Ad Code

អ៊ុំ ចំរើន ឡើង​ទូទាត់​បំណុល​ជាមួយ ​រឿ​ម វ​ណ្ណះ​


ភ្នំពេញ​ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ អ៊ុំ ចំរើន ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​នឹង​ឡើង​ប្រកួត​សងសឹក​អ្នក​ប្រដាល់​ រឿ​ម វ​ណ្ណះ ក្លិប​កីឡា​កងយោធពល​ខេមរភូមិន្ទ​នា​ល្ងាច​ថ្ងៃអាទិត្យ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​លើ​សង្វៀន​TV3​។​

អ៊ុំ ចំរើន ធ្លាប់​វាយ​ចាញ់ រឿ​ម វ​ណ្ណះ ចំនួន​៣​លើក​ហើយ​កាល​ពី​ពេល​កន្លងមក ដែល​ជួប​លើក​ទី​១​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១២ គេ​ចាញ់ ​វ​ណ្ណះ​ ក្នុង​ទឹក​ទី​៣ ហើយ​ជួប​លើក​ទី​២​ថ្ងៃទី​២៦ ​ខែ​ឧសភា​ ឆ្នាំ​២០១៣ គេ​ចាញ់​ក្នុង​ទឹក​ទី​១ និង​ជួប​លើក​ទី​៣​នា​ថ្ងៃទី​០៧ ខែ​មិថុនា​ ឆ្នាំ​២០១៤ គេ​វាយ​ចាញ់​ក្នុង​ទឹក​ទី​២​ដែល​ធ្វើ​ឲ្យ​គេ​មិន​អស់ចិត្ត​ហើយ​សុំ​ប្រកួត​ទូទាត់​បំណុល​ជាមួយ វ​ណ្ណះ ម្តងនេះ​ទៀត ។ សម្រាប់​ការប្រកួត​សងសឹក​របស់ ​អ៊ុំ ចំរើន​លើក​ទី​៣​នេះ ពុំ​ដឹង​ថា​គេ​អាច​សម្រេច​បំណង​បាន​ឬ​អត់​នោះ​ទេ​? តែ​យ៉ាងណា ​អ៊ុំ ចំរើន សព្វ​ថ្ងៃ​នេះ​ពុំ​មែន​ដូចជា ​ចំរើន ​កាលពី​ពេលមុន​នោះ​ឡើយ​។ ការប្រកួត​ចុងក្រោយ​នេះ ចំរើន បាន​វាយ​ជាមួយ​ថៃ ដោយ​ចាញ់​ត្រឹម​ពិន្ទុ​ប្រផិតប្រផើយ​ប៉ុណ្ណោះ​។ ដូច្នេះ អ៊ុំ ចំរើន គេ​ខ្លាំង​ជាង​មុន​។ រឿ​ម វ​ណ្ណះ គេ​ជា​អ្នក​ប្រដាល់​មិនធម្មតា​ឡើយ​។ គេ​មាន​ស្នៀត​ប្រដាល់​កាចៗ​ណាស់ ហើយ​ថែមទាំង​វាយ​មិន​ចេះ​ខ្លាច​គូប្រកួត​ទៀត​ផង​។ ទោះជា​ឈ្នះ​ឬ​ចាញ់​គូប្រកួត វ​ណ្ណះ​ មិន​គិត​ទេ​គឺ​ដឹង​តែ​វាយ​សម្រុក​ជានិច្ច​។​ ចំណុច​ពិសេស​របស់ ​រឿ​ម វ​ណ្ណះ គឺ​ស្នៀត​ទាត់​និង​កែង​។ ប៉ុន្តែ​សម្រាប់​ឥឡូវ រឿ​ម វ​ណ្ណះ រាង​ចុះ​ខ្សោយ​បន្តិច​ហើយ​។ ការប្រកួត​ចុង​ក្រោយ​នេះ គេ​វាយ​ចាញ់​ ធី តុង​ហ៊ី អ្នក​ប្រដាល់​ក្លិប​សាលវ័ន​កីឡា​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២៤​ ខែ​មករា​កន្លង​មក​នេះ​។​ អ៊ុំ ចំរើន ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​។ អ្នក​ប្រដាល់​រូប​នេះ ឲ្យ​តែ​គេ​ដាក់​ចិត្ត​ថា​ប្រកួត គឺ​វាយ​គ្មាន​ប្រណី​ដៃ​ដែរ​។ ចំរើន មាន​ទម្លាប់​មួយ​គឺ​ចង់​ផ្ដួល​ដៃគូ​ប្រកួត​ឲ្យ​សន្លប់​ភ្លាមៗ​តែម្តង ពោល​គឺ​ក្នុង​បី​ទឹក​ដំបូង ចំរើន វាយ​សម្រុក​មិន​សំចៃ​ដៃ​ទេ ធ្វើ​យ៉ាង​ណា​ផ្ដួល​ដៃគូ​ភ្លាមៗ តែបើ​ក្នុង​បី​ទឹក​នេះ​បំបាក់​គេ​មិនបាន​នោះ គឺ​ច្បាស់​ជា​ចាញ់​គេ​វិញ​មិន​ខាន ព្រោះ​ទឹក​ចុងក្រោយ​គេ​អស់​កម្លាំង​ស៊ុ​ហ្វ​។

រឿ​ម វ​ណ្ណះ ក៏​មាន​ទម្លាប់​ដូចគ្នា​ជាមួយ​ចំរើន​នេះ​ដែរ គឺ​ប្រកួត​ច្រើន​ចូល​ប្ដូរ​កណ្ដាប់ដៃ កែង ទាត់ និង​ចូលចាប់​វ៉ៃ​ជង្គង់ ហើយ​បើ​វាយ​ពីរ​ឬ​បី​ទឹក​ដំបូង ផ្ដួល​គូប្រកួត​មិនបាន​ទេ​នោះ រឿ​ម វ​ណ្ណះ ច្បាស់​ជា​ចាញ់​គេ​វិញ​ដែរ​។

ទោះបីជា​យ៉ាងណា សម្រាប់​ការ​ជួបគ្នា​រវាង អ៊ុំ ចំរើន និង រឿ​ម វ​ណ្ណះ នេះ ពុំ​មាន​នរណា​ហ៊ាន​ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ព្រោះ​អ្នក​ប្រដាល់​ពីរ​នាក់​នេះ​មាន​ផ្លែ​ល្អ​ប្រហាក់​ប្រហែល​គ្នា​។​ ដូច្នេះ​រឿង​ឈ្នះ​ចាញ់ គឺ​អាស្រ័យ​លើ​កម្លាំង​ស៊ុ​ហ្វ​របស់​ពួកគេ​ធានា​បាន​ឬ​មិនបាន​ប្រាំ​ទឹក​នោះ​។​

ជ័យ វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​នឹង​ជួប​ប្រកួត​ជាមួយ​រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​។ ពីរ​នាក់​នេះ មាន​ស្នៀត​ប្រដាល់​ប្រដំប្រសង​គ្នា គ្រាន់តែ​ខុសគ្នា​រឿង​កម្លាំង​ស៊ុ​ហ្វ​តែប៉ុណ្ណោះ​។ ដូច្នេះ ក្នុង​ការ​ជួបគ្នា​នេះ ការ​ឈ្នះ​ចាញ់​របស់​ពួកគេ​ទាំងពីរ គឺ​កំណត់​ត្រង់​ស៊ុ​ហ្វ​នរណា​ខ្លាំង​អ្នក​ហ្នឹង​ឈ្នះ​ហើយ​។​

ការប្រកួត​ចុងក្រោយ ជ័យ វ​ណ្ណះ​ វាយ​ឈ្នះ​ ស៊ឹម ប៊ុនឆៃ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់​ដំបង​ដោយ​ពិន្ទុ ឯ រឿង សា​រ័ត្ន ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​ ហ៊ែ​ល វ៉ា ដោយ​ពិន្ទុ​។ អ៊ុង ស៊ីណា អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​ សេង កំសត់ អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ​។ ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​២​ដង​ហើយ​កាលពី​ចុងឆ្នាំ​២០១២ ដោយ​ សេង កំសត់ ​ចាញ់ ​ស៊ីណា​ទាំង​ពីរ​ដង​។ សេង កំសត់ ទើបតែ​វាយ​ឈ្នះ​ ឡុង ប៊ុន​យី​ម អ្នក​ប្រដាល់​ក្លិប​សាលវ័ន​កីឡា​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០១​ ខែកុម្ភៈ​កន្លង​មក​នេះ​។ ទោះជា​យ៉ាងណា កំសត់​គេ​ល្អ​និង​វាយ​មាន​ផ្លែ​ទៀត​ផង​។

អ៊ុង ស៊ីណា មានចិត្ត​ប្រដាល់​ធំ​មិនសូវ​ខ្លាច​ទេ ម្ល៉ោះហើយ​ការប្រកួត​របស់​គេ​ភាគច្រើន​ទទួល​បាន​លទ្ធផល​ល្អ​។ ប្រកួត​ចុងក្រោយ ស៊ីណា​ វាយ​ឈ្នះ ​ឌី​ម សារិទ្ធ ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម​ដោយ​ពិន្ទុ​។ ចាំ​មើល អ៊ុង ស៊ីណា គេ​អាច​យកឈ្នះ ​សេង កំសត់ បាន​ទៀត​ដែរ​ឬ​អត់​លើក​នេះ​? ​

ផាន់ ផាត់​យុទ្ធ អ្នក​ប្រដាល់​ក្លិប​សាលវ័ន​កីឡា​នឹង​ប្រកួត​ជាមួយ ​ថន រ៉ា​ឌី​(​រាជសីហ៍ ចាន់​ឌី​) អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​។ គូ​នេះ មិនដែល​ជួបគ្នា​ទេ​ពី​មុន​មក ប៉ុន្តែ​សម្រាប់​ការប្រកួត​នេះ គេ​មិន​មាន​ជំនឿ​ថា​ ផាត់ ​យុទ្ធ ឈ្នះ ​រ៉ា​ឌី នោះ​ឡើយ​ ? ​

ភិន សុធី អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​នឹង​ជួប​ប្រកួត​ជាមួយ​ ខឿន ឡាក់​គី អ្នក​ប្រដាល់​ក្លិប​កង​ពល​តូច​ទ័ព​ឆ័​ត្រ​យោង​៩១១​។ ពួកគេ​ទាំងពីរ​ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី​ដូចគ្នា​៕




Post a Comment

0 Comments

Close Menu