Ad Code

ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់ K-Cement លេខ​មួយ​៥.០០០​ដុល្លារ​


ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់ K-Cement ទម្ងន់​៦០​គីឡូក្រាម លើ​សង្វៀន​SEA-TV នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ​ ឆ្នាំ​២០១៥​នេះ​ទៅ​ហើយ​។ នេះ​ជា​ការ​បើក​សង្វៀន​ថ្មី​រៀង​រាល់​ល្ងាច​ថ្ងៃ​សៅរ៍​របស់​SEA-TV​។​

ថ្លែង​ក្នុង​សន្និសីទកាសែត​នា​ថ្ងៃទី​០៩​ ខែកុម្ភៈ លោក​ គិត គឹម​អ៊​ន ​តំណាង K-Cemant បញ្ជាក់​ថា កន្លងមក​ខេ​ស៊ី​មេន​ធ្លាប់​បង្កើត​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​ជើងឯក​ខេ​ស៊ី​មេន​នេះ​ម្តង​រួច​មក​ហើយ ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ហើយ​ការបង្កើត​ព្រឹត្តិការណ៍​ថ្មី​លើក​នេះ ក៏ដោយ​សារ​ចង់​ចែករំលែក​ដល់​អ្នក​ស្នេហា​ និង​គាំទ្រ​កីឡាប្រដាល់​នូវ​ឱកាស​ក្នុង​ការ​ទស្សនាការ​ប្រកួត ដែល​ពីមុន​ប្រកួត​តែមួយ​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​លើក​នេះ​គឺ​បន្ថែម​ការប្រកួត​ដល់​២​ម៉ោង ហើយ​រង្វាន់​ជើងឯក​ក៏​ធំ​ជាង​មុន​ដែរ​គឺ​៥.០០០​ដុល្លារ​។​

សម្រាប់​ការប្រកួត​កំពូល​ជើងឯក​ខេ​ស៊ី​មេន​ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន​៨​រូប​ចូលរួម​ប្រកួត​។ អ្នក​ប្រដាល់​ទាំង​៨​នាក់​នោះ​រួមមាន ​មាស ច័ន្ទ​មាន សមាគម​កីឡា​ប្រដាល់​ក្រសួងការពារជាតិ ,​ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ , ជ័យ ប៊ុន​សង់ ក្លិប​គី​សែ​មាន​រិ​ទ្ធ , លាស់ យីន ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន , ថុល មករា ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ , សូត្រ ប៊ុន​ធី ក្លឹប​បក្សី​ស្លាប​ដែក , ឪ​ម សំរេច ក្លិប​កងពលតូច​ឆ័​ត្រ​យោង​៩១១ និង ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​។​

ការប្រកួត​តាម​រូបមន្ត​វិល​ជុំ​ជម្រុះ​ដោយ​គិត​ពិន្ទុ ដែល​មាន​បី​ជុំ​។ ជុំ​ទី​១-អ្នក​ប្រដាល់​ទាំង​៨​នាក់ ត្រូវ​ប្រកួត​វិល​ជុំ​ដោយ​ជម្រុះ​ចោល​២​នាក់ ដោយ​ក្នុង​ជុំ​ទី​១​នេះ តម្លៃ​ខ្លួន​ក្នុង​អ្នកឈ្នះ​បាន​៦០​ម៉ឺន​រៀល អ្នក​ចាញ់​៤០​ម៉ឺន​រៀល​។​ ជុំ​ទី​២-អ្នក​ប្រដាល់​ដែល​នៅសល់​៦​នាក់​នោះ ត្រូវ​ប្រកួត​វិល​ជុំ​ជម្រុះ​ដោយ​គិត​ពិន្ទុ​ដដែល ដោយ​ជម្រុះ​ចោល​២​នាក់​ទៀត ហើយ​តម្លៃ​ខ្លួន​ក្នុង​ជុំ​ទី​២​នេះ​ក៏ដូចជា​ជុំ​ទី​១​ដែរ​។ ចំពោះ​ជុំ​ទី​៣-អ្នក​ប្រដាល់​សល់​៤​នាក់​នោះ ក៏​ត្រូវ​ប្រកួត​វិល​ជុំ​ជម្រុះ​ដោយ​គិត​ពិន្ទុ​ដែរ ដោយ​ជម្រុះ​ចោល​២​នាក់​បន្ថែម​ទៀត ទុក​២​នាក់​សម្រាប់​បន្ត​ការប្រកួត​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​១​។​ ក្នុង​ការ​ប្រកួត​ជុំ​ទី​៣​នេះ តម្លៃ​ខ្លួន​កីឡាករ​ក៏​ដូច​ជុំ​ទី​១​និង​ជុំ​ទី​២​ដែរ គឺ​ឈ្នះ​៦០​ម៉ឺន​រៀល​ចាញ់​៤០​ម៉ឺន​រៀល​។​

