Ad Code

លោកតា​ម្នាក់​ក្រោក​ដាំបាយ​យក​ទៅ​វត្ត​ត្រូវ​ភ្លើងចង្ក្រាន​ឆាបឆេះ​ផ្ទះ​អស់​១​ខ្នង​ បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ទាំង​ស្រុង​


បន្ទាយមានជ័យ ៖ ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ ត្រូវ​បាន​អគ្គី​ស​ភ័យ​លេប​ត្របាក់​មួយ​ប៉ប្រិច​ភ្នែក​អស់ទាំង​ស្រុង​ ខណៈ​ពេល​ម្ចាស់​បាន​ងើប​ដាំបាយ​យក​ទៅ​វត្ត​នៅ​ថ្ងៃសីល​។​ ភ្លើង​ឆេះ​ផ្ទះ​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិតនៅ​ភូមិ​តា​អ៊ិន​ពីរ ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី​ ខេត្តបន្ទាយមានជ័យ​។​ លោក​វរសេនីយ៍ទោ​ ស៊ី ឌី ​អធិការ​នគរបាល​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​មានឈ្មោះ សួង ទី ភេទ​ប្រុស​ អាយុ​៧៧​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ ហួត ឡាំង អាយុ​៧៤​ឆ្នាំ ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។

តាម​សំដី​ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា មុន​ពេល​អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​អស់ទាំង​ស្រុង​ គឺ​គ្រួសារ​របស់​គាត់​បាន​ងើប​ដាំបាយ​ធ្វើ​ម្ហូប​ទៅ​វត្ត ព្រោះថា​ថ្ងៃសីល ប៉ុន្តែ​ក្រោយ​ពេល​ដែល​ធ្វើ​ហើយ​ស្មានថា​ភ្លើង​ចង្ក្រាន​ដែល​ដុត​អុស​ត្រូវ​បាន​រលត់​អស់​មិនបាន​ចាប់អារម្មណ៍​ទើប​ទៅ​វត្ត​ទាំងអស់គ្នា។ លុះ​វេលា​ម៉ោង​៧​និង​៣០​នាទី​ ក៏​ស្រាប់​អ្នកជិតខាង​បាន​ប្រាប់​ថា​អគ្គីភ័យ​បាន​និង​កំពុង​ឆាបឆេះ​ផ្ទះ​របស់​ខ្លួន​ ហើយ​ពេលនោះ​គាត់​ទន់ជង្គង់​ដើរ​ទៅមុខ​លែង​រួច ​ត្រូវ​បាន​អ្នក​ក្បែរ​គ្រា​ព្រោះ​ស្លន់ស្លោ​ពេក។​

មកដល់​ឃើញ​ផ្ទះ​ត្រូវ​អគ្គីភ័យ​កំពុង​ឆាប់​ឆេះ​ត្រូវ​បាន​អ្នកជិតខាង​ជួយ​ពន្លត់​ ដោយ​ខ្លះ​យក​ទឹក​ជះ​ តែ​ភ្លើង​នៅតែ​ខ្លាំង​ឆេះ​រហូត​អស់​ស្ទើរ​ទាំងស្រុង​ប្រមាណ​៧០​ភាគរយ​។ ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​នេះ​គឺ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ និង​ជញ្ជាំង​ស័ង្កសី​មួយ​ចំហៀង​ និង​ជញ្ជាំង​ប្រក់​ស្លឹក​មួយ​ចំហៀង​ដែល​មាន​បណ្តោយ​៩​ម៉ែត្រ​និង​ទទឹង​៨​ម៉ែត្រ ​ឆេះ​ម៉ូតូ​១​គ្រឿង​ធុន​ហុងដា​សេរី​ឆ្នាំ​២០០៧ ​និង​លុយ​បាត​ថៃ​១២​ម៉ឺន​បាត ខ្សែក​រមាស​៦​ជី ខ្សែ​ដៃ​៥​ជី ចិញ្ចៀន​មាស​៥​ជី​ ខ្សែក​ផ្លាក់​ទីន​៣​ជី ​ក្រវិល​២​ជី ​និង​សម្ភារៈ​ឆេះ​អស់ទាំង​ស្រុង​ បើ​គិត​ជា​ទឹកប្រាក់​អស់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ៕

គង្គា​

Post a Comment

0 Comments

Close Menu