Ad Code

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ចុះ​ត្រួតពិនិត្យ​ការ​ប្រមូល​ផល​ដំឡូង​មី​ប្រភេទ​ពូជ​បង្កាត់​ថ្មី​ឈ្មោះ​៨៩ របស់​កសិករ​នៅ​ស្រុក​សាលា​ក្រៅ


ប៉ៃលិន ៖ ដើម្បី​ឲ្យ​ទិន្នផល​ដំណាំ​កសិកម្ម មានការ​រីកចម្រើន​ពិសេស​ដំឡូង​មី ដូច្នេះ ប្រជាកសិករ​ត្រូវ​តែ​មាន​ការ​ជ្រើសរើស​ពូជ​ជា​ចម្បង ព្រមទាំង​មាន​បច្ចេកទេស​ត្រឹមត្រូវ មិន​ត្រូវ​ដាំ​ពូជ​ដែល​ពុំ​មាន​គុណភាព​នៅ​លើ​ដី​នោះ​ឡើយ ហើយ​ម្យ៉ាងវិញទៀត​កសិករ​ត្រូវ​ទាញ​យក​បទពិសោធន៍​ពី​អ្នកដទៃ​ដែល​ធ្លាប់ធ្វើ​ការ​ដាំដុះ ឬ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន​ផង​ដែរ​។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៥ លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ពូជ​ដំឡូង​មី​បង្កាត់​ថ្មី ឈ្មោះថា​៨៩ ដែល​នាំ​មកពី​ប្រទេស​ថៃ ស្ថិតនៅ​ចំណុច​ក្បាល​ឡាន ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន របស់​កសិករ​គម្រូ ដែល​បាន​ទទួល​បាន​ទិន្នផល​ខ្ពស់ កំពុង​ប្រមូល​ផល ដោយមាន​ការចូលរួម​ពី​ប្រធានកា​រិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម​ខេត្ត ប្រធាន​និង​អនុប្រធាន​សហគមន៍ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាកសិករ​ជាច្រើន​នាក់​ផង​ដែរ​។

លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា​ ដំឡូង​មី​ដែល​ប្រជាក​សិករ​ដាំ នៅ​ខេត្ត​ប៉ៃលិន មាន​ច្រើន​ប្រភេទ ក្នុង​នោះ​ដែរ​ប្រភេទ​ពូជ​បង្កាត់​ថ្មី ដែល​មាន​ឈ្មោះថា​៨៩ នាំចូល​ពី​ប្រទេស​ថៃ ប្រជាកសិករ​អាច​ទទួល​ផល​ក្នុង​១​ហិកតា​រហូតដល់​ជាង​៥០​តោន លើស​ពី​ពូជ​ធម្មតា​ដែល​ធ្លាប់​ដាំ ក្នុង​១​ហិកតា​ចំនួន​២៥​ទៅ​៣០​តោន​ប៉ុណ្ណោះ​។ លោក​បន្ត​ថា ក្រុមការងារ​របស់​មន្ទីរ និង​អ្នកចូលរួម បាន​សាកល្បង​ដក​ដំឡូង​មី​ក្នុង​ចម្ការ​នេះ​មក​ថ្លឹង ឃើញថា​ទទួល​បាន​ផល​ច្រើន បើ​ប្រៀបធៀប​ពី​ទិន្នផល ពូជ​ដំឡូង​មី​ធម្មតា និង​ពូជ​ដំឡូង​បង្កាត់​ពូជ​ថ្មី ចំណែក​ទិន្នផល ក៏​ខុសគ្នា​ដែរ​ក្នុង​១​ហិកតា​ដូចគ្នា​។ លោក​ប្រធាន​មន្ទីរ​ក៏បាន​ណែនាំ​ដល់​ប្រជាកសិករ​ទាំងអស់​ឲ្យ​បែរមក​ជ្រើស​រើស​ពូជ​បង្កាត់​ថ្មី​ដែល​មាន​ឈ្មោះថា​៨៩​នេះ​វិញ ព្រោះថា​វា​ធន់​នឹង​អាកាសធាតុ ,​មានការ​ងាយ​ស្រួល​ក្នុង​ការ​ថែទាំ ហើយ​មើម​មាន​ទំហំ​ធំ​វែង​ល្អ ជាពិសេស​ប្រភេទ​ពូជ​នេះ​សម្បូរ​ទៅ​ដោយ​ម្សៅ​ដែល​មាន​ទម្ងន់​ធ្ងន់​ថែម​ទៀត​ផង​។ លោក​បញ្ជាក់​ថា តម្លៃ​ដំឡូង​មី​បច្ចុប្បន្ន​កំពុងតែ​ធ្លាក់ចុះ ដោយ​សារ​ទីផ្សារ​របស់​ប្រទេសជិតខាង​ធ្លាក់ចុះ​ផង​ដែរ ហើយ​លោក​នឹង​អាជ្ញាធរ​ខេត្ត​កំពុងតែ​សម្រប​សម្រួល​នឹង​រក​វិធី​ដោះស្រាយ​អំពី​ការ​ប្រឈម​នេះ​។​

