Ad Code

ទឹម សាន្ត​ សងសឹក​ សរ រាជសីហ៍ ឯ​ចាន់​ ឆាយ​ម៉ៅ ​ទូទាត់​ជាមួយ ​វី​ សេរី​ចាន់​ឌី​ន​


ភ្នំពេញ​ ៖ ទឹម សាន្ត អ្នក​ប្រដាល់​មិនសូវ​ដែល​ឈ្នះ​នៃ​ក្លិប​កុសល​កីឡា​នឹង​ឡើង​ប្រកួត​សងសឹក​ សរ រាជសីហ៍ អ្នក​ប្រដាល់​ស្រករ​ក្រោយ​នៃ​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង នា​ល្ងាច​ថ្ងៃ​សុក្រ ទី​១៣ ខែកុម្ភៈ​នេះ នៅ​លើ​សង្វៀន​ស្ទឹងមានជ័យ​។​

ទឹម សាន្ត ជា​អ្នក​ប្រដាល់​ចាស់វស្សា​យូរហើយ ប៉ុន្តែ​មិន​មាន​ឈ្មោះ​ល្បី​នោះ​ទេ ដោយសារតែ​គេ​ទន់ជ្រាយ​ពេក ហើយ​ប្រកួត​ពុំ​សូវ​ដែល​ឈ្នះ​នរណា​ទេ ដោយសារតែ​ការ​វាយ​របស់​គេ​អត់​មាន​ផ្លែ ។ ដោយសារតែ​យ៉ាងនេះ​ហើយ​ទើប​ ទឹម សាន្ត មិនសូវ​បាន​ឡើង​ប្រកួត​ញឹកញាប់​ប៉ុន្មាន​ទេ​។ គេ​ប្រកួត​លើក​ចុង​ក្រោយ កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ដោយ​ប្រកួត​ចាញ់ ផុន ផាន់​ណា អ្នក​ប្រដាល់​ក្លិប​អប្សរា​គុន​ខ្មែរ​នៅក្នុង​ទឹក​ទី​៣​។ តាំងពី​នោះ​រហូត​មក​ដល់​ពេល​នេះ គេ​ទើបបាន​ឡើង​ប្រកួត​ទៀត​ប៉ុណ្ណោះ​។

សាន្ត ឥឡូវនេះ​វាយ​កាន់តែ​ស្ពឹក និង​យឺត​ជាង​មុន​ទៅទៀត ដោយសារតែ​ទម្ងន់​របស់​គេ​សព្វ​ថ្ងៃ​កាន់តែ​ធ្ងន់​ចូល​ជិត​ដល់​៧០​គីឡូក្រាម​ទៅ​ហើយ​នោះ​។​ រាជសីហ៍​នេះ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទេ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ថែមទាំង មានចិត្ត​ប្រដាល់​ធំ​ទៀត​ផង​។ អ្នក​ប្រដាល់​ចំណូល​ថ្មី​រូប​នេះ វាយ​មិន​ដក​ដៃ​ទេ គ្រាន់តែ​ការ​វាយ​របស់​គេ​មិន​មាន​ផ្លែ​ល្អ​ប៉ុណ្ណោះ​។​

