ភ្នំពេញ ៖ គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន បានចាកចេញពីមាតុប្រទេស កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមិត្តភាព និងស្វែងយល់អំពីការអភិវឌ្ឍវិស័យកសិកម្ម និងផ្លូវដែករបស់ប្រទេសចិនផងដែរ។
លោក ឈាង វុន បានប្រាប់ឲ្យដឹងនៅមុនពេលឡើងយន្តហោះថា ដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា គ្រោងនឹងជួបជាមួយអនុប្រធានសភាប្រជាជនចិនទូទាំងប្រទេស ជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន រួមនឹងថ្នាក់ដឹកនាំផ្សេងៗទៀតរបស់ចិន។ ជាមួយគ្នានេះ ក៏នឹងទៅទស្សនានៅស្ថានីយរថភ្លើងល្បឿនលឿន(៣០០គីឡូម៉ែត្រ ក្នុងមួយម៉ោង) នៅខេត្តជាប់ទីក្រុងប៉េកាំងផងដែរ។
លោកបន្ថែមថា មិត្តចិនបានជួយជំរុញការស្តា និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធដែលជាមូលដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច។ ម្យ៉ាងទៀតកិច្ចសហប្រតិបត្តិការជាអន្តរជាតិរវាងកម្ពុជាជាមួយមិត្តចិន គឺមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងត្រូវសិក្សាស្វែងយល់ពីគេ ថាតើកម្ពុជាអាចមានលទ្ធភាពដូចគេទេទៅថ្ងៃមុខ។ មួយផ្នែកទៀតទៅពិនិត្យមើលការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងប្រទេសចិន ដោយសារប្រជាជនកម្ពុជាយើងប្រហែល៨០ភាគរយ បានប្រកបរបរកសិកម្ម ត្រូវកែច្នៃឲ្យមានតម្លៃបន្ថែម៕
សុងយោ
0 Comments