ប្រជាកសិករ​ម្នាក់ ឈ្មោះ អ៊ុក ទូច ជា​កសិករ​គម្រូ និង​ជា​ម្ចាស់​ចម្ការ​ដែល​ដាំ​ពូជ​ដំឡូង​មី​បង្កាត់​ថ្មី​បាន​ឱ្យ​ដឹង​ថា​ កាលពីមុន​លោក​បាន​ដាំ​ពូជ​ធម្មតា ដោយ​ក្នុង​១​ហិកតា ទទួល​បាន​ផល​ត្រឹម​តែ​២៥ ទៅ​៣០​តោន​ប៉ុណ្ណោះ​។ តែ​បច្ចុប្បន្ន​គាត់​ជ្រើសរើស​ពូជ​បង្កាត់​ថ្មី ដែល​មាន​ឈ្មោះ​៨៩​នេះ គាត់​អាច​ទទួល​បាន​ផល​ចាប់ពី​៥៥​ទៅ​៨០​តោន​ក្នុង​១​ហិកតា​។ លោក​ក៏បាន​ប្រាប់​ពី​វិធី​ដាំដំឡូង​មី​តាម​លក្ខណៈ​បច្ចេកទេស ដូចជា​ត្រូវ​ជ្រើសរើស​ពេលវេលា​នៃ​ការ​ដាំ ហើយ​ពេល​ដាំ​ត្រូវ​ពូន​រង​ដែល​មាន​ទំហំ​ចាប់ពី​១​ម៉ែត្រ​ទៅ​១.២​ម៉ែត្រ គម្លាត​ពី​រង​មួយ​ទៅ​រង​មួយទៀត ប្រវែង​១​ម៉ែត្រ ទៅ​១.៣​ម៉ែត្រ និង​ដាំ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ ចន្លោះ​ពី​០.៨​ទៅ​១​ម៉ែត្រ​។​

កសិករ​ម្នាក់ទៀត ឈ្មោះ រស់ ខែម​រី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ដីក្រហម សង្កាត់ អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​បាន​ឱ្យ​ដឹង​ថា ការ​ដាំ​ដំឡូង​មីនេះ ក្នុង​១​ហិកតា​គឺ​ចំណាយ​អស់ប្រាក់​ប្រហែល​១២០០​ដុល្លារ លុះ​ពេល​ទទួលផល ក្នុង​១​ហិកតា បើ​ពូជ​ធម្មតា​បាន​ត្រឹមតែ​៣០​តោន ហើយ​បើ​ប្រៀបធៀប​នឹង​តម្លៃ​បច្ចុប្បន្ន​គឺ​បាន​ត្រឹម​តែ​រួចខ្លួន ឬ​ខាតដើម​។ តែ​ពេល​គាត់​ជ្រើសរើស​ពូជ​បង្កាត់​ថ្មី​នេះ គឺ​អាច​ចំណេញ​ក្នុង​១​ហិកតា​ជាង​១​ពាន់​ដុល្លារ​។ ដូច្នេះ​ពូជ​បង្កាត់​ថ្មី រូប​គាត់​ទទួល​ស្គាល់​ថា បាន​ទិន្នផល​ខ្ពស់​គួរ​ឱ្យ​ចាប់អារម្មណ៍​មែន​។​

ក្រោយពី​ក្រុមការងារ​ធ្វើការ​ពិសោធន៍​រួច​មក​បាន​ទទួល​ស្គាល់​ថា​ដំឡូង​មី​បង្កាត់​ពូជ​ថ្មី​នេះ គឺ​ពិត​ជា​មាន​ទិន្នផល​ខ្ពស់​គួរ​ឱ្យ​កត់​សម្គាល់​មែន ពោល​គឺ​កើន​ទិន្នផល​លើស​ពូជ​ធម្មតា​ទ្វេ​ដង​៕ សេង សុវណ្ណារិទ្ធ​


Post a Comment

0 Comments

Close Menu