ភ្នំពេញ ៖ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាកាត់បន្ថយបទល្មើសនានា និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរ និងការកកស្ទះចរាចរនៅតាមដងផ្លូវនានា គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វា ដែលដឹកនាំដោយលោក ឡេង រ៉ាវង្ស អភិបាលរងខណ្ឌ និងលោក ធិងិ អភិបាលរងខណ្ឌ តំណាងលោក ឃ្លាំង ហួត ប្រធានគណៈបញ្ជាការឯកភាព ខណៈជ្រោយចង្វា នៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០១៥ បានដឹកនាំកម្លាំងចម្រុះមួយថ្ងៃៗចំនួន៥៩នាក់ បើកប្រតិបត្តិការចុះឆែកអាវុធជាតិផ្ទុះ បកកញ្ចក់ខ្មៅរថយន្តនៅតាមដងផ្លូវជាតិលេខ៦ ត្រង់ចំណុចជិតវត្តគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ខណៈមានអសន្តិសុខកើតមានជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញ។
លោកអភិបាលរងខណ្ឌបានបញ្ជាក់ថា ដោយទទួលបានការណែនាំពីគណៈបញ្ជា ការឯកភាពថ្នាក់ក្រុងឲ្យចុះរឹតបន្តឹង និងត្រួតពិនិត្យអាវុធជាតិផ្ទុះ បកកញ្ចក់ខ្មៅរថយន្តតាមច្រកចេញចូលទៅរាជធានីភ្នំពេញនោះ គណៈបញ្ជាការឯកភាពខណ្ឌបានចេញប្រតិបត្តិការរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសអ្នកចូលក្នុងរាជធានីភ្នំពេញ ហើយនៅខណ្ឌជ្រោយចង្វាបានដាក់ចំនួន១គោលដៅក្នុងទ្រង់ទ្រាយធំ។
លោកបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ប្រសិនបើឃាត់ជនទាំងឡាយណាដែលមានអាវុធប្រើប្រាស់ គឺសមត្ថកិច្ចសុំមើលលិខិតអនុញ្ញាត និងលិខិតចុះបេសកកម្មការងារក្នុងជួរកម្លាំងប្រដាប់អាវុធជាដើម។ ដោយឡែកអ្នកជិះម៉ូតូគ្មានមួកគ្មានកញ្ចក់ យើងក៏បានឃាត់ទុកហើយតម្រូវឱ្យទៅយកមួកមកពាក់និងយកកញ្ចក់មកដាក់ត្រឹមត្រូវ រួចសមត្ថកិច្ចជំនាញចរាចរធ្វើការណែនាំអំពីច្បាប់ចរាចរទើបអនុញ្ញាតិឱ្យទៅ។
លោកបានបញ្ជាក់ថា ក្នុងប្រតិបត្តិការពង្រឹងសន្តិសុខនេះ លោកបានបែងចែកកម្លាំងជាក្រុម ចុះឆែកឆេរតាមរថយន្ត ម៉ូតូ ក្នុងគោលបំណងរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និង ឃាត់រថយន្តធុនធំដែលគ្មានច្បាប់ពីសាលារាជធានីភ្នំពេញ ដើម្បីកាត់បន្ថយភាពកកស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរ។
លោកបានឱ្យដឹងបន្តទៀតថា កម្លាំងចម្រុះត្រួតពិនិត្យគ្រប់គោលដៅ ដោយត្រួតពិនិត្យអាវុធជាតិផ្ទុះ បកកញ្ចក់ខ្មៅរថយន្ត និងមនុស្សត្រូវឃាត់ខ្លួន បើសង្ស័យ ទោះមានហេតុផលណា ត្រូវស្រាវជ្រាវឲ្យបានច្បាស់លាស់។
គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការឆែកឆេរអាវុធជាតិផ្ទុះរយៈពេលជាង១ម៉ោងនៃព្រលប់ថ្ងៃទី១១ ខែកុម្ភៈនេះ កម្លាំងយើងបានរកឃើញអាវុធឆ្លងខ្លីកាត់ចំនួន១ដើមមានច្បាប់បកកញ្ចក់ខ្មៅរថយន្តបានចំនួន១០គ្រឿង ឃាត់ម៉ូតូអត់កញ្ចក់ អត់ពាក់មួក ហើយធ្វើការណែនាំបានចំនួន៣៥គ្រឿង៕
ឌីរៀ
0 Comments