Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៣​ ខែកុម្ភៈ​កើតឡើង​១០​លើក ស្លាប់​មនុស្ស​០៩​នាក់ របួសធ្ងន់-ស្រាល​១៦​នាក់​


ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ថា កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន ១០​លើក ក្នុង​នោះ​យប់​០៤​លើក​, បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៩​នាក់ (​ស្រី​០៣​នាក់​) របួសធ្ងន់ ០៧​នាក់ (​ស្រី​០១​នាក់​) និង​របួសស្រាល​០៩​នាក់​(​ប្រុស​)។​

នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ​បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៨​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១១​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន​០៣​គ្រឿង រថយន្ត​ធុន​ធំ​០៣​គ្រឿង​,​យាន​ផ្សេងៗ​០១​គ្រឿង និង​ថ្មើរជើង​០១​នាក់​។

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​គឺ ល្មើស​ល្បឿន​០៥​លើក​, ប្រជែង​គ្រោះថ្នាក់​០១​លើក​,​មិន​គោរព​សិទ្ធ​០២​លើក​និង​មិន​ប្រកាន់​ស្តាំ​០២​លើក​។ ក្នុង​នោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១៨​នាក់ (​យប់​០៩​នាក់​)។​

រថយន្ត​ពិន័យ​សរុប​ចំនួន​៧១៩​គ្រឿង (​រថយន្ត​ធំ​២៤៣​គ្រឿង​) ស្មើ​និង​៧៤៤​ករណី​, ករណី​ល្មើស​ក្រដាស​ស្នាម​៤៣៩​គ្រឿង ស្មើ​និង​៤៥៤​ករណី រួមមាន​ប័ណ្ណ​បើកបរ​ហួស​សុពលភាព​២៤​ករណី​, ប័ណ្ណ​បើកបរ​ខុស​ប្រភេទ​យាន​២៤​ករណី​, គ្មាន​ប័ណ្ណ​អាជីវកម្ម​៥៤​ករណី​, គ្មាន​ឆៀក​៧៥​ករណី​, បើកបរ​លើស​ល្បឿន​កំណត់​៦៨​ករណី​, បើកបរ​មិន​ពាក់​ខ្សែក្រវាត់​២០៩​ករណី​, ករណី​ល្មើស​បច្ចេកទេស​មាន​២៨០​គ្រឿង ស្មើ​និង​២៩០​ករណី រួម​ន​មាន ដឹក​សំពីងសំពោង​២៣៥​ករណី​, ដឹក​លើស​ចំណុះ​១៤​ករណី​,​បា​ឡុង​តា​កេ​០៥​ករណី​,​ខូច​គន្លឹះ​សុវត្ថិភាព​០៨​ករណី​,​គ្មាន​ឬ​ខូចខាត​របាំងភក់​០១​ករណី​។

ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​១,១២១​គ្រឿង ក្នុង​នោះ​ជិះ​ម៉ូតូ​អត់​ពាក់មួក​៥៣៧​ករណី​, ជិះ​ម៉ូតូ​អត់​ដាក់​កញ្ចក់​៥២៨​ករណី​, ជិះ​ម៉ូតូ​អត់​កញ្ចក់​និង​មួក​០៤​ករណី​, សញ្ញា​ចរាចរណ៍​៣៥​ករណី​, ម៉ូតូ​បើកភ្លើង​ពេល​ថ្ងៃ​១១​ករណី​, និង​ស្លាក​លេខ​បាក់​ ឬ​ខូច​០៦​ករណី​៕

រ៉ា​វុ​ទ្ឌ​

Post a Comment

0 Comments

Close Menu