Ad Code

កម្លាំង​ប៉េអិម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ឆែកឆេរ​ទីតាំង​ម៉ាស្សា​កោស​ជប់​ ចាប់ខ្លួន​មនុស្ស​១១​នាក់​ និង​ថ្នាំញៀន​មួយចំនួន​


ភ្នំពេញ ៖ មនុស្ស​ប្រុស​/ស្រី​ចំនួន​១១​នាក់​ដែល​បាន​ណាត់គ្នា​ចូល​ទៅ​សេព​ និង​ចែកចាយ​គ្រឿង​ញៀន​នៅក្នុង​ហាង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង​យ៉ាង​ពពាក់ពពូន ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ក្រុងភ្នំពេញ​ ដឹកនាំ​ដោយ​លោក ​មាស​ ចាន់​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​ចាប់​ឃាត់ខ្លួន​មនុស្ស​ទាំងនោះ ​រួម​ទាំង​ដកហូត​បាន​វត្ថុ​តាង​ជា​ថ្នាំញៀន​មួយ​ចំនួន​ធំ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រលប់​ ថ្ងៃទី​១១ ​ខែកុម្ភៈ​ ឆ្នាំ​២០១៥ ​នៅ​ចំណុច​ក្នុង​ហាង​ម៉ាស្សា​កោស​ជប់​យីហោ​៧៨៩​ ដែល​មាន​ទីតាំង​នៅ​ក្បែរ​វិមាន​សព​កងទ័ព​វៀតណាម​ ស្ថិត​ក្នុងភូមិ​ក្បាលដំរី ​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​ឈាន​ទៅ​ដល់​ការ​ចុះ​ឆែកឆេរ​នៅក្នុង​ហាង​ម៉ាស្សា​កោស​ជប់​មួយ​នេះ​ គេ​បាន​ដាក់​កម្លាំង​តាមដាន​ជា​យូរ​មក​ហើយ​បន្ទាប់ពី​មាន​គេ​លួច​រាយការណ៍​មក​ថា​ នៅ​ក្នុង​ហាង​មួយ​នេះ​មាន​ក្រុម​យុវជន​ប្រុ​ស្រី​បាន​នាំ​គ្នា​មក​ពពាក់ពពូន​សេព ចែកចាយ​គ្រឿងញៀន ​និង​មាន​បង្កប់​នូវ​ការ​រួមភេទ​លាក់​លួច​ផង​ដែរ​។​ បន្ទាប់ពី​ទទួល​បាន​ដំណឹង​នេះ​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​តាម​អស់​មួយរយៈ​ ទើប​នៅ​ល្ងាច​ថ្ងៃ​កើត​ហេតុ​នេះ​ដោយសារ​ដឹង​ថា​ មាន​ក្រុម​នេះ​ចូល​ទៅ​ពពាក់​ពពូន​ដូច​សព្វ​ដងនោះ ​ទើប​សមត្ថកិច្ច​បាន​ចុះទៅ​ក្រ​សោម​បាន​ទាំងអស់​តែម្ដង។​

ការ​ចុះ​ទៅ​ឆែកឆេរ​និង​ឃាត់​ខ្លួន​ក្រុម​ខាង​លើ​នេះ ​កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២៤​កញ្ចប់​តូច​ និង​៦​កញ្ចប់​ធំ​ថ្នាំ​ពណ៌​ក្រហម​១​កញ្ចប់​តូច​ ទូរស័ព្ទ​ដៃ​ចំនួន​៨​គ្រឿង ​រថយន្ត​១​គ្រឿង​ និង​ម៉ូតូ​២​គ្រឿង​។​ មនុស្ស​ទាំង​១១​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១​-ឈ្មោះ​ពេជ្រ សុ​ដា​នី ​ភេទ​ស្រី ​អាយុ​៤៧​ឆ្នាំ​ ជា​ម្ចាស់​ហាង​ ទី​២​-ឈ្មោះ​ ធី​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ ទី​៣-​ឈ្មោះ​ហេង ​ស្រស់​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ទី​៤​-ឈ្មោះ ​ហេង សុធី​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ទី​៥​-ឈ្មោះ​ ពេជ្រ​នី​វ័ន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ទី​៦​-ឈ្មោះ ​ម៉ែន ​អេ​ន​ជី​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ ​ទី​៧​-ឈ្មោះ ​កុយ វ៉ាន់​ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ ទី​៨​-ឈ្មោះ​ អឿន សុភា ​ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ ​ទី​៩​-ឈ្មោះ​ សៅ វិទូ​ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ ទី​១០-​ឈ្មោះ​ មឿ​ន តយ​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ ​និង​ទី​១១​-ឈ្មោះ ​ឆេង​ ម៉េង​ហ៊​ន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​។​

រាល់​វត្ថុ​តាង​និង​មនុស្ស​ទាំងអស់​ ត្រូវ​បាន​បញ្ជូន​ទៅកាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្ត​ ក៏​ដូចជា​បន្ត​តាន​ដាន​ និង​ស្រាវជ្រាវ​ស្វែងរក​មេខ្លោង​ជា​បន្ត​ទៀត៕

វិទូ​

Post a Comment

0 Comments

Close Menu