Ad Code

ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ​២០១៤ ​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ មាន​សុវត្ថិភាព​ និង​រឹងមាំ​


ភ្នំពេញ ៖ ថ្លែង​ក្នុង​ឱកាស​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៥ របស់​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥​កន្លង​មក​នេះ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា​ឆ្នាំ​២០១៤​កន្លងមក​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ មាន​សុវត្ថិភាព​ និង​មាន​ភាពរឹងមាំ​ ហើយ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​មាន​ស្ថិរភាព គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ​និង​សង្គម​ ដោយ​សេដ្ឋកិច្ចជាតិ​មាន​អត្រាកំណើន​ជា​មធ្យម​៨​ភាគរយ។​

ការ​រីកចម្រើន​ទាំង​អស់​នេះ​គឺជា​សមិទ្ធផល​និង​ជា​មោទនភាព​រួម​ដែល​កើត​ចេញ​ពី​ការ​ខិតខំ ប្រឹងប្រែង​របស់​មន្ត្រី​បុគ្គលិក​យើង​ទាំង​អស់​គ្នា​នៅ​ទូទាំង​ប្រទេស​របស់​ក្រុមប្រឹក្សាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ពី​ក្រសួង​.​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។​

លោក​បាន​បន្ត​ថា សមិទ្ធផល​ទាំងនេះ​ពិតជា​បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាព រក្សា​បាន​នូវ​ស្ថិរភាព​ថ្លៃ​ និង​បាន​រួម​ចំណែក​ពង្រឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ឆ្ពោះទៅ​គាំទ្រ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣ ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១១.២០២០​របស់​រាជរដ្ឋាភិបាល​។​ ការ​សម្រេច​បាន​នូវ​គោលដៅ​នៃ​កំណើន​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​គឺ​ទាមទារ​ឲ្យ​មានការ​ចូល​រួម​ចំណែក​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការ​បន្ត​ពង្រឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​អនុវត្ត​គោលនយោបាយ​គាំទ្រ​មួយ​ចំនួន​ទៀត​ដូចជា​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច ការ​បន្ត​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ ព្រមទាំង​ការគ្រប់គ្រង ​និង​បែងចែក​ធនធានមនុស្ស​ប្រកបដោយ​សមភាព ​និង​ប្រសិទ្ធភាព​ផង​ដែរ។​

ក្រៅពី​ការ​រៀបរាប់​សមិទ្ធផល​ដែល​ធនាគារ​សម្រេច​បាន​លោក​ ជា ចាន់តូ ​បាន​ឲ្យ​ដឹង​ផង​ដែរ​ពី​ការងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ថា ការងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​មិត្តភាព​ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​ក្នុង​ការដឹកនាំ​គោលនយោបាយ​រូបិយវត្ថុ​ និង​ការ​ពង្រឹង​ប្រតិបត្តិការ​ធនាគារកណ្ដាល​។​ តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការ​នេះ ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជា​មិត្តភាព​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ដូចជា IMF , ADB, WB,​ និង​ធនាគារកណ្ដាល​ក្នុង​តំបន់ ​និង​ពិភពលោក​. លើក​កម្ពស់​កិត្យានុភាព ​និង​តួនាទី​ធនាគារជាតិ​នៃ​កម្ពុជា​នៅក្នុង​តំបន់​ និង​ឆាក​អន្តរជាតិ​ ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​វិស័យ​ធនាគារ​នៅ​កម្ពុជា​ចូល​ទៅ​ក្នុង​តំបន់ ​ពិភពលោក​ និង​លើកកម្ពស់​ការ​បណ្តុះ​បណ្តាល​ឯកទេសកម្ម​ដល់​មន្ត្រី​ជំនាញ ​និង​ផ្លាស់ប្ដូរ​យោបល់​ពី​ការងារ​គ្រប់គ្រង​ធនាគារកណ្ដាល ​និង​ការដឹកនាំ​នយោបាយ​រូបិយវត្ថុ​ឆ្ពោះទៅ​រួមចំណែក​ពង្រឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ជាតិ​ និង​តំបន់​។​

លោក​បាន​បន្ត​ថា ដោយឡែក​ចំពោះ​ការងារ​អាស៊ាន​វិញ ​កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា​បាន​គាំទ្រ​ និង​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​គំនិត​ផ្ដួចផ្ដើម​នានា​របស់​អាស៊ាន សំដៅ​រួមចំណែក​នៅក្នុង​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុងឆ្នាំ​២០១៥​នេះ​។ ​ទន្ទឹម​នឹង​អត្ថប្រយោជន៍​ដែល​កម្ពុជា​អាច​ទទួល​បាន​ដូចជា​ការ​មាន​មូលដ្ឋាន​ផលិតកម្ម​ក្នុង​ទីផ្សារ​តែមួយ ការ​លើក​កម្ពស់​ការប្រកួត​ប្រជែង ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​សមភាព​មួយចំនួន​ផង​ដែរ​។​ ដូច្នេះ​ដើម្បី​រួមចំណែក​សម្រេច​បាន​គោលដៅ​របស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​ "ខ្ញុំ​សូម​ស្នើ​ឲ្យ​នាយកដ្ឋាន​ពាក់ព័ន្ធ​នានា​ និង​ក្រុមការងារ​បច្ចេកទេស​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ទាំងអស់​បន្ត​ខិតខំ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​ជាប់​ជាប្រចាំ​ និង​រៀនសូត្រ​ពី​បទ​ពិសោធន៍​ពី​បណ្ដា​ប្រទេស​ជា​មិត្ត​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ ​និង​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់"​

វុទ្ធី​

Post a Comment

0 Comments

Close Menu