Ad Code

ប្រតិភូ​អ្នកកាសែត​អាស៊ាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​មន្ទីរពេទ្យ​ និង​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ ជប៉ុន

ភ្នំពេញ ៖ អ្នកកាសែត​អាស៊ាន​បាន​បន្ត​ទៅ​ទស្សនកិច្ច​ទៅកាន់​មន្ទីរពេទ្យ​អន្តរជាតិ​KITAHARA និង​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​នៃ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដែល​ជា​ថ្ងៃទី​៤​នៃ​ការ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​។​

ក្នុង​ឱកាស​នោះ អ្នកកាសែត​អាស៊ាន​ទាំង​២០​នាក់​បាន​ស្វែងយល់​ពី​សេវាកម្ម​សុខភាព​ដែល​មន្ទីរ​ពេទ្យ​ឯកជន​KITAHARA​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ទាំង​ជប៉ុន​ទាំង​បរទេស។ មន្ទីរពេទ្យ​ដែល​មាន​ជាង​១០០​គ្រែ និង​បុគ្គលិក​សរុប​ប្រមាណ​៦០០​នាក់​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​អំឡុង​ឆ្នាំ​១៩៩៥ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន ដែល​ផ្ដោត​សំខាន់​លើ​ការវះកាត់​ខួរក្បាល ប្រព័ន្ធ​ឆ្អឹង និង​ប្រការ​សង្គ្រោះ​បន្ទាន់ ជាពិសេស​គឺ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​កាយសម្បទា។

នា​ថ្ងៃ​នោះ​ដែរ អ្នកកាសែត​អាស៊ាន​បន្តដំណើរ​ទៅកាន់​មជ្ឈមណ្ឌល​ការសិក្សា​ដើម្បី​ជីវិត​មាន​សុវត្ថិភាព IKEBUKURO របស់​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​នៃ​ក្រុង​តូ​ក្យូ ដើម្បី​ស្វែងយល់​ពី​សកម្មភាព​របស់​ការងារ​របស់​មជ្ឈមណ្ឌល។​

មជ្ឈមណ្ឌល​ការសិក្សា​ដើម្បី​ជីវិត​មាន​សុវត្ថិភាព IKEBUKURO គឺជា​ទីតាំង​មួយ​ដែល​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ទាំង​បរទេស​ផង​ដែរ​បាន​យល់​ពី​ការ​បញ្ចៀស និង​ការ​បង្ការ ក៏ដូចជា​សកម្មភាព​ឆ្លើយតប​ទៅ​នឹង​គ្រោះធម្មជាតិ (​រញ្ជួយ​ដី ទឹកជំនន់​) និង​វិធីសាស្ត្រ​នៃ​ការ​ពន្លត់​អគ្គិភ័យ។​

សូប​ជម្រាប​ថា អ្នក​សារព័ត៌មាន​អាស៊ាន​ទាំង​២០​នាក់​ក៏បាន​សាកល្បង​អនុវត្ត​ជាក់ស្តែង​នូវ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រញ្ជួយ​ដី ការ​គេច​ចេញពី​ផ្សែង​ពេល​មាន​អគ្គិភ័យ និង​វិធីសាស្ត្រ​នៃ​ការ​ពន្លត់​អគ្គិភ័យ។​

អ្នកសារព័ត៌មាន​ទាំងនោះ​នឹង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ជប៉ុន​ចំនួន​៩​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៨​ដល់​១៦​ ខែកុម្ភៈ ឆ្នាំ​២០១៥​។ តាម​កម្មវិធី អ្នកសារព័ត៌មាន​ទាំង​២០​នាក់​នឹង​ធ្វើ​ទស្សនកិច្ច​ក្នុង​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​មួយ​ចំនួន​ទៀត ជួបពិភាក្សា​ជាមួយ​អ្នកជំនាញ និង​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​សេដ្ឋកិច្ច សង្គម ទេសចរណ៍ និង​វប្បធម៌ អំពី​ប្រទេស​ជប៉ុន ផ្សារភ្ជាប់​ការស្រាវជ្រាវ និង​ការ​រាយការណ៍៕

ណ​យ គីម​ហុង​





Post a Comment

0 Comments

Close Menu