Ad Code

ប្រជាពលរដ្ឋ​៣​សហគមន៍​សំណូមពរ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​ជ្រោយចង្វា​ពន្លឿន​ក្នុង​ការ​ដោះស្រាយ​


ភ្នំពេញ ៖ លោក ឃ្លាំង​ហួត អភិបាលខណ្ឌ​ជ្រោយចង្វា រួម​ជាមួយនឹង​មន្ត្រី​សាលា​ខណ្ឌ​ជ្រោយចង្វា​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​មាន​ដីធ្លី​ចម្ងាយ​១០០​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវជាតិ​លេខ​៦​ ស្ថិត​នៅ​ក្នុង​សង្កាត់​ចំនួន​៣ ពោល​គឺ​សង្កាត់​ជ្រោយចង្វា ​សង្កាត់​ព្រែក​តាសេក ​និង​សង្កាត់​ព្រែក​លៀប ​ដែល​មាន​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ពាក់ព័ន្ធ​ចំនួន​ជាង​១០០​គ្រួសារ ​និង​ពាក់ព័ន្ធ​ក្នុង​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វា​ដទៃទៀត ដើម្បី​ពិភាក្សា​គ្នា​ពន្លឿន​ក្នុង​ការ​ដោះស្រាយ និង​ការ​កសាង​ផ្លូវ​បេតុង​មួយ​ខ្សែ ស្រប​នឹង​ផ្លូវជាតិ​លេខ​៦​ចម្ងាយ​១០០​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវជាតិ​លេខ​៦ ហើយ​អាជ្ញាធរ​សន្យា​ថា​នឹង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ដោយ​មិន​ឱ្យ​ព្រួយ​ឡើយ​។​

ដោយ​ការ​ជួប​គ្នា​នោះ ​ពួកគាត់​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ក្នុង​ការ​រក​ដំណោះស្រាយ​ផ្លូវ​កណ្ដាល​ណាមួយ​ដែល​អាច​ទទួល​យក​បាន​ទាំងសងខាង ដោយ​មិន​មាន​ខាង​ណា​មានប្រៀប​ជាង​ខាង​ណា​ឡើយ​។​

ការ​ជួប​គ្នា​រវាង​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​សាល​ប្រជុំ​សាលា​ខណ្ឌ​ជ្រោយចង្វា ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​២០​នាក់​តំណាង​ឱ្យ​ប្រជា​ពលរដ្ឋ​ជាង​១០០​គ្រួសារ ដោយ​សំណូមពរ​នូវ​លក្ខខណ្ឌ​ចំនួន​៦​ចំណុច​ បើ​មិន​ដូច្នេះ​ទេ​ពួកគាត់​នឹង​រា​រាំង​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន​។​

មានប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នេះ លោក ​ឃ្លាំង​ ហួត បាន​លើក​ឡើង​អំពី​ការ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​ការចរចា​គ្នា​រវាង​អាជ្ញាធរ​ជាមួយ​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ ដោយ​លោក​ឡើង​ថា​ការ​អភិវឌ្ឍ​នេះ​លោក​ប្រើ​ពាក្យ​ថា​យក​ក្រុង​ចិញ្ចឹម​ក្រុង​។ ការ​ជួប​គ្នា​នេះ​គឺ​លោក​ក៏បាន​លើកឡើង​ពី​ការ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ដែល​ស្រប​នឹង​ផ្លូវជាតិ​លេខ​៦ ចម្ងាយ​១០០​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវជាតិ​លេខ​៦ មាន​ទទឹង​ទំហំ​១២​ទៅ​១៥​ម៉ែត្រ​ ចាប់ពី​គល់​ស្ពាន​ជ្រោយចង្វា​ទៅដល់​ផ្លូវ​បេតុង សម្ដេច ​ជា​ ស៊ីម នឹង​ដាក់​ប្រព័ន្ធ​លូ​ដើម្បី​រំដោះ​ទឹក​។ លោក​បន្ត​ថា ការ​ធ្វើ​ផ្លូវ​និង​លូ​ថ្មី​នេះ មិន​មាន​ការវិភាគ​ទាន​ឬ​រៃអង្គាស​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​នោះ​ទេ ពោល​គឺ​ខាង​ក្រុមហ៊ុន​ជា​អ្នក​រ៉ាប់រង​ទាំងអស់​។​

លោក​បាន​បន្ត​ទៀត​ថា តើ​ការ​ធ្វើ​ផ្លូវ​នេះ​ដើម្បី​ប្រយោជន៍​អ្នកណា គឺ​យើង​ចំណេញ​ទាំងអស់គ្នា​រវាង​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​ដែល​មាន​ការ​អភិវឌ្ឍ​រួមគ្នា ចំណែក​លោក​គឺ​បាន​មក​វិញ​នូវ​ការ​ស្រលាញ់​ជឿជាក់​ពី​ប្រជាពលរដ្ឋ ព្រោះ​លោក​នៅ​ក្មេង​នឹង​អាច​ឈរឈ្មោះ​ឱ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ទៅ​អនាគត ជាពិសេស​លោក​ចង់​សំដែង​ឱ្យ​ប្រជាពលរដ្ឋ​ដឹង​នូវ​ទង្វើ​ល្អ​របស់​អាជ្ញាធរ​។ ដោយ​លោក​មាន​គំនិត​អភិវឌ្ឍន៍​អាណិត​ស្រលាញ់​ជាមួយ​ប្រជាជន​ ដូច្នេះ​សូម​បងប្អូន​ធ្វើការ​យោគយល់ តែ​លោក​នៅតែ​ប្រកាន់​ជំហរ​ធ្វើ​ផ្លូវ​នេះ​ដើម្បី​ប្រយោជន៍​រួម​។​

