បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានចុះពិនិត្យ និងជួយស្តាប្រឡាយមួយខ្សែដែលមានប្រវែង៤.០០០ម៉ែត្រ ដែលជាប្រព័ន្ធធារាសាស្ត្របម្រើដីកសិកម្មប្រមាណ២ឃុំនៅចំណុចឃុំស្រះរាំង ស្រុកមង្គលបូរី នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥។ ការចុះពិនិត្យ និងស្ថានប្រឡាយនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យតំណាងលោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក បោន បិន មេបញ្ជាការរងកងរាជអាវុធខេត្ត និងលោកវរសេនីយ៍ទោ សរ ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងជាច្រើនរូប។ លោក ឡុង ពុន អភិបាលស្រុកមង្គលបូរីបានរាយការណ៍ថា ឃុំស្រះរាំងស្ថិតក្នុងស្រុកមង្គលបូរីទទួលបានប្រឡាយចំនួន៤ខ្សែហើយគឺ១-ខ្សែមានប្រវែង៣.០០០ម៉ែត្រពីភូមិគោកសាំងឃុំស្រះរាំងទ័ល ភូមិជើងចាប ឃុំគោកបន្ល័ង្គ។ ចំណែកខ្សែទី២-ប្រវែង៥.០០០ម៉ែត្រពីភូមិស្រះរាំងដល់ភូមិគោកក្រសាំង ឃុំស្រះរាំង ខ្សែទី៣-ប្រវែង៤.០០០ម៉ែត្រពីឃុំស្រះរាំងដល់ឃុំគោកបន្ល័ង្គ ខ្សែទី៤-ប្រវែង៣.០០០ម៉ែត្រ និងខ្សែទី៥-ដែលមានប្រវែង៤.០០០ម៉ែត្រពីឃុំស្រះរាំងដល់ឃុំគោកបន្ល័ង្គដែលកំពុងធ្វើការស្តាប្រឡាយចាស់ដែលមានទទឹង៥ម៉ែត្រជម្រៅ១ម៉ែត្រកន្លះ បាតក្រោម២ម៉ែត្រ។ លោក គង់ សំណាង នាយកប្រតិបត្តិអង្គការស៊ីដូប្រចាំខេត្តបន្ទាយមានជ័យបានប្រសាសន៍ថា អង្គការស៊ីដូគឺជាអង្គការក្រៅរដ្ឋាភិបាលនិងជួយអភិវឌ្ឍន៍សង្គមក្នុងទិសដៅជួយអ្នកផ្ទុកមេរោគអេដស៍ និងរងគ្រោះដោយសារធាតុញៀនគ្រោះមហន្តរាយ និងវិស័យកសិកម្ម។ លោកបញ្ជាក់ថា នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនេះអង្គការលោកបានជួយស្តាប្រព័ន្ធធារាសាស្ត្រ២ឃុំរួមមាន ឃុំស្រះរាំង ឃុំគោកបន្ល័ង្គ ដើម្បីជួយប្រជាកសិករដែលត្រូវការទឹកធ្វើស្រែដូចពេលនេះជួយស្ដារប្រឡាយប្រវែង៤.០០០ម៉ែត្រដែលជួលអែស្កាកាយចំនួន១១៣ម៉ោង ដែលត្រូវជួយ៥០បូក៥០ជាមួយថវិកាប្រជាពលរដ្ឋដែលស្មើនិង២២៦ម៉ោងក្នុង១ម៉ោងតំលៃ៤០ដុល្លារ។ លោកវរសេនីយ៍ឯក ស៊ុន សម្បត្តិ បានមានប្រសាសន៍ថា ដោយមានការណែនាំពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យកម្លាំងកងរាជអាវុធហត្ថគ្រប់ខេត្ត/រាជធានីក្រៅពីការងារការពារបូរណភាពទឹកដី និងការពារសន្តិសុខជូនសង្គម ប្រជាពលរដ្ឋគឺត្រូវយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ។ ទន្ទឹមនោះដោយការចិត្តទុកដាក់លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានយកចិត្តទុកដាក់ជួយស្តាប្រឡាយចំនួន៤ខ្សែប្រវែង១៩.០០០ម៉ែត្រដែលជាក់ស្តែងថ្ងៃនេះកងកម្លាំងយើងបានចូលរួមស្តាប្រឡាយប្រវែង៤.០០០ម៉ែត្រ៕
គង្គា
0 Comments