Ad Code

កោះ​សង្សារ​ជា​តំបន់​ទេសចរណ៍​ដែល​មាន​តម្លៃ​ស្នាក់នៅ​ខ្ពស់​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​


ព្រះសីហនុ ៖ យើង​ឃើញ​មាន​វីឡា​ឈើ​ដ៏​ប្រណីត​តូចៗ​ចំនួន​២៧​ខ្នង​កំពុង​បង្អួត​សោភ័ណ​នៅ​រង់ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុង​ដំណើរ​កំសាន្ត​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​និង​រ៉ូ​ម៉ែន​ទិ​ក​បំផុត​នៅ​លើ​ដែនដី​កោះ​សង្សារ ​ដែល​កំពុងតែ​បង្អួត​សម្រស់​ឆើតឆាយ​នៅ​កណ្ដាល​មហា​សាគរ​នា​ខេត្ត​ព្រះសីហនុ​នោះ។​

កោះ​សង្សារ​ស្ថិតនៅ​ប្រជុំ​កោះរុង​ភាគ​និរតី​នៃ​តំបន់ឆ្នេរ​សមុទ្រ​របស់​ប្រទេស​កម្ពុជា ហើយ​នៅ​ទី​នេះ​គឺ​ប្រៀប​បាន​ទៅ​នឹង​ឋានសួគ៌​ធម្មជាតិ​សំរាប់​ភ្ញៀវ​ទេសចរ​លំអ​ទៅ​ដោយ​សណ្ឋាគារ ​និង​រមណី​យដ្ឋាន​ដ៏​ប្រណីត​បំផុត​ដែល​គ្មាន​កន្លែង​ណា​ប្រៀបប្រដូច​បាន​ឡើយ ព្រោះ​អី​សម្រស់​ទេសភាព​នៅ​ទី​នេះ​ស្រស់​ត្រកាល​ណាស់​ល្វឹងល្វើយ​ដោយ​លំហ​ ផ្ទៃសមុទ្រ​ឆ្ងាយ​ផុតកន្ទុយភ្នែក ​មាន​ឆ្នេរ​ខ្សាច់​ស​ស្អាត​ ខ្យល់ជំនោរ​បរិសុទ្ធ​ នៅ​លើ​ដែន​កោះ​មាន​ដើម​រុក្ខជាតិ​លាស់​ស្លឹក​គ្រប់​រដូវ​កាល​ខៀវស្រងាត់ ​រួម​ទាំង​មាន​ហ្វូង​មច្ឆជាតិ​តូចៗ​ជាច្រើន​ប្រភេទ​ហិចហែល​ប្រដេញ​គ្នា​ក្នុង​ផ្ទៃ​ទឹកប្រៃ​ដែល​ចាំង​ឆ្លុះ​មើល​ឃើញ​ដល់​បាត​ខ្សាច់​គួរ​ឲ្យ​ចេតនា​ណាស់​សម្រាប់​អ្នកទេសចរ​ដែល​មក​សម្រាក​លំហែកាយ​នៅ​លើ​កោះ​សង្សារ​។​

កោះ​សង្សារ​ជា​រមណីយដ្ឋាន​មួយ​មាន​ស្តង់ដារ​ខុសប្លែក​ពី​កន្លែង​កំសាន្ត​ផ្សេងៗ​អ្វីៗ​ដែល​មាន​នៅ​ទី​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ភាពល្អ​ប្រណីត ស្ថិតនៅ​ចំងាយ​២៩​គីឡូម៉ែត្រ​តែប៉ុណ្ណោះ ហើយ​វា​ជា​ការ​ងាយស្រួល​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​មានបំណង​ចង់​មកលេង​ឬ​ស្នាក់​នៅ​លើ​ដែន​កោះ​ ដែល​កំពុងតែ​បង្អួត​សម្រស់​តាមរយៈ​ការអភិវឌ្ឍន៍​និង​ការកែច្នៃ​ពី​ប្រតិបត្តិ​ករ​មគ្គទេសក៍​សុទ្ធតែ​លំដាប់​ផ្កាយ​នោះ​ ​គឺ​អាច​ធ្វើដំណើរ​ដោយ​ការ​ជិះទូក​ពី​កំពង់ផែ​ខេត្ត​ព្រះសីហនុ ប្រហែល​៤០​នាទី​ឬ​តាម​ឧទ្ធម្ភាគចក្រ​ក៏បាន​។ កោះ​នេះ​រៀបចំឡើង​ដោយ​ផ្ដោត​លើ​គំនិត​ច្នៃប្រឌិត​ជា​កោះ​ឯកជន​មាន​ម៉ូដ​អគារ​ផ្ទះ​វីឡា​តូចៗ​បណ្ដែត​ខ្លួន​លើ​ផ្ទៃ​ទឹកសមុទ្រ​លំអ​បន្ថែម​ដោយ​ព្រៃឈើ​តំបន់ឆ្នេរ​ ពិសេស​កោះ​សង្សារ​ទាំង​គូ​ដែល​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​នេះ​ ក៏​មាន​ស្ពានឈើ​ដើរ​ឆ្លង​ពី​កោះ​មួយ​ទៅ​កោះ​មួយ​បាន​យ៉ាង​រំភើប។​

