ភ្នំពេញ ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាសម្រេចបានការផ្គត់ផ្គង់ទឹកស្អាតចំនួន៤៩ភាគរយនៅក្នុងឆ្នាំ២០១៥នេះ បើប្រៀបធៀបគោលដៅអភិវឌ្ឍន៍ សហស្សវត្សគឺនៅសល់តែ១ភាគរយប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះកាលពីពេលថ្មីៗនេះនៅក្រសួងមហាផ្ទៃក្នុងពិធីចុះហត្ថលេខាលើសេចក្តីសម្រេចរួមស្ដីពីការអនុវត្តនៃការផ្ទេរមុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ រវាងនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលស្រុកគោលដៅចំនួន៧នៃខេត្តកំពត និងខេត្តត្បូងឃ្មុំ គឺស្រុកឈូក ស្រុកជុំគីរី ស្រុកបន្ទាយមាស និង ស្រុកកំពង់ត្រាចនៃខេត្តកំពត និងស្រុកមេមត់ ស្រុកត្បូងឃ្មុំ ដែលពិធីនោះមានការចូលរួមលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. លោក អេរីក សាយហ្គ្រីច (Erich Sidgwick) តំណាងធនាគារ អភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។
លោក ជា សុផារ៉ា បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំនូវឯកសាររួចជាស្រេចក្នុងការផ្ទេរអំណាច និងធនធានទៅថ្នាក់ក្រោមជាតិ។ លោករដ្ឋមន្ត្រីបានឲ្យដឹងថា មានរយៈ ពេល៧ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ២០០៨មក បន្ទាប់ពីច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ស្រុក ខណ្ឌ វាដល់ពេលវេលាដែលយើងត្រូវផ្ទេរសិទ្ធិអំណាចទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិហើយ។ លោករដ្ឋមន្ត្រីបន្តថា ការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិនាពេលនេះ គឺយើងផ្ទេរទាំងសិទ្ធិអំណាច និងធនធានទៅជាមួយផងដែរ ដោយការផ្ទេរត្រង់ទៅកាន់ធនាគារខេត្តហើយ ការផ្ទេរនេះក៏មិនមែនមានន័យថាក្រសួងបានដោះដៃពីការទទួលខុសត្រូវនោះទេ ក្រសួងក៏នៅចាំជួយផ្នែកបច្ចេកទេសជាប្រចាំ។ ក្រសួងនឹងរៀបចំឲ្យមានលំហូរនៃធនធានថវិកា ធនធានមនុស្សទៅកាន់ជនបទ។
លោកបានឲ្យដឹងទៀតថា ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ជំនួយសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាតនៅជំហានទី១មានចំនួន១៨លានដុល្លារអាម៉េរិក និងនៅជំហានទី២មាន២១លានដុល្លារអាម៉េរិក។ មកដល់ពេលនេះកម្ពុជាបានធ្វើសម្រេចបាន៤៩ភាគរយនៃគោលដៃសហស្សវត្សដែលបានកំណត់ធ្វើឲ្យបាន៥០ភាគរយនៅឆ្នាំ២០១៥ ដូចនេះនៅសល់១ភាគរយប៉ុណ្ណោះ។
លោកក៏បានស្នើសុំឲ្យធនាគារអភិវឌ្ឍន៍អាស៊ីបន្តជួយកម្ពុជាលើវិស័យទឹកស្អាតនេះបន្តទៀតដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅសហស្សវត្សនៅឆ្នាំ២០១៨ឲ្យបាន៦០ភាគរយលើការងារអនាម័យ ទឹកស្អាត និងសម្រេចឲ្យបាន១០០ភាគរយនៅឆ្នាំ២០២។ លោករដ្ឋមន្ត្រីបានឲ្យដឹងថាចំពោះអនាម័យជនបទវិញសម្រេចបានជិត៣៩ភាគរយនៅឆ្នាំ២០១៥នេះ គឺលើផែនការគោលដៅសហស្សវត្សដែលបានកំណត់ឲ្យបាន៣០ភាគរយនៅឆ្នាំ២០១៥ ដូចនេះគោលដៅនេះវាលើសផែនការហើយ។
គួរបញ្ជាក់ថា ការផ្ទេរអំណាចនេះគឺបានផ្តល់មុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទដែលក្រសួងអភិវឌ្ឍន៍ជនបទធ្វើប្រតិភូកម្មមាន ការជួសជុលតូច និងការជួសជុលធំ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដូចជា អណ្ដូងស្នប់ អណ្ដូងលូ អណ្ដូងចម្រុះ ស្រះ សហគមន៍ និងបណ្ដាញចែកចាយទឹកតាមទុយោរបស់សហគមន៍។ ការធ្វើតេស្ដគុណភាពទឹក ដោយប្រើឧបករណ៍យួរដៃតូច។ គាំទ្រដល់ដំណើរការបង្កើតក្រុមអ្នកប្រើប្រាស់ទឹកនិងអនាម័យ។ ពង្រឹងសមត្ថភាពក្រុមអ្នកប្រើប្រាស់ទឹក និងអនាម័យក្នុងការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។ គ្រប់គ្រងបញ្ជីសារពើភ័ណ្ឌរាល់ប្រព័ន្ធទឹកស្អាតទាំងអស់ក្នុងដែនសមត្ថកិច្ចរដ្ឋបាលស្រុក។ ជាមួយការផ្ទេរអំណាចនេះក្រសួងអភិវឌ្ឍន៍ជនបទក៏បានផ្ទេរធនធានដែលមានទឹកប្រាក់សរុបចំនួនជាង៣៧លានរៀលសម្រាប់ឆ្នាំ២០១៥៕
សំអឿន
0 Comments