លោក ហេង សុធា នាយក​ទីផ្សារ​និង​ទំនាក់ទំនង​សាធារណៈ​SEA-TV បាន​ចាត់ទុកថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែល​បង្ក​ឲ្យ​អ្នក​ប្រដាល់​ទាំង​៨​រូប​នេះ ត្រូវ​ប្រជែង​គ្នា​យក​រង្វាន់​ដែល​អាច​ជួយ​កែ​ប្រែ​ជីវភាព​បាន​។ ការប្រកួត​នេះ អ្នក​ដែល​ដណ្ដើម​បាន​តំណែង​ជើងឯក​ម្ចាស់​ខ្សែក្រវាត់​ខេ​ស៊ី​មេន ទម្ងន់​៦០​គីឡូក្រាម​នោះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​គឺ​២០​លាន​រៀល ដែល​ស្មើនឹង​៥.០០០​ដុល្លារ​អាមេរិក និង​លេខ​២ បាន​១០​លាន​រៀល​ស្មើនឹង​២.៥០០​ដុល្លារ​អាមេរិក​។​

លោក​ឧត្តមសេនីយ៍​ឯក ​តែម ម៉ឺន​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​ក្រើនរំលឹក​ដល់​គណៈកម្មការ​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ត្រូវតែ​កាត់ក្តី​ឲ្យ​បាន​ត្រឹមត្រូវ សុក្រឹត យុត្តិធម៌​។​ហើយ​លោក​ក៏​បាន​ប្រកាស​នឹង​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​ប្រដាល់ ដែល​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ឲ្យ​ធ្ងន់​ជាង​ការប្រកួត​ធម្មតា​ផង​ដែរ ព្រោះ​នេះ​ជា​ការ​ប្រកួត​ក្នុង​លក្ខណៈ​ពិសេស​បំផុត​។

ជាមួយនឹង​ប្រាក់​រង្វាន់​ដ៏​ធំ​នេះ លោក​ ម៉ិ​ល កាដូ អគ្គនាយករង​កីឡា​តំណាង​ក្រសួង​អប់រំ​បាន​ផ្តាំផ្ញើ​ដល់​កីឡាករ ត្រូវតែ​ធ្វើខ្លួន​ឲ្យ​បាន​ល្អ គោរព​ឲ្យ​បាន​ដាច់ខាត​នូវ​វិន័យ សីលធម៌ ពិសេស​ត្រូវ​រក្សា​ទម្ងន់​របស់​ខ្លួន​៦០​គីឡូក្រាម​ឲ្យ​បាន​ល្អ​។​

គួរ​បញ្ជាក់​ថា ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​ ទី​១៤ ខែកុម្ភៈ​នេះ អ្នក​ប្រដាល់​ទាំង​៨​រូប​នឹង​ឡើង​ប្រកួត​ទាំង​អស់គ្នា ដែល​មាន​៤​គូ គឺ ឪ​ម សំរេច ជួប​ប្រកួត​ជាមួយ ណា​ម ម៉ូ​រ៉ា​ក់ , ថុល មករា ជួប មាស ច័ន្ទ​មាន , ជ័យ ប៊ុន​សង់ ជួប ឃីម បូរ៉ា ហើយ សូត្រ ប៊ុន​ធី ជួប លាស់ យីន​៕​

វិ​សិទ្ធ


Post a Comment

0 Comments

Close Menu