បន្ទាប់​ពី​នោះ​នៅ​រមណីយដ្ឋាន​កោះ​សង្សារ​មាន​ទាំង​ភោជនីយដ្ឋាន ស្ប៉ា ម៉ាស្សា កន្លែង​មុជ​ទឹក​មើល​ផ្កាថ្ម​បាតសមុទ្រ​ កន្លែង​លំហាត់​ប្រាណ​ លេង​កីឡា​ក្នុង​ទឹក ​និង​លើគោក​ មាន​យានជំនិះ​ជិះ​កំសាន្ត​ដើរ​មើល​ទេសភាព​បរិស្ថាន​នៅ​ជុំវិញ​កោះ​ដែល​សំបូរ​ដោយ​ធនធាន​ជីវចម្រុះ​យ៉ាង​សំបូរ​បែប​ទាំង​នៅ​លើ​គោក​និង​ក្នុង​បាតសមុទ្រ​។ ក្នុងចំណោម​កោះ​ទាំងពីរ​នេះ​គឺ​កោះ​បង​និង​កោះ​អូន​កោះ​ដែល​មាន​ទិដ្ឋភាព​ស្រស់​ស្អាត​ និង​សំបូរ​ដើមឈើ​ធំៗ​នោះ​គឺ​កោះ​បង ហើយ​អ្វី​ដែល​មាន​នៅ​លើ​កោះ​សង្សារ​ទាំង​គូ​ក្រោម​ការ​អភិវឌ្ឍ​ពី​ក្រុមហ៊ុន​ឯកជន​នេះ បច្ចុប្បន្ន​បាន​ក្លាយ​ទៅជា​ចំណី​ចក្ខុ​ និង​ជាទី​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនាចរណ៍​នៅ​ប្រទេស​កម្ពុជា​។​

​ ​រាល់​សម្ភារៈ​បំពាក់​សុទ្ធតែ​ទំនើបៗ​ទៅតាម​ស្តង់ដារ​ ស្ថិត​នៅ​ក្នុង​កូន​វីឡា​តូចៗ​ទាំងនោះ​មាន​ផ្ទាំងគំនូរ គ្រឿងសង្ហារិម​ផ្សេងៗ​ប្រកបដោយ​ក្បូរក្បាច់​ល្អ​វិចិត្រ មាន​អាង​ងូតទឹក​នៅក្នុង​កូន​វីឡា​ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ត្រាំ​កាយ​បណ្ដើរ ​គយគន់​មើល​ទេសភាព​បណ្ដើរ​ តាម​ប្រឡោះ​មាត់​បង្អួច​ និង​មាន​សេវា​បម្រើ​ជូន​ដោយ​ម្ហូបអាហារ​យ៉ាង​ពិសេសៗ ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសា​កំដរ​ដោយ​ការ​ស្តាប់​តូរ្យតន្ត្រី​បំពេ​អារម្មណ៍​ឲ្យ​លន្លង់លន្លោច​លើក​កែវ​ស្រាបៀ​ និង​ស្រា​សាំ​ប៉ា​ញ​ក្រេប​រសជាតិ​ប្រកប​ទៅ​ដោយ​ភាព​រ៉ូ​ម៉ែន​ទិ​ក​ណាស់​។ អ្នកទេសចរ​ចូលចិត្ត​មក​កំសាន្ត​នៅ​លើ​កោះ​សង្សារ​នឹង​បាន​រីករាយ​ជាមួយ​បរិយាកាស​ធម្មជាតិ​បរិសុទ្ធ ហែល​ទឹក ដើរលេង​តាម​ឆ្នេរ​មើល​ព្រះ​សុរិយារះ​ និង​ពេល​ថ្ងៃ​លិច ​រួម​ទាំង​ការ​ញាំ​អាហារ​ជួបជុំ​ក្រុម​គ្រួសារ មិត្តភក្ដិ ឬ​គូស្នេហ៍ ដោយ​ភ្ញៀវ​ទេសចរ​អាច​បន្ត​ស្នាក់​នៅ​ក្នុង​កូន​វីឡា​ដ៏​ប្រណីត​ទាំង​នោះ​បាន​ចំណង់​ចំណូលចិត្ត។​

