ទិវារត់ប្រណាំងស្ត្រី និងកីឡា ក្រោមប្រធានបទ«រត់ដើម្បីក្តីស្រឡាញ់» ដែលផ្ដួចផ្ដើមឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មការស្ត្រី និងកីឡា បានