Ad Code

រថយន្ត​ដឹកទំនិញ​ធន់​យក្ស​ឡូហ្គោ​អក្សរ​M​ បាន​បើក​បុក​បារ៉ាស់​ត្រួតពិនិត្យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ខេត្តកំពង់ស្ពឺ​


កំពង់ស្ពឺ ៖ រថយន្ត​ដឹកទំនិញ​ធន់​យក្ស​មួយ​គ្រឿង​បាន​បើក​បុក​ប៉ា​រាស់​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ខេត្តកំពង់ស្ពឺ​ធ្វើ​ឱ្យ​ក្រុម​នគរបាល​រត់គេច​ទាំង​តក់ស្លុត​ព្រលឹង​ចុង​សក់ កិន​សាជី​បែក​អស់​ចំនួន​២ និង​មួយទៀត​ជាប់​ក្រោម​រថយន្ត​អូស​ជាច្រើន​គីឡូម៉ែត្រ ​ទើប​សមត្ថកិច្ច​ស្ទាក់​ចាប់បាន ស្រាប់តែ​មានការ​អន្តរាគមន៍​ពី​ថ្នាក់លើ​ធំ​ទៅកាន់​លោកស្នងការ​ខេត្ត គ្រាន់តែ​រឿង​បន្តិចបន្តួច​នេះ​បណ្ដាល​ឱ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

ហេតុការណ៍​រថយន្ត​ធន់​យក្ស​ដឹកទំនិញ​សំពីងសំពោង​របស់​អ្នក​មាន​អំណាច​បុក​បារ៉ាស់​ត្រួត​ពិនិត្យ​ច្បាប់​ចរាចរណ៍​នេះ បាន​កើតមានឡើង​នៅ​វេលា​ម៉ោង​១៥​និង​២០​នាទី​រសៀល ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​គោលដៅ​ក្នុង​សង្កាត់​ច្បារមន ក្រុង​ច្បារមន រួច​រត់គេច​រហូតដល់​មុខ​ផ្សារ​ចំបក់ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ទើប​សមត្ថកិច្ច​តាម​ស្ទាក់​ចាប់បាន ប៉ុន្តែ​តៃកុង​មិន​ព្រម​ចុះ​ពីលើ​រថយន្ត​តាម​ការ​អញ្ជើញ​របស់​នគរបាល​ឡើយ​។​

ក្រុម​នគរបាល​ដែល​បាន​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​ណូ ក្បាល​ពណ៌​ស ទ្រុង​ខ្មៅ​របស់​កង​ដឹកជញ្ជូន​អក្សរ​M ឬ​(M70) គ្មាន​ស្លាក​លេខ បើកបរ​តាមផ្លូវ​ជាតិ​លេខ​៤ ធ្វើ​ដំណើរ​មកពី​ទិស​ខាង​លិចទៅ​កើត ពេល​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ច្បារមន នគរបាល​ចរាចរណ៍​បាន​បាញ់​ល្បឿន​ឃើញថា​រថយន្ត​នោះ បើកបរ​លើក​ល្បឿន​កំណត់​។ ប្រភព​បន្ត​ថា ក្រោយពេល​ពិនិត្យ​ឃើញ​ថា រថយន្ត​នេះ​ល្មើសច្បាប់​ចរាចរណ៍ កម្លាំង​ឈរ​ជើង​គោលដៅ​បាន​ស្ទាក់​ដើម្បី​ធ្វើ​កិច្ចសន្យា និង​ផាក​ពិន័យ​តាមច្បាប់​កំណត់ ប៉ុន្តែ​ពេល​ឈប់​បាន​ប្រហែល​១០​នាទី​ ក៏​បើករថយន្ត​ចេញ​បុក​បារ៉ាស់ (​សាជី​) របស់​ប៉ូលិស​ធ្វើ​ឲ្យ​ក្រុម​នគរបាល​នាំគ្នា​រត់​ស្លន់ស្លោ​គេច​ពី​គ្រោះថ្នាក់ និង​ជាប់​សាជី​មួយ​ក្រោម​រថយន្ត​អូស​ប្រមាណ​៣​គីឡូម៉ែត្រ ទើប​នគរបាល​ស្ទាក់​ចាប់បាន ហើយ​អ្នកបើកបរ​មិន​ចុះ​ពីលើ​រថយន្ត​ទេ ថែមទាំង​បិទទ្វារ​ចាក់សោ​ឈប់​កណ្តាលផ្លូវ​ជាតិ ទោះបីជា​ឱ្យ​អែប​ខាង​ក៏​មិន​ព្រម​ដែរ ដោយ​តៃកុង​បាន​និយាយ​យ៉ាង​ឈ្លើយ​ថា ចាំ​ដោះស្រាយ​ជាមួយ​មេ​គេ​ចុះ​។​

មហាជន​ដែល​ចោមរោម​មើល​និយាយ​រិះគន់​ថា អាងខ្នង​ថៅកែ​មានអំណាច​មិន​គោរព​ច្បាប់​ហើយ​គំរាម​សមត្ថកិច្ច​ទៀត មិនតែប៉ុណ្ណោះ​អ្នក​បើក​មិន​និយាយ​ជាមួយ​សមត្ថ​ឡើយ​ឱ្យ​ចាំ​ជួប​មេ​របស់​គេ​រហូត​។​

សូម​បញ្ជាក់​ថា បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​អស់​ប្រមាណ​ជិត​៣​ម៉ោង​ ទើប​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​មក​ដល់ មាន​គ្នា​២​នាក់ ហើយ​និយាយ​ជាមួយ​នគរបាល​ចរាចរណ៍​ថា គ្រាន់តែ​រឿង​ប៉ុណ្ណឹងៗ​សោះ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ថ្នាក់លើ​ដែរ​។ បុរស​រូប​នោះ​បាន​បន្ត​ថា​ តៃកុង​ឡាន​របស់​គាត់​ មុន​ទៅណា​មក​ណា​បាន​ប្រាប់​វា​អស់ហើយ បើ​មាន​បញ្ហា​អី​តាមផ្លូវ ​សមត្ថកិច្ច​ទាំងនោះ​ទុក​ឱ្យ​គាត់ និង​បាន​បញ្ជា​តៃកុង​ឡាន​ឱ្យ​បើកឡាន​ចេញ​ភ្លាមៗ រឿង​ជាមួយ​ប៉ូលិស​ទុក​គាត់​ជា​អ្នក​ដោះ​ស្រាយ។ ក្រុម​នគរបាល​ចរាចរណ៍​បាន​ត្រឹមតែ​ហួសចិត្ត រថយន្ត​ដឹង​ទំនិញ​សំពីងសំពោង និង​បើក​ហួស​ល្បឿន​ច្បាប់​កំណត់​ ហើយ​មិនបាន​ធ្វើការ​ផាកពិន័យ​ផង ត្រូវ​បាក់មុខ​ទៀត ព្រោះ​មាន​អន្តរាគមន៍​រហូតដល់​ស្នងការ​នគរបាល​ខេត្ត​ គ្រាន់​តែ​រឿង​កំប៉ិកកំប៉ុក​សោះ​។ ជុំវិញ​បញ្ហា​កើត​មាន​ឡើង​ខាងលើ​ មេការ​រថយន្ត​ដឹង​ទំនិញ​ឡូហ្គោ​អក្សរ​M​បាន​ចេញ​ថ្លៃ​សង​សាជី​ដែល​ត្រូវ​រថយន្ត​បុក​ដើម្បី​បញ្ចប់​រឿងហេតុ​៕

រដ្ឋ​ឋានៈ​




Post a Comment

0 Comments

Close Menu