នៅ​កោះ​សង្សារ​លោកអ្នក​អាច​កុម្ម៉ង់​អាហារ​ញាំ​បាន​តាម​តម្រូវការ ពោល​មាន​អាហារ​បែប​ខ្មែរ​និង ​អឺរ៉ុប ​ឬ​ម្ហូប​កូនកាត់​ដែល​ល្បីឈ្មោះ​ចំអិន​ដោយ​ស្នាដៃ​ជនបរទេស​នៅ​ទី​នេះ​គឺ​ឆា​មឹក​អី​តា​លី​ និង​ការី​ភ្លៅកង្កែប​។ ទីនេះ​ប្រសិនបើ​លោកអ្នក​មិន​ធ្លាប់​មក​ទេ​ប្រាកដជា​គិតថា​ជា​កោះ​នៅ​ឆ្ងាយ​ដាច់​ស្រយាល​គ្មានអ្វី​ប្លែក​ឬ​សប្បាយ​នោះ​ឡើយ ប៉ុន្តែ​នៅពេល​យើង​បាន​មក​ដល់​ហើយ​ម្នាក់ៗ​ពិតជា​មិន​អាច​អត់ទ្រាំ​នឹង​ជញ្ជក់មាត់​ស្ងើចសរសើរ​នោះ​ឡើយ ព្រោះ​អ្វីៗ​ដែល​យើង​បាន​ប្រទះឃើញ​នៅ​មាន​លើ​កោះ​តូច​ច្រឡឹង​នេះ​វា​ពិតជា​អស្ចារ្យ​ណាស់​ថែមទាំង​មាន​រោងភាពយន្ត​បញ្ចាំង​រឿង​បែប​ហូលីវូដ​សម្រាប់​ភ្ញៀវ​ទេសចរ​ចូល​មើល​កំសាន្ត​នា​ពេល​រាត្រី​នៅ​លើ​កោះ​ថែម​ទៀត​ផង។​

មួយថ្ងៃ​ពេញ​ដំណើរ​កំសាន្ត​នៅ​លើ​កោះ​សង្សារ​ទាំង​ពេល​សុរិយា​រះ​រហូតដល់​ព្រះទិនករ​រលត់​អស្តង្គត​ទៅ​វិញ​នោះ​ គឺ​សុទ្ធ​តែ​ជា​ផ្ទាំងទស្សនីយភាព​ធម្មជាតិ​ដ៏​ស្រស់បំព្រង​រក​គ្មាន ពិសេស​នៅ​ក្បែរ​កោះ​សង្សារ​នេះ​ដែរ​ ក៏​នៅ​មាន​សម្រស់​ព្រៃកោងកាង​លាតសន្ធឹង​ប្រឹង​លូត​ចេញពី​ទឹក​ពណ៌​បៃតងខ្ចី​រាប់​រយ​ហិកតា​ រឹតតែ​បង្ហាញ​នូវ​ការ​ទាក់ទាញ ប៉ុន្តែ​តម្លៃ​នៃ​ការ​ស្នាក់នៅ​លេង​កំសាន្ត​លើ​កោះ​សង្សារ​នេះ​ក៏​វា​ញាក់សាច់​តាម​ហ្នឹង​ដែរ​ គឺ​ក្នុង​មួយ​បន្ទប់​ត្រូវ​ចំណាយ​ប្រាក់​ចាប់ពី​១.០៤០​ទៅ​៣.០០០​ដុល្លារ​ឯណោះ​៕​

ឥន្ទ្រី​យ៍​ទេព​




Post a Comment

0 Comments

Close Menu