ភ្នំពេញ ៖ អ្នកប្រដាល់កម្ពុជាបីរូបត្រៀមជួបប្រកួតជាមួយអ្នកប្រដាល់ថៃនៅក្នុងកម្មវិធីប្រដាល់ពេលព្រឹកGanzberg Top Fighter លើសង្វៀនSEA-TV ថ្ងៃទី១៥ ខែកុម្ភៈខាងមុខនេះ។ ក្នុងនោះអ្នកប្រដាល់គង់ សំបូរ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះKing Kong ។ ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
អ្នកប្រដាល់ គង់ សំបូរ ជាលើកទី៣របស់គេហើយដែលជួបប្រកួតជាមួយអ្នកប្រដាល់ថៃនេះ មិនដឹងថាយ៉ាងណានោះទេ ព្រោះកាលពីឡើងប្រកួតជាមួយថៃលើកទី២កន្លងមក សំបូរ វាយចាញ់ដោយពិន្ទុ។ តែយ៉ាងណាបើតាមលោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់SEA-TVបានឲ្យដឹងនោះថា អ្នកប្រដាល់ថៃKing Kong មិនជាខ្លាំងប៉ុន្មានទេ គ្រាន់តែគេមានប្រវត្តិប្រកួតច្រើនជាងសំបូរជាងដប់ដងប៉ុណ្ណោះ។ លោកថា អ្នកប្រដាល់ថៃរូបនេះធ្លាប់ប្រកួតបាន៥៤លើក ឈ្នះ៣៧លើក ចាញ់១៤លើក និងស្មើ៣លើក បើប្រៀបជាមួយសំបូរដែលប្រកួតបាន២៨លើក ឈ្នះ២១លើក ចាញ់៥លើក និងស្មើ២លើកនោះ គឺច្រើនជាងជិតពាក់កណ្ដាលឯណោះ។
ចាំមើល អ្នកប្រដាល់ គង់ សំបូរ ប៉ះជាមួយអ្នកប្រដាល់ថៃ King Kong នេះ តើជួបសំណាងល្អ ឬមួយជួបសំណាងអាក្រក់នោះ? អាំង សំអាត អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ ត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ Phit Thong Chhai ដោយប្រកួតក្នុងទម្ងន់៥៤គីឡូក្រាម។ អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរម្តងហើយ ដែលកាលណោះគេវាយចាញ់ពេជ្រម្ទេសខ្មាំង។ នេះបើតាមលោក ញាណ សុធី ឲ្យដឹង។
Phit Thong Chhai អ្នកប្រដាល់ថៃរូបនេះមានកម្ពស់ប្រហាក់ប្រហែលនឹង សំអាតដែរ ហើយប្រវត្តិប្រកួតរបស់គេ ក៏ប្រហាក់ប្រហែលគ្នាដែរ។ Phit Thong Chhai ប្រកួតចំនួន៦២ដង ដោយឈ្នះ៥២ដង ចាញ់៩ដង និងស្មើ១ដង ខណៈដែល អាំង សំអាតអ្នកប្រដាល់កម្ពុជា យើងប្រកួតបានចំនួន៦៦ដង ឈ្នះ៥៥ដង ចាញ់១១ ដង មិនដែលស្មើ។
អាំង សំអាត ធ្លាប់ប្រកួតជាមួយថៃ៤នាក់ហើយកន្លងមក ដោយវាយឈ្នះថៃដោយពិន្ទុ៣ដងនិងស្មើម្តង។ ការប្រកួតជាមួយថៃលើកចុងក្រោយនេះ សំអាត វាយឈ្នះ Sen Thanong ដោយពិន្ទុ។ ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃលឿន រហ័ស និងខ្លាំងនោះ សំអាត វាយមិនញញើតអ្នកប្រដាល់ថៃនោះឡើយ។
លោក មាស សុខគ្រី គ្រូបង្វឹករបស់សំអាតនិយាយឲ្យដឹងថា សំអាត បានត្រៀមខ្លួនបានល្អសម្រាប់ជំនួបជាមួយថៃនេះ។ ចាំមើល តើអាំង សំអាត អាចយកឈ្នះ Phit Thong Chhai បានឬអត់ ? ចំណែក បាង កាយ៉ាក អ្នកប្រដាល់ក្លិបក្រសួងកសិកម្មគេនឹងជួបជាមួយអ្នកប្រដាល់ថៃឈ្មោះPhit Leng Chhai ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ អ្នកប្រដាល់ថៃរូបនេះ ត្រូវបានអ្នករៀបចំការប្រកួតអួតថាល្អនិងខ្លាំងដែរ។ Phit Leng Chhai មានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤២ដង និងចាញ់១០ដងមិនដែលស្មើ។
បាង កាយ៉ាក ខានឡើងប្រកួតជាមួយបរទេសយូរហើយ ក្រោយពីផ្ដួលអ្នកប្រដាល់ថៃឈ្មោះ Kom Bang ដោយពិន្ទុ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤នោះ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួនតែ២៦ដងប៉ុណ្ណោះ តែឈ្នះទាំង២៦ដង មិនដែលចាញ់មិនដែលស្មើឡើយ។
Phit Leng Chhai ពុំដែលមកប្រកួតនៅស្រុកខ្មែរទេ។ អ្នកប្រដាល់ថៃរូបនេះ ខ្លាំងជាង គូអាំង សំអាត និងគង់ សំបូរ ទៅទៀត។ ចាំមើល អ្នកប្រដាល់ថៃដែលល្បីឈ្មោះរូបនេះអាចវាយឈ្នះ បាង កាយ៉ាក បានឬអត់នៅក្នុងជំនួបគ្នានេះ៕
វិសិទ្ធ
0 Comments