កណ្ដាល ៖ សំណុំរឿងឃាតកម្មគិតទុកជាមុននិងការចាប់ការឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់ទៅលើកូនថៅកែហាងនំបុ័ងយីហោ"ហេង ចេង" ក្រុងតាខ្មៅ ប្រព្រឹត្តនៅភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤នោះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ បានធ្វើការប្រកាសលើកសវនាការ ទៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីជំនុំជំរះដោយមូលហេតុអវត្តមានមេធាវីការពារជនជាប់ចោទ។ នេះបើតាមការប្រាប់ឲ្យដឹងពីមន្ត្រីអនុរក្សពន្ធនាគារខេត្តកណ្តាល។
បើយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទមកតុលាការលេខ៦៤៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ចុះហត្ថលេខាដោយលោក ហេង ផេង ព្រះរាជអាជ្ញារងបានបញ្ជាក់ឲ្យដឹងថា លោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលបានបង្គាប់មកប្រធានពន្ធនាគារខេត្តកណ្ដាលឲ្យនាំជនជាប់ចោទចំនួន៣នាក់គឺទី១-ឈ្មោះ សេង ចាន់ធី ភេទប្រុស អាយុ២៤ឆ្នាំ ទី២-ឈ្មោះអឹន រស្មី ភេទប្រុស អាយុ២៩ឆ្នាំ ទី៣-ឈ្មោះ សេង សុក ភេទប្រុស អាយុ២៥ឆ្នាំ ទៅកាន់សាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង០៩និង៣០នាទីព្រឹក នៅបន្ទប់សវនាការទី៣ដើម្បីបើកសវនាការជំនុំជំរះពាក់ព័ន្ធសំណុំរឿងឃាតកម្មគិតទុកជាមុន ការចាប់ ការឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់ នៅភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ (សម្លាប់កូនថៅកែហាងនំបុ័ង"ហេង ចេង")។
មន្ត្រីពន្ធនាគារបានបញ្ជាក់ឲ្យដឹងទៀតថា ជនជាប់ចោទទាំង៣នាក់បានត្រូវនាំមកធ្វើការជំនុំជំរះបានត្រូវលើកពេលនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥វិញ ព្រោះដោយសារអវត្តមានមេធាវីការពារក្តី។ មន្ត្រីអង្គការអាតហុកប្រចាំនៅខេត្តកណ្តាលដែលបានតាមដានរឿងក្តីខាងលើនោះបានបញ្ជាក់ថា លោកមេធាវីការពារក្តីឲ្យជនជាប់ចោទទាំង៣នាក់ បានដាក់ពាក្យមកសាលាដំបូងខេត្តកណ្តាល សុំលើកពេលសវនាការដោយមូលហេតុនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ រូបគាត់បានជាប់ការពារឲ្យកូនក្តីនៅសាលាដំបូងរាជធានីភ្នំពេញ។ ដោយសារតែមានការស្នើសុំបែបនេះលោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលដែលកាន់សំណុំរឿងឃាតកម្មខាងលើ ក៏បានសម្រេចពន្យារពេលទៅថ្ងៃក្រោយវិញ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេប្រទះឃើញសាកសពយុវជនម្នាក់អណ្ដែតទឹកក្បែរជើងភ្នំកក់ ដែលស្ថិតក្នុងភូមិតារាជចុងកើត ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីភ្ញាក់ផ្អើលរួចមកទើបដឹងថា សពយុវជនរងគ្រោះជាកូនថៅកែហាងនំបុ័ង"ហេង ចេង" ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការឲ្យដឹងពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង ពិសិដ្ឋ ហៅស្រេង អាយុ២៥ឆ្នាំ មានមុខរបរជានិស្សិត មានទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយសាកសពនេះពិតជាកូនថៅកែហាងនំបុ័ង"ហេង ចេង" នៅក្រុងតាខ្មៅពិតមែន ។ ប្រភពបន្តថា ជនរងគ្រោះបានបាត់ខ្លួនពីផ្ទះតាំងពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។ លុះរហូតដល់ល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ដោយជនរងគ្រោះបានជិះរថយន្តមួយគ្រឿងចេញពីផ្ទះម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកកណ្ដាល 2A-9699មិនដឹងទៅទីណា។
សមត្ថកិច្ចខេត្តកណ្តាលបានឃើញរថយន្តខាងលើដែលក្រុមជនសង្ស័យយកទៅផ្លុងចោល នៅផ្លូវចូលបុរីស្វាយរលំ ក្នុងដីរបស់ឧកញ៉ា ថោង សារ៉ាត់ ស្ថិតក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
ករណីបាត់ខ្លួនកូនថៅកែហាងនំបុ័ងខាងលើត្រូវបានគេនិយាយថា ជនរងគ្រោះត្រូវជនសង្ស័យចាប់ចេញពីរថយន្តដែលជនរងគ្រោះជិះរួចដឹកចេញពីបុរីស្វាយរលំ ហើយត្រូវជនសង្ស័យបាញ់ត្រូវក្បាល២គ្រាប់ បណ្ដាលឲ្យស្លាប់រួចដឹកយកមកទម្លាក់ចោលនៅចំណុចកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីប្រទះឃើញសាកសពជនរងគ្រោះខាងលើកម្លាំងនគរបាលខេត្តកណ្តាល និងខេត្តកំពង់ស្ពឺបានចុះមកកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យជាឃាតករ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងករណីនេះជាករណីគំនុំ និងអាចជាករណីចាប់ជម្រិតផងដែរ។ តែទោះជាបែបណាសមត្ថកិច្ចហាក់មិនហ៊ានបញ្ចេញប្រភពច្បាស់លាស់ ដោយអះអាងថា រង់ចាំការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ និងឈានទៅកំណត់មុខសញ្ញាចាប់ជនសង្ស័យដឹងការពិតទាំងអស់គ្នា៕
មុនី
0 Comments