ណាវី ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំ​ មុខរបរ​លក់​បន្លែ​នៅ​ផ្សារ​ដើម​គរ ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវ​លេខ​២៧០ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

មន្ត្រី​នគរបាល​ប៉ូលិស​ខណ្ឌទួលគោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ជាមួយ​កូនប្រុស​ចេញពី​ផ្សារ​ដើម​គរ លុះដល់​ចំណុច​កើតហេតុ​បាន​ឈប់​ម៉ូតូ​ដើម្បី​ទិញ​សាច់​កាប់ ពេលនោះ​ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​និក ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​មួយ​គ្រឿង ធ្វើដំណើរ​តាមផ្លូវ​លេខ​២៣០ ក្នុង​ទិស​ដៅ​ពី​កើ​តទៅ​លិច បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ជនរងគ្រោះ រួច​បើក​ម៉ូតូ​គេចខ្លួន​។ ​ភ្លាមៗ​នោះ​កូនប្រុស​របស់​ស្ត្រី​រងគ្រោះ បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ដោយ​ស្រែក​ថា ចោរៗ ពេល​ជិះ​ទៅដល់​មុខ​ផ្សារ​ឃ្លាំង​រំសេវ ក៏​ត្រូវ​នគរបាល​ល្បាត​របស់​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​ចេញ​មក​ជួយ​អន្តរាគមន៍​ចាប់បាន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​វត្ថុ​តាង​ជាច្រើន​ផង​ដែរ​។​ ចំណែក​បក្ខពួក​ម្នាក់ទៀត​បាន​រត់​គេច​ខ្លួន​បាត់​។​

សមត្ថកិច្ច​ក្រោយ​ការ​ឃាត់ខ្លួន​បាន​ដកហូត​វត្ថុ​តាង​ពី​ជនសង្ស័យ​ក្នុង​នោះ​រួមមាន កាបូប​របស់​ជនរងគ្រោះ ដែល​មាន​លុយ​២០​ម៉ឺន​រៀល ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព ទូរស័ព្ទ​ដៃ​ចំនួន​៩​គ្រឿង និង ​ដាវ​កែច្នៃ​មួយ​ដើម​ផង​ដែរ​។​

បច្ចុប្បន្ន​ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ស្រីរ័ត្ន​


Post a Comment

0 Comments

Close Menu