ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ សុខ អាន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញអាកាសចរស៊ីវិលដែលជាជំនួយរបស់សាធារណៈរដ្ឋកូរ៉េ ក្រោមកិច្ចសម្របសម្រួលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សីក្បែរប្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ដោយមានការចូលរួមក្នុងឧកាសនោះ រួមមានលោក Kim Woen Jin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា លោកស្រី Baek Sook Hee តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា មន្ត្រីរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមួយចំនួនទៀតផងដែរ។
លោក គីម វ៉ុន ជីន អគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំនៅកម្ពុជាបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យវិស័យនយោបាយសេដ្ឋកិច្ចសង្គម និងវិស័យផ្សេងៗទៀត ជាពិសេសវិស័យសេដ្ឋកិច្ចមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយ សាធារណរដ្ឋកូរ៉េក៏បាននិងកំពុងព្យាយាមជួយជាកម្លាំងក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលជាប្រទេសដៃគូ ក៏ដូចជាមិត្តភក្ដិដ៏ល្អមួយនេះ។ ជាពិសេសយើងកំពុងដើរតួយ៉ាងសំខាន់ក្នុងផ្នែកអភិវឌ្ឍន៍ ហើយនឹងរឹតបន្តឹងនូវចំណងការទូតរវាងប្រទេសទាំងពីរឲ្យកាន់តែល្អបន្ថែមទៀត។ គម្រោងសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលនេះគឺធ្វើឡើងដើម្បីជួយក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដូចនេះហើយទាមទារឲ្យមានការសហការរវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណៈរដ្ឋកូរ៉េ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ សុខ អាន បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េដែលបានផ្តល់ការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសដល់គម្រោងដ៏មានសារសំខាន់នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍វិស័យអាកាសចរស៊ីវិលនៅកម្ពុជា។
ស្របពេលដែលវិស័យអាកាសចរស៊ីវិលពិភពលោកកំពុងមានការរីកលូតលាស់យ៉ាងខ្លាំង ដែលតាមការព្យាករណ៍របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) ក្នុងរយៈពេល២០ឆ្នាំខាងមុខ អត្រាកំណើនប្រចាំឆ្នាំរបស់វិស័យនេះមានប្រមាណ៤,៧% ឬកើនឡើងចំនួនទ្វេដងនៅរយៈពេល១៥ឆ្នាំខាងមុខ វិស័យអាកាសចរស៊ីវិលកម្ពុជាក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍នៃវិស័យជាច្រើន ជាពិសេសការដឹកជញ្ជូន និងទេសចរណ៍។ ជាក់ស្តែង នៅឆ្នាំ២០១៤ អ្នកធ្វើដំណើរតាមផ្លូវអាកាសមានចំនួនប្រមាណ៥លាននាក់ គឺកើនឡើងចំនួន៩% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ ដែលមានអ្នកដំណើរត្រឹមតែ៤,៦លាននាក់។ ជាមួយគ្នានោះ ក្នុងឆ្នាំ២០១៤ មានជើងហោះហើរចំនួន៥០.១៨៨ជើង គឺកើនឡើងចំនួន ៦,៤% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ ដែលមានចំនួន៤៧.១៧០ជើង។ តាមស្ថិតិរបស់ក្រសួងទេសចរណ៍៥០% នៃភ្ញៀវទេសចរមកទស្សនាកម្ពុជាធ្វើដំណើរតាមយន្តហោះ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវតួនាទីស្នូលរបស់វិស័យអាកាសចរស៊ីវិលសម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍នៃវិស័យទេសចរណ៍ ដែលបានក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ទេសចរណ៍កម្ពុជា បានរួមចំណែករហូតដល់ប្រមាណជា១៦% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារជូនប្រជាជនដោយផ្ទាល់ជាង៥០០ពាន់ និងដោយប្រយោលរាប់សិបពាន់ផ្សេងទៀត កាលពីឆ្នាំ២០១៣កន្លងទៅ ខណៈដែលមានភ្ញៀវទេសចរបរទេសប្រមាណ៤,២លាននាក់បានចូលមកទស្សនាកម្ពុជា។ នៅឆ្នាំ២០១៤ ចំនួនភ្ញៀវទេសចរបរទេសមាន៤,៥លាននាក់ ហើយចំនួននេះ ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ចំនួនប្រមាណ៧-៨លាននាក់ នៅឆ្នាំ២០២០។
តាមការបញ្ជាក់បន្ថែមឲ្យដឹងពីឯកឧត្តមបណ្ឌិតសភាចារថា គម្រោងសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលនៅកម្ពុជា ចំណាយថវិកាក្នុងការសាងសង់ចំនួនប្រមាណ១០លានដុល្លារអាមេរិកក្នុងរយៈពេល៤០ខែទើបបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ដែលមជ្ឈមណ្ឌលនេះនឹងធ្វើការបណ្តុះបណ្តាលជំនាញមិនតិចជាង២០ជំនាញ ដែលពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ ហើយ នេះក៏ជាប្រវត្តិសាស្ត្រលើកទី១ដែលកម្ពុជាមានមជ្ឈមណ្ឌលហ្វឹកហ្វឺនផ្នែកអាកាសចរស៊ីវិលផងដែរ។
គម្រោងសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលនៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ ដែលក្នុងនោះរួមមានការបន្តយកចិត្តទុកដាក់ ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញបច្ចេកទេសខ្ពស់។
ឯកឧត្តមបណ្ឌិតសភាចារចាត់ទុកមជ្ឈមណ្ឌលនេះ មិនត្រឹមតែជាថ្នាលសម្រាប់ការបណ្តុះបណ្តាល អភិវឌ្ឍនិងការផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍លើជំនាញអាកាសចរស៊ីវិលជូនមន្ត្រីជំនាញកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបដ៏ថ្លៃថ្លានៃទំនាក់ទំនងជាមិត្តភាព និងភាពជាដៃគូសហប្រតិបត្តិការល្អ រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាផងដែរ៕
វត្តី
0 Comments