លោក​បាន​មានប្រសាសន៍​ទៀត​ថា ចំណែក​ដី​របស់​បងប្អូន​ដែល​សល់​ពី​១០០​ម៉ែត្រ ពាក់ព័ន្ធ​ជាមួយ​គម្រោង​អភិវឌ្ឍ​ក្រុមហ៊ុន OCIC​ យើង​មិន​ទាន់​មាន​កម្មសិទ្ធិ​ទេ ហើយ​អ្នកណា​ក៏​ចង់បាន​កម្មសិទ្ធិ​ដែរ ដូច្នេះ​តំបន់​នេះ​បើ​មានកម្ម​សិទ្ធិ​នឹង​ឡើងថ្លៃ ហើយ​លក់​បាន​ថ្លៃ​ទៀត ខណៈ​ធ្វើ​ផ្លូវ​រួច​អាច​មួយ​ម៉ែត្រ​ការេ​រាប់ពាន់​ដុល្លារ​។​

ជាមួយគ្នា​នោះ លោក​អភិបាលខណ្ឌ​ក៏បាន​សន្យា​ថា​ធ្វើ​ការចរចា​សម្របសម្រួល​រក​ផ្លូវ​កណ្ដាល​មួយ​ចំណេញ​ទាំង​សង​ខាង ដោយ​មិន​ឱ្យ​មាន​ទំនាស់ ឬ​ការប្រើ​អំពើ​ហិង្សា​ជាដាច់ខាត និង​ត្រូវ​ប្រើ​រយៈពេល​យូរ​ ដោយ​លោក​សុំ​ឱ្យ​ជំនាញ​ធ្វើការ​វាស់វែង សាកល្បង​មើល ថា​តើ​មាន​ផល​ប៉ះពាល់​ប៉ុណ្ណា។​

នា​ឱកាស​នោះ​ដែរ​ បងប្អូន​ប្រជាពលរដ្ឋ​បាន​យល់ព្រម​ឱ្យ​មាន​ការវាស់វែង តែ​មិនទាន់​យល់​ព្រម​ថា​ត្រូវ​អនុញ្ញាត​ឱ្យធ្វើ​ផ្លូវ​នោះ​ទេ គឺ​យើង​ចរចា​គ្នា​សិន ប៉ុន្តែ​ពួកគាត់​បាន​សុំ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ក្នុង​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឱ្យ​បាន​ឆាប់​ ព្រោះ​ពួកគាត់​តិច​ឮ​ចេះ​ឮ​ចុះ​មាន​អារម្មណ៍​មិន​ស្ងប់​ឡើយ ហើយ​ពួក​គាត់​សុំ​ឱ្យ​លោក​ឃ្លាំង​ហួត​នៅ​ជាមួយ​ប្រជាជន​មិន​ត្រូវ​បោះបង់​ពួកគាត់​ឡើយ ព្រោះ​ពួកគាត់​នៅ​ជិត​អាជ្ញាធរ​ខណ្ឌ​ជាងគេ​។​

លោក​បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ខ្លះ​បាន​មក​ទិញ​ដី​នេះ​ក្រោយ​ការ​បង្កក​មិន​ឱ្យ​លក់ដូរ​តាំងពី​ឆ្នាំ​១៩៩៤ ពោល​គឺ​ប្រជាពលរដ្ឋ​បាន​ទិញ​ក្រោយ​ឆ្នាំ​១៩៩៤ ដូច្នេះ​ការ​ដោះស្រាយ​គឺ​មាន​លក្ខណៈ​ខុស​គ្នា ហើយ​បាន​ជំរុញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួបគ្នា​ដោះស្រាយ​រវាង​សាលា​រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន ដើម្បី​បញ្ចប់ ដោយ​ការ​យល់យោគ​ទន់ភ្លន់​ជាមួយគ្នា​យល់ចិត្ត​គ្នា​។ លោក​បាន​បន្ត​ថា មក​ដល់​ពេលនេះ​ ក្រុមហ៊ុន​បាន​ដោះស្រាយ​រួចរាល់​ជូន​ប្រជាជន​បាន​៥០​ភាគរយ​ ហើយដោយ​ប្រើ​យុទ្ធសាស្ត្រ​ចាប់​ក្រុមហ៊ុន​ និង​ប្រជាពលរដ្ឋ​ឱ្យ​ជួបគ្នា​ដោះស្រាយ​ដោយ​សន្តិវិធី​ឈរ​លើ​ជំហរ​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា​៕

ឌី​រៀ​

Post a Comment

0 Comments

Close Menu