Ad Code

ទិវា​នៃ​ក្តី​ស្រឡាញ់​១៤​កុម្ភៈ ​សាលា​រាជធានី​ភ្នំពេញ​ធ្វើ​ពិធី​ផ្តល់​ឈាម​ក្នុង​ប្រធានបទ "​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រលាញ់"​


ភ្នំពេញ ៖ ទិវា​នៃ​ក្តី​ស្រលាញ់​ឆ្នាំនេះ​សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ពិធី​ផ្តល់​ឈាម​មួយ ក្នុង​ប្រធានបទ​"ផ្តល់​ឈាម ផ្តល់​ក្តី​ស្រលាញ់" ដែល​ការ​ធ្វើ​ពិធី​ផ្តល់​ឈាម​ក្នុង​ឱកាស​នេះ​គឺ​ក្នុង​គោលបំណង​ដាស់​យុវវ័យ​ទាំងអស់​ឲ្យ​ភ្ញាក់រឭក​ក្នុង​ការ​ចូលរួម​ផ្តល់​ឈាម ​និង​ម្យ៉ាងវិញទៀត​ចង់​បង្វែរ​ទិវា​នៃ​ក្តី​ស្រលាញ់​មក​ជា​ការ​ ផ្តល់​ឈាម​ ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​មនុស្សជាតិ​វិញ។​

ពិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​កុម្ភៈ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ប៉ា សុជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ ​និង​លោក​ស្រី។ លោកប៉ា សុជាតិ​វង្ស​បាន​មានប្រសាសន៍​លើក​ឡើង​ថា ការ​ធ្វើ​ពិធី​ផ្តល់​ឈាម​ក្នុង​ឱកាស​បុណ្យ​នៃ​សេចក្តី​ស្រលាញ់​នេះ​គឺ​ក្នុង​គោលបំណង​ដាស់​យុវវ័យ​ទាំងអស់ឲ្យ​ភ្ញាក់រឭក​ក្នុង​ការ​ចូលរួម​ផ្តល់​ឈាម​ និង​ម្យ៉ាងវិញទៀត​ចង់​បង្វែរ​ទិវា​នៃ​ក្តី​ស្រលាញ់​មក​ជា​ការ​ផ្តល់​ឈាម​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​មនុស្សជាតិ​វិញ​។ ​លោក​បន្ត​ថា បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​មិន​មែន​ជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រជាជន​កម្ពុជា​យើង​នោះ​ទេ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់​ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជា​ ពិសេស​ក្រុម​យុវវ័យ​យក​មក​អនុវត្ត​ និង​ចូលរួម​យ៉ាង​គគ្រឹកគគ្រេង ម្យ៉ាង​ដោយ​ការ​យល់​ច្រឡំ​នៃ​ពិធីបុណ្យ​នេះ បាន​ធ្វើ​ឲ្យ​យុវវ័យ​របស់​យើង​មួយចំនួន​បូជា​ខ្លួនប្រាណ​ទៅ​ឲ្យ​សង្សារ​របស់​ខ្លួន​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​គ្រួសារ ខូច​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា​យើង​ថែមទៀត​។​ ដូច្នេះហើយ​ទើប​យើង​បង្កើត​ឲ្យ​មាន​ពិធី​បរិច្ចាគ​ឈាម​នេះ​ឡើង​ក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​១៤​កុម្ភៈ​នេះ ដើម្បី​ដាស់​យុវវ័យ​ទាំងអស់​ឲ្យ​បោះបង់ចោល​នូវ​អ្វី​ដែល​ប្រាសចាក​ប្រពៃណី​ទំនៀមទម្លាប់ ​ឬ​ទង្វើ​មិនល្អ​ក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់ ឲ្យ​ភ្ញាក់រឭក​មក​ចូលរួម​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​មនុស្សជាតិ​វិញ។​

លោក​អភិបាល​បាន​បន្ត​ថា នៅក្នុង​ប្រទេស​កម្ពុជា​យើង​ក្នុង​មួយឆ្នាំ​អ្នក​ជម្ងឺ​ត្រូវការ​ឈាម​ប្រមាណ​ជា​៥០​ម៉ឺន​ប្លោក ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ឈាម​ប្រមាណ​៣០​ម៉ឺន​ប្លោក​ក្នុង​១​ឆ្នាំ ដូច្នេះ​ទេ ក្នុង​មួយថ្ងៃ​យើង​ត្រូវ​ប្រើប្រាស់​ឈាម​ប្រមាណ​ជា​១០០​ប្លោក​ក្នុង​មួយថ្ងៃៗ​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ជនរងគ្រោះ ហើយ​ឈាម​ដែល​ទទួល​បាន​នា​ពេល​នេះ​គឺជា​ឈាម​ដែល​បាន​មក​ពី​ក្តី​ស្រលាញ់​៕

ស្រីរ័ត្ន​

Post a Comment

0 Comments

Close Menu