គេ​បាន​លេចមុខ​លើ​សង្វៀន​នៅ​ភ្នំពេញ​ប៉ុន្មាន​ប្រកួត​ហើយ ដែល​ការប្រកួត​ពីរ​ប្រកួត​ចុង​ក្រោយ​នេះ វាយ​ឈ្នះ​ សូ​យ យក្ស​តឿ ជើង​ខ្លាំង​ក្លិប​ពោធិ​ជ័យ​កីឡា ក្នុង​ទឹក​ទី​៣ និង វាយ​ឈ្នះ ​ពេជ្រ អា​រុណ ជើងចាស់​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ក្នុង​ទឹក​ទី​២​។ ការដែល​អាច​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើងចាស់​ទាំងពីរ​នេះ​ពុំ​មែន​ជា​រឿង​ធម្មតា​នោះ​ទេ គឺ​អាច​ចាត់ទុក​ថា សរ រាជសីហ៍ គេ​ខ្លាំង​ហើយ​។ តែ​យ៉ាងណា​សម្រាប់​ការប្រកួត​សងសឹក​ជាមួយ​ សរ រាជសីហ៍​លើក​នេះ គេ​ក៏​មិន​ហ៊ាន​មើល​ស្រាល​ ទឹម សាន្ត​ដែរ​។ ​ដូច្នេះ​ចាំ​មើល ទឹម សាន្ត អាច​សងសឹក សរ រាជសីហ៍ បានសម្រេច​ឬ​អត់​ ? ។ ចាន់ ឆាយ​ម៉ៅ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ក៏​នឹង​ឡើង​សងសឹក ​វី សេរី​ចាន់​ឌី​ន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដែរ។ ពីរ​នាក់​បាន​ជួបគ្នា​កាលពី​ថ្ងៃទី​១៩ ​ខែតុលា ឆ្នាំ​២០១៤​កន្លងមក ដោយ​ ឆាយ​ ម៉ៅ ​ប្រកួត​ចាញ់​ ចាន់​ឌី​ន ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ​។ តែ​យ៉ាងណា ចាន់​ឌី​ន​នេះ ក៏​ធ្លាប់​វាយ​ចាញ់​ ឆាយ​ ម៉ៅ ​ក្នុង​ទឹក​ទី​៥​ម្តង​មក​ហើយ​ដែរ​។

ឆាយ ​ម៉ៅ ពេល​ជួប ​ចាន់​ឌី​ន គេ​វាយ​ប្ដូរ​ជង្គង់ ប្ដូរ​កណ្ដាប់ដៃ ទាត់ និង​កែង​គ្នា​ទៅវិញទៅមក គ្មាន​បន្ធូរដៃ​នោះ​ទេ តែ​ដោយសារ​ ចាន់​ឌី​ន​ខ្ពស់​ជាង ជង្គង់​វែង​ជាង ធ្វើឲ្យ ​ចាន់​ឌី​ន​មាន​ចាញ់​ប្រៀប​ឈ្នះ​។ ពួកគេ​វាយ​ប្ដូរ​ទៅវិញទៅមក​រហូតដល់​ធ្លាក់​ពីលើ​រេញ​មក​ក្រោម​ថែមទៀត​។​

ទោះជា​យ៉ាងណា​សម្រាប់​ការ​ជួប​គ្នា​លើក​នេះ មិន​ដឹង​ថា​ ចាន់ ឆាយ​ម៉ៅ​ គេ​អាច​សងសឹក ​វី សេរី​ចាន់​ឌី​ន បានសម្រេច​ឬ​អត់​នោះ​ឡើយ​? សេរី​ ចាន់​ឌី​ន ប្រកួត​ចុងក្រោយ​វាយ​ឈ្នះ​ មាស ឆូ​យ អ្នក​ប្រដាល់​ក្លិប​សុភា​នូ​ក្នុង​ទឹក​ទី​៤ ខណៈ​ដែល​ការប្រកួត​ចុងក្រោយ​របស់​ ចាន់ ឆាយ​ម៉ៅ គឺ​ចាញ់​ចាន់​ឌី​ន​នេះឯង​។​

ម៉ន រិទ្ធី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​នឹង​ជួប​ប្រកួត​ជាមួយ ​ភួង ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ឆ័​ត្រ​យោង​៩១១ ខណៈ​ដែល ​ម៉ូ ណា​រ៉ុង ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង​ជួប​ជាមួយ ពេជ្រ សាម៉ុន ក្លិប​កងពលតូច​លេខ​៧០​៕

វិ​សិទ្ធ​


Post a Comment

0 Comments

Close Menu