ភ្នំពេញ ៖ រថយន្តដឹកដំឡូងលើសទម្ងន់ បើកគេចក្បួនដង្ហែសព ដែលបើកបញ្ច្រាសទិសគ្នា បណ្ដាលឲ្យ ជាន់ហ្វ្រាំងមិនជាប់ក្រឡាប់ធ្លាក់ផ្លូវ ម្នាក់ឯងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចប៉ុស្តិ៍ព្រែកព្នៅបានឱ្យដឹងថា រថយន្តដឹកដំឡូងស្ងួតបើកក្រឡាប់ធ្លាក់ពីលើផ្លូវនេះម៉ាកហ៊ីយិនដាយកូរ៉េ ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ៣ A 1196 បើកបរដោយឈ្មោះ លី ហូវ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរ មានទីលំនៅក្នុងភូមិម្កាក់ ឃុំរលាភ ស្រុកសំពៅមាស ខេត្តពោធិសាត់។ ចំណែកម្ចាស់រថយន្តឈ្មោះ គង់ វណ្ណា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។
សមត្ថកិច្ចបន្តថា ក្នុងហេតុការណ៍ក្រឡាប់រថយន្តនេះមិនបណ្ដាលឲ្យនរណាម្នាក់នៅកន្លែងកើតហេតុទទួលរងរបួសនោះឡើយ គឺមានតែរថយន្តដឹកដំឡូងស្ងួតលើសទម្ងន់ប៉ុណ្ណោះ និងបែកកញ្ចក់ទ្វាមួយចំហៀងខាងស្តាំ និងកញ្ចក់មើលក្រោយ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះម៉ាកហ៊ីយិនដាយកូរ៉េ ពណ៌សលាយខៀវ ផ្ទុកដំឡូងស្ងួតពេញ និងមានមនុស្ស២នាក់ បើកបរពីទិសខាងជើងមកត្បូង យកទៅលក់ឲ្យក្រុមហ៊ុនធ្វើអេតាណុល នៅទុលមុខរោងចក្រម៉ែនសារុន តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ។
ប្រភពបន្តថា លុះមកដល់ចំណុចកើតហេតុ រថយន្តរងគ្រោះបានគេចពីក្បួនរថយន្តដង្ហែសពដែលមានរថយន្តស៊ីរ៉ែននាំមុខ និងរថយន្តជាច្រើនគ្រឿងទៀតផង ដែលបើកបញ្ច្រាសទិសគ្នា ដោយរថយន្តដឹកលើសទម្ងន់ផងនោះ បណ្ដាលឲ្យរ៉េចង្កូតធ្លាក់ផ្លូវកង់មួយចំហៀង ហើយក្រឡាប់ដេកលើចិញ្ចើមផ្លូវ ធ្លាក់ដំឡូងស្ងួតមកក្រោមរាយប៉ាយតែម្តង។ ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមាននរណាម្នាក់ រងរបួសនោះឡើយ។ ក្រៅពីរថយន្តខូចខាតបន្តិចបន្តួច និងកំពុងដំឡូងប៉ុណ្ណោះ។ ចំណែកឯតៃកុងអ្នកបើករថយន្តបង្ក និងអ្នករួមដំណើរជាមួយក៏មិនមានរងរបួសអ្វីនោះដែរ។ ក្រោយកើតហេតុរថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ូលិសធ្វើកំណត់ហេតុរួច ក៏ឲ្យស្ទូចរថយន្ត និងដំឡូងធ្វើដំណើរទៅមុខទៀតចុះ៕
ឧត្តរ៉ា
0 Comments