Ad Code

ឆាយ មាស តស៊ូ​ជាមួយ ឆាំ រ៉ែ​ម លើ​សង្វៀន​បឹង​ស្នោ ចំណែកឯ គួ​ន ប៊ុន​ហ៊ីម ​សងសឹក​ម៉ន ភី​រម្យ


ភ្នំពេញ ៖ ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ ​ឆាំ រ៉ែ​ម អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ នា​ថ្ងៃ​ល្ងាច​អាទិត្យ ​ទី​១៥ ខែកុម្ភៈ​ ឆ្នាំ​២០១៥ នេះ​។ ពីរ​នាក់​នេះ​មិន​ធ្លាប់​ប៉ះ​គ្នា​ទេ​កាល​ពី​ពេល​កន្លងមក​។ ​តាមពិត​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នេះ បើ​គិត​ពី​ប្រវត្តិ​ប្រកួត​នោះ ឆាយ មាស មិន​ដល់​ ឆាំ រ៉ែ​ម​ទេ ដោយ ​ឆាំ​ រ៉ែ​ម ​គេ​ឡើង​ប្រកួត​ជាង​មួយដង​ឯណោះ ខណៈ​ដែល ​ឆាយ មាស គេ​ឡើង​ប្រកួត​បាន​ប្រមាណ​ជាង​៧០​ដង​ប៉ុណ្ណោះ​។ តែបើ​មើល​ពី​ការ​សម្បទា​វិញ ឆាយ មាស ហាក់ដូចជា​ចាស់​ជាង​ ឆាំ រ៉ែ​ម​។

ឆាំ រ៉ែ​ម គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​៥៤​គីឡូក្រាម ប៉ុន្តែ​ឥឡូវនេះ​គេ​មាន​ទម្ងន់​៦០​គីឡូក្រាម ទើប​ជួប​ជាមួយ​ ឆាយ មាស​នេះ​។ ឆាំ រ៉ែ​ម​គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង ហើយក៏​មិន​មាន​នរណា​ងាយ​យកឈ្នះ​លើ​រូបគេ​បាន​នោះ​ដែរ​ក្នុង​ប្រភេទ​ទម្ងន់​ដូចគ្នា​នោះ​។ ៦​ប្រកួត​ចុងក្រោយ​នេះ គេ​ឈ្នះ​ទាំងអស់ ដែល​ការប្រកួត​ចុងក្រោយ​គេ​នេះ ឆាំ រ៉ែ​ម បាន​ផ្ដួល​អ្នក​ប្រដាល់​ គួ​ន ប៊ុន​ហ៊ីម ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២៣ ខែ​មករា​កន្លង​មក​នេះ​។​

ឆាយ មាស យ៉ាប់​តែមួយ​មុខ​ទេ គឺ​កម្លាំង​ស៊ុ​ហ្វ​ឆាប់​ធ្លាក់ ដែល​ធ្វើ​ឲ្យ​ការប្រកួត​របស់​គេ​ធ្លាក់ចុះ​នៅ​ចុង​ទឹក​នោះ​។ គេ​ឡើង​ប្រកួត​មិនដែល​ឃើញ​ឈ្នះ​នោះ​ទេ ការប្រកួត​លើក​ចុង​ក្រោយ​នេះ ឆាយ មាស វាយ​ចាញ់ ​ជ័យ ប៊ុន​សង់ អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ កន្លង​មក​នេះ។ សម្រាប់​ការ​ឡើង​ប្រកួត​លើក​នេះ ឆាយ មាស តាមមើល​ក៏​ប្រហែលជា​មិនអាច​ឈ្នះ ​ឆាំ រ៉ែ​ម បាន​ដែរ ព្រោះថា​ ឆាំ រ៉ែ​ម គេ​មាន​ផ្លែ​ល្អ​ជាង និង​ស៊ុ​ហ្វ​ខ្លាំង​ជាង​។ ចាំ​មើល តើ​ ឆាយ មាស អាច​តស៊ូ​ជាមួយ​ ឆាំ រ៉ែ​ម បាន​ឬ​អត់​? គួ​ន ប៊ុន​ហ៊ីម អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​នឹង​ត្រូវ​ជួប​ប្រកួត​សងសឹក​ជាមួយ ​ម៉ន ភី​រម្យ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​។​

កាលពី​ជួប​ប្រកួត​គ្នា​លើក​មុន​(ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៤) គួ​ន ប៊ុន​ហ៊ីម ​បាន​វាយ​ចាញ់​ ភី​រម្យ ​ក្នុង​ទឹក​ទី​៣ បន្ទាប់ពី​ត្រូវ​ភី​រម្យ​វាយ​បែក​មុខ​ហូរឈាម​ខ្លាំង​មិនអាច​បន្ត​ការប្រកួត​ទៀត​បាន​។ ប៊ុន​ហ៊ីម គេ​មាន​ស្នៀត​ប្រដាល់​មិន​អន់​ទេ ប៉ុន្តែ​បើ​ប្រៀបធៀប​ជាមួយ ​ម៉ន ភី​រម្យ​នោះ គឺ​ចាញ់​ផ្លែ​របស់​ ភី​រម្យ ។ ដូច្នេះ ចាំ​មើល​តើ គួ​ន ប៊ុន​ហ៊ីម គេ​អាច​សងសឹក ​ម៉ន ភី​រម្យ​បានសម្រេច​ឬ​អត់​? ​

ម៉ន ភី​រម្យ គេ​ស្គាល់​រេញ​ប្រដាល់​ក្រោយ​ ប៊ុន​ ហ៊ីម​ទេ ប៉ុន្តែ​អ្នក​ប្រដាល់​រូប​នេះ វាយ​ខ្លាំង ​និង​ច្រើន​វាយ​ប្ដូរ​ជាមួយ​គូប្រកួត​ដោយ​មិនសូវ​ខ្លាចញញើត​នោះ​ឡើយ​។ ម៉ន ភី​រម្យ​ប្រកួត​ចុងក្រោយ​វាយ​ឈ្នះ​ ណា​ម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ​។​

អេ ចន្ទ្រា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​នឹង​ជួប​ប្រកួត​ជាមួយ​ ស៊ីវ សុង​ម៉េង អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ​។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧៥​គីឡូក្រាម​។​ ពួកគេ​ពុំ​ធ្លាប់​ដែល​ជួបគ្នា​ទេ​ពី​មុន​មក​។​ស៊ីវ សុង​ម៉េង និង អេ ចន្ទ្រា ជា​អ្នក​ប្រដាល់​វាយ​ក្នុង​ទ្រុង ដូច្នេះ​ការ​មក​ប្រកួត​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​បែបនេះ​ចៀស​មិន​ផុត​ពី​បោក​គ្នា​នោះ​ទេ​។ សម្រាប់​ការ​ជួបគ្នា​នេះ មិន​ដឹង​ថា​នរណា​ជា​អ្នកឈ្នះ​ឡើយ​។​

សូ​យ សូរិយា អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ​ឯម លឿង​រ៉ា អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម​។​ អ្នក​ប្រដាល់ ​សូ​យ សូរិយា​នេះ ជា​អ្នក​ប្រដាល់​ជើង​ថ្មី ចំណែក ​ឯម​ លឿង​រ៉ា​ ជា​អ្នក​ប្រដាល់​យូរហើយ​ និង​មាន​ស្នៀត​ប្រដាល់​ល្អ​ថែមទៀត​។ រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គេ​ពុំ​មាន​ជំនឿ​ថា ​សូ​យ សូរិយា អាច​វាយ​ឈ្នះ​ ឯម លឿង​រ៉ា​នោះ​ឡើយ​៕

វិ​សិទ្ធ​



Post a Comment

0 Comments

Close Menu