រតនគិរី ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះបានចុះត្រួតពិនិត្យឆែកឆេរបទល្មើសសត្វព្រៃក្នុងផ្សារបានលុង។ ប្រតិបត្តិការខាងលើនេះមានការឯកភាពនិងដឹកនាំបញ្ជាតាមទូរស័ព្ទពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។
ក្រុមប្រតិបត្តិការដែលចុះត្រួតពិនិត្យឆែកឆេរបទល្មើសសត្វព្រៃប្រាប់ឲ្យដឹងថា ដោយមានការចូលរួមពីលោក ជាម សុផាត អ្នកគ្រប់គ្រងផ្សារបានប្រទះឃើញនិងដកហូតវត្ថុតាងបទល្មើសសត្វព្រៃរួមមាន ទី១.ឈ្មោះ សេង សុភ័ក្ត្រ ភេទស្រី អាយុ៣០ឆ្នាំ មានសាច់ឈ្លូសស្រស់១១,៥០គីឡូក្រាម ទី២.ឈ្មោះ វី រ៉ែន ភេទស្រី អាយុ៤៣ឆ្នាំ មានសាច់ឈ្លូសស្រស់៣គីឡូក្រាម និងសាច់ជ្រូកព្រៃស្រស់១០,៣០គីឡូក្រាម ទី៣.ឈ្មោះ យួន ម៉េងលី ភេទស្រី អាយុ៤៩ឆ្នាំ មានញញីក្រៀម២ក្បាល និងទី៤.អាណត្តិជន(ជនមិនស្គាល់ឈ្មោះ)មានញញី៣ក្បាល។
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះដែរ ក្រុមការងារចម្រុះបានធ្វើការដកហូតជាបណ្ដោះអាសន្នវត្ថុតាងខាងលើដើម្បីរៀបចំចងក្រងសំណុំរឿង និងបំពេញនីតិវិធីតាមច្បាប់ស្ដីពីព្រៃឈើ។ ដោយឡែកក្រុមអាជីវករខាងលើត្រូវបានសមត្ថកិច្ចចម្រុះធ្វើការណែនាំឲ្យបញ្ឈប់ការលក់ដូរសត្វព្រៃទៀត បើសិនថ្ងៃក្រោយនៅតែប្រកបរបរនេះទៀតត្រូវប្រឈមមុខផ្លូវច្បាប់រួច ក៏បានអនុញ្ញាតិឲ្យវិលត្រលប់ទៅលំនៅដ្ឋានវិញពោលគឺពុំមានទោសទណ្ឌអ្វីនោះទេ។
គួរបញ្ជាក់ផងដែរថា ភោជនីយដ្ឋានធំៗនៅក្នុងក្រុងបានលុងកំពុងតែយកសត្វព្រៃគ្រប់ប្រភេទធ្វើម្ហូបអាហារតាមតែភ្ញៀវកុម្ម៉ង់ បើទោះបីហាងខាងលើនេះកន្លងមកត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WILD LIFE ALLIANCE) ហៅមកធ្វើកិច្ចសន្យានិងផាកពិន័យក៏ដោយ។ ប្រភពព័ត៌មានផ្សេងទៀតប្រាប់ឲ្យដឹងថា ភោជនីយដ្ឋានធំៗខាងលើអាចដំណើរការទៅបានដោយសារបង់លុយជូនរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ៕
តាជួង
0 Comments