Ad Code

រថយន្ត​គិលានសង្គ្រោះ​១០​គ្រឿង " អំណោយ​របស់​មិត្ត​ចិន" ប្រគល់​ជូន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀម​រាប​


សៀមរាប ៖ តាមរយៈ​ក្រសួងសុខាភិបាល ព្រឹក​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​រថយន្ត​គិលានសង្គ្រោះ​ចំនួន​១០​គ្រឿង ជូន​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត ដែល​រថយន្ត​គិលានសង្គ្រោះ​ទាំង​អស់​នេះ​នឹង​ត្រូវ​ចែង​ចែក​ឲ្យ​ទៅ​បណ្ដា​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​នានា​ក្នុង​ខេត្តសៀមរាប​បន្ត​ទៀត​។​

លោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បាន​រាយការណ៍​ជូន​អភិបាលខេត្ត​ឲ្យ​បាន​ជ្រាប​ថា កន្លង​មក​នេះ​នៅក្នុង​ខេត្តសៀមរាប​មាន​ប្រើ​ប្រាស់​រថយន្ត​គិលាន​សង្គ្រោះ​ចំនួន​៣៥​គ្រឿង ក្នុង​នោះ​រួមមាន​រថយន្ត​គិលានសង្គ្រោះ​នៅ​តាម​បណ្ដា​មន្ទីរពេទ្យ​បម្រើសេវា​សាធារណៈ ឬ ហៅថា​មន្ទីរពេទ្យ​រដ្ឋ​នោះ មាន​ចំនួន​២៥​គ្រឿង និង​មាន​ប្រើ​ប្រាស់​នៅ​តាម​បណ្ដា​មន្ទីរ​ពេទ្យ​ឯកជន​ចំនួន​១០​គ្រឿង​។ ដោយឡែក រថយន្ត​គិលានសង្គ្រោះ​ដែល​ទើប​មកដល់​ថ្មីៗ​ចំនួន​១០​គ្រឿង ជា​អំណោយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ក្រសួងសុខាភិបាល​នេះ មន្ទីរ​សុខា​ភិបាល​ខេត្តសៀមរាប​ត្រូវ​បាន​បែងចែក និង​ប្រគល់​ជូន​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​ក្រឡាញ់​ចំនួន​០១​គ្រឿង ស្រុក​ប្រតិបត្តិ​អង្គរជុំ​០២​គ្រឿង ស្រុក​ប្រតិបត្តិ​សៀមរាប​០២​គ្រឿង មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ សូទ្រ​និគម​០៣​គ្រឿង និង​ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ចំនួន​០២​គ្រឿង​។

លោក ​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​បាន​សម្ដែង​នូវ​ការ​ដឹង​គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ជា​កល្យាណមិត្ត​នៃ​កម្ពុជា ដែល​ជា​និច្ចកាល​មិត្ត​ចិន តែងតែ​ប្រគល់​ជូន​ដល់​ប្រជាជន​កម្ពុជា​នូវ​ទឹកចិត្ត​ដ៏​ល្អ​បំផុត រួម​ទាំង​លើ​សកម្មភាព​មនុស្សធម៌ និង​ក្នុង​ក្របខណ្ឌ​នៃ​ការ​ផ្តល់​ជំនួយ​ដើម្បី​អភិវឌ្ឍន៍​។ លោក​អភិបាលខេត្ត​មានប្រសាសន៍​មុន​ពេល​ប្រគល់​កូនសោ​រថយន្ត​គិលានសង្គ្រោះ​ជា​និមិត្តរូប​នោះ​ថា តាមរយៈ​នៃ​ការ​ផ្តល់​អំណោយ​រថយន្ត​គិលាន​សង្គ្រោះ​ទាំង​១០​គ្រឿង​ថ្មី​នេះ វា​ពិតជា​បាន​ផ្តល់​ឲ្យ​បណ្ដា​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​នានា រួម​ទាំង​មន្ទីរ​បង្អែក​ខេត្តសៀមរាប​ផង​ដែរ មានលទ្ធភាព​កាន់តែ​ខ្ពស់​ក្នុង​ការ​ដឹកជញ្ជូន សង្គ្រោះ​អ្នក​ជំងឺ​ឲ្យ​រួម​ផុត​ពី​ក្តី​មរណៈ​។ ឯកឧត្តម​បាន​បន្ត​ថា កន្លង​មក​នេះ​យើង​ពិតជា​មានការ​សោកស្ដាយ​ខ្លាំង​ណាស់ ដែល​ជីវិត​ប្រជាជន​ជា​អ្នក​ជំងឺ​ក្តី ជា​អ្នក​រង​របួស​ដោយ​គ្រោះថ្នាក់​ផ្សេងៗ​ក្តី ដែល​អាច​នឹង​ជួយសង្គ្រោះ​ជីវិត​បាន ក៏ប៉ុន្តែ កែប្រែ​ស្ថានភាព​ជួយសង្គ្រោះ​នោះ​ពី​ល្អ​ទៅ​អាក្រក់​ធ្វើ​ឲ្យ​អ្នក​ជំងឺ​អាច​នឹង​ទទួល​សេចក្តី​ស្លាប់​បាន​ដោយសារតែ​ខ្វះ​មធ្យោបាយ​ដឹកជញ្ជូន​អ្នក​ជំងឺ​ទៅកាន់​មន្ទីរពេទ្យ បាន​ទាន់​ពេល​វេលា​។

លោក​បាន​បញ្ជាក់​ថា យោង​តាម​ស្ថានភាព​ដែល​យើង​ធ្លាប់​បាន​ឆ្លងកាត់​មក​ខាងលើ រថយន្ត​គិលាន​សង្គ្រោះ​នេះ វា​ពិត​ជា​មាន​ឧត្តម​ប្រយោជន៍​ខ្លាំង​ណាស់ ក៏ប៉ុន្តែ​អ្នកគ្រប់គ្រង និង​អ្នកបើកបរ​រថយន្ត​នេះ ក៏​ត្រូវ​តែ​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ ទាំង​សមត្ថភាព​បើកបរ និង មនសិការ​ជា​អ្នក​អាជីព​បើកបរ​រថយន្ត​គិលានសង្គ្រោះ​យ៉ាង​ពិត​ប្រាកដ​ផង​ដែរ​៕

គឿន​វ៉េ​ត​

Post a Comment

0 Comments

Close Menu