Ad Code

ឈឿន ឆៃ​ដែន​ ជួប​ សល់​ ពិសិដ្ឋ ឯ ​ម៉ន លី​ហ៊ួ​រ​ ជួប​ ស្រេង​ ស្រឿ​ន ​ក្នុង​ជំនួប​ខ្សែក្រវាត់​លី​អូ​ជុំ​ទី​២


ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​លី​អូ​ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន​រោង​សៀក​មុខ​រដ្ឋសភា នៅ​ថ្ងៃអាទិត្យ​ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ ជា​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២ សប្ដាហ៍​ទី​៤ ។ ជុំ​ទី​២​នេះ មាន​ចំនួន​២​គូ ដែល​ជា​ការប្រកួត​រវាង ​ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង​ សល់ ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា និង​មួយគូ​ទៀត​ ម៉ន លី​ហ៊ួ​រ អ្នក​ប្រដាល់​ក្លិប​ការិយា​ល័យ​ទី​៥​កងទ័ពជើងគោក​ជួប ​ស្រេង ស្រឿ​ន ​អ្នក​ប្រដាល់​ក្លិប​ព្រះខ័នរាជ្យ​។​

ឈឿន ឆៃ​ដែន កាលពី​ប្រកួត​ជុំ​ទី​១ បាន​វាយ​ឈ្នះ​ ស្រេង ស្រឿ​ន ដោយ​ពិន្ទុ​ទាំង​លំបាក​។ តែ​សម្រាប់​ការ​ជួប​ សល់ ពិសិដ្ឋ នៅ​ជុំ​ទី​២​នេះ ឆៃ​ដែន ​ប្រហែលជា​មិន​លំបាក​នោះ​ទេ ព្រោះថា ​សល់ ពិសិដ្ឋ មិនជា​ខ្លាំង​ដូចជា ​ស្រេង ស្រឿ​ន​នោះ​ឡើយ​។​

រវាង ​ឈឿន ឆៃ​ដែន និង សល់ ពិសិដ្ឋ​នេះ ធ្លាប់​ប៉ះ​គ្នា​បី​លើក​មក​ហើយ​កាល​ពី​ពេល កន្លង​មក ដែល​ក្នុង​បី​លើក​នេះ​ ឆៃ​ដែន​ ឈ្នះ​ ពិសិដ្ឋ​ ទាំង​បី​លើក​។ ដូច្នេះ​សម្រាប់​ជំនួប​លើក​នេះ ក៏​ក្រុម​អ្នក​វិភាគ​ប្រដាល់​នៅតែ​អះ​អាង​ថា ឈឿន ឆៃ​ដែន​នៅតែ អាច​ឈ្នះ​ សល់ ពិសិដ្ឋ​ដដែល ព្រោះថា​ពិសិដ្ឋ ​គេ​មិន​ខ្លាំង​ដល់ ​ឆៃ​ដែន​ នោះ​ទេ​។

ឈឿន ឆៃ​ដែន ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់ដៃ​ល្អ​និង​ទាត់​ខ្លាំង ចិត្ត​ប្រដាល់​ក៏​ធំ​ថែម​ទៀត​។ ចំណែក ​សល់ ពិសិដ្ឋ​វិញ គេ​មាន​កម្លាំង​ខ្សោយ ហើយ​វាយ​ក៏​ពុំ​មាន​ផ្លែ​ល្អ​ដែរ កាលពី​ប្រកួត​ជម្រុះ​ជុំ​ទី​១ ពិសិដ្ឋ​ បាន​វាយ​ចាញ់ ​ម៉ន លី​ហ៊ួ​រ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​ដោយ​ពិន្ទុ​។​

ទោះជា​យ៉ាងណា សម្រាប់​ជំនួប​រវាង​ ឈឿន ឆៃ​ដែន និង សល់​ ពិសិដ្ឋ ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២​នេះ គេ​មាន​ជំនឿ​ទុកចិត្ត​ថា ឆៃ​ដែន​ នឹង​ឈ្នះ​ការប្រកួត​នេះ​។ ចំពោះ​ការប្រកួត​ជម្រុះ​មួយគូ​ទៀត​នោះ ម៉ន លី​ហ៊ួ​រ​ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​នឹង​ជួប​ជាមួយ​ ស្រេង ស្រឿ​ន អ្នក​ប្រដាល់​ក្លិប​ព្រះខ័នរាជ្យ​។ ពួកគេ​ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះ​គ្នា​ទេ​កន្លងមក​។

ម៉ន លី​ហ៊ួ​រ គេ​បាន​៣​ពិន្ទុ​ហើយ បន្ទាប់ពី​ការប្រកួត​ជុំ​ទី​១ គេ​បាន​វាយ ​សល់ ពិសិដ្ឋ​ដោយ​ពិន្ទុ​នោះ ។ ឯ ស្រេង ស្រឿ​ន​ គេ​បាន​១​ពិន្ទុ​ទេ ដោយ​ការប្រកួត​ជុំ​ទី​១ គេ​បាន​វាយ​ចាញ់​ ឈឿន ឆៃ​ដែន​ដោយ​ពិន្ទុ​នោះ​។

ស្រេង ស្រឿ​ន ទំនងជា​រកបាន​៣​ពិន្ទុ​បន្ថែម ក្នុង​ការ​ជួប​ ម៉ន លី​ហ៊ួ​រ ព្រោះថា​ ស្រឿ​ន​ គេ​មាន​ប្រៀប​ខាង​កម្ពស់ និង​វាយ​ខ្លាំង​ជាង​ លី​ហ៊ួ​រ ហើយ​ថែមទាំង​មាន​ចិត្តធំ​មិន​ចេះ​ខ្លាច​ថែមទៀត ឯ​ការ​វាយ​របស់​គេ​ក៏​ច្បាស់​ដែរ​។

ទោះជា​យ៉ាងណា ស្រេង ស្រឿ​ន មិនអាច​មើលស្រាល​ លី​ហួរ​ បាន​ឡើយ ​ដោយសារ​ លី​ហ៊ួ​រ​ថ្វីត្បិតតែ​ទាប​ក្តី ប៉ុន្តែ​គេ​មាន​កណ្ដាប់ដៃ​ខ្លាំង និង​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​រឹងមាំ​ផង​ដែរ​។​ តែ​ភ្លាត់​ត្រូវ​កណ្ដាប់​ដៃ​របស់ ​លី​ហ៊ួ​រ ហើយ ច្បាស់​ជា​មិន​ងាយ​ស្តា​លទ្ធផល​បាន​នោះ​ឡើយ។​

ទោះជា​យ៉ាងណា សម្រាប់​ការ​ជួប​ប្រកួត​គ្នា​រវាង​ ស្រេង ស្រឿ​ន និង ​ម៉ន លី​ហ៊ួ​រ​នេះ មិនអាច​ទាយ​មុន​ថា នរណា​ជា​អ្នកឈ្នះ​នោះ​ទេ ព្រោះ​ការប្រកួត​ខ្សែក្រវាត់​គឺ​អត់​មាន​ហ៊ាន​ប្រហែស​រៀងៗ​ខ្លួន ដើម្បី​សន្សំ​ពិន្ទុ​៕

Post a Comment

0 Comments

Close Menu