ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិឆ្នាំ២០១៥ បានចាប់ផ្តើមហើយនៅថ្ងៃទី១៤ ខែកុម្ភៈនេះ ដែលការប្រកួតជម្រុះក្នុងពូលធ្វើនៅទីលាន ក្លិបបាល់ទះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ហើយការប្រកួតផ្តាច់ព្រ័ត្រថ្ងៃទី១៨ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិ។
ក្នុងការចាប់ឆ្នោតរើសពូលប្រកួតដែលមានការចូលរួមពីលោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងលោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ បានបង្ហាញឲ្យដឹងថា ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់លោកនាយឧត្តមសេនីយ៍ នេត សាវឿន នេះ មានក្រុមបាល់ទះខ្លាំងៗចំនួន៨ក្រុមចូលរួមប្រកួត។
៨ក្រុមត្រូវបែងចែកជាពីរពូល ក្នុងមួយពូលៗមាន៤ក្រុម ហើយក្រុមខ្លាំងពីរត្រូវបានឈរនៅលើពូលនីមួយៗ គឺក្រុមក្រសួងមហាផ្ទៃឈរនៅក្បាលពូលA ដោយមានក្រុមខេត្តកំពង់ចាម ក្រុមកងពលធំអន្តរាគមន៍លេខ៣ និងក្រុមកងពលតូចអន្តរាគមន៍លេខ៧។ ចំពោះពូលB ក្រុមស្នងការនគរបាលខេត្តបាត់ដំបងឈរក្បាលពូល ដែលមានក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ក្រុមបញ្ជាការដ្ឋានអង្គរក្ស និងក្រុមយុវជនសាមគ្គី។
ការប្រកួតនឹងលេងតាមរូបមន្តប្រកួតវិលជុំ យកចំណាត់ថ្នាក់លេខ១ និងលេខ២ក្នុងពូលនីមួយៗ មកប្រកួតខ្វែងគង និងផ្តាច់ព្រ័ត្រយកចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣។ ឯលទ្ធផលនៃការប្រកួតនឹងអនុវត្តទៅតាមរូបមន្តប្រកួតវិលជុំ និងបូកពិន្ទុយកចំណាត់ថ្នាក់ជាផ្លូវការ ដោយឈ្នះ៣សិត០បាន៣ពិន្ទុ ឈ្នះ៣សិតទល់១ សិតបាន៣ពិន្ទុ និងឈ្នះ៣សិត ទល់២ សិតបាន២ពិន្ទុ។
លោក ស សុខា បានបញ្ជាក់ថា ការប្រកួតបាល់ទះដណ្តើមពានរង្វាន់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដោយមួយឆ្នាំទីមួយឆ្នាំ ត្រូវពង្រីកក្រុមចូលរួមឲ្យបានច្រើនជាងនេះ។ សម្រាប់ក្រុមដែលមកពីតាមបណ្ដាខេត្តមកលេងនេះ ត្រូវបានឧបត្ថម្ភមួយក្រុម១០០ដុល្លារក្នុងមួយប្រកួត។
ចំពោះរង្វាន់សម្រាប់ក្រុមដែលទទួលបានតំណែងជើងឯកនឹងបានពាន១ អមដោយទឹកប្រាក់៣.០០០ដុល្លារ លេខ២ បាន២.៥០០ដុល្លារ លេខ៣បាន២.០០០ដុល្លារ និងលេខ៤ បាន១.០០០ដុល្លារ។ ក្រុមដែលដណ្ដើមបានលេខ១ពីរឆ្នាំជាប់ៗគ្នានោះ នឹងបានពានផ្តាច់តែម្តង។
លោកបានអះអាងថា ក្រុមដែលជាប់តំណែងជើងឯកប្រចាំឆ្នាំនឹងបានការជួយឧបត្ថម្ភពីលោកនេត សាវឿន ក្នុងការចេញទៅប្រកួតនៅក្នុងព្រឹត្តិការណ៍នានា នៅក្រៅប្រទេស។ ដូច្នេះ លោកបានសំណូមពរឲ្យគ្រប់ក្រុមដែលចូលរួម ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងបច្ចេកទេស តែក៏ត្រូវលេងដោយគោរពតាមគោលការណ៍Fair Playផងដែរ។
លោក បឹង គឹមតោ បានឲ្យដឹងដែរថា ការប្រកួតលើកនេះនឹងបង្កើតឲ្យមានក្រុមមួយសម្រាប់មើលពីលើការបញ្ជារបស់អាជ្ញាកណ្ដាលពេលប្រកួត ក៏ដូចជាដើម្បីកាត់ទោសអាជ្ញាកណ្ដាលថាកាត់ក្តីត្រឹមត្រូវឬក៏ខុសនោះ។
ជាមួយគ្នានេះ ក៏មានការកែប្រែរបៀបលេងខ្លះៗ ដើម្បីឲ្យស្របទៅតាមបច្ចេកទេសFIBA (សហព័ន្ធបាល់ទះអន្តរជាតិ) ដូចជាការចាប់កំហុសពេលប៉ះសំណាញ់ និងការប្ដូរLIBEROនៅតំបន់៦ម៉ែត្រជាដើម៕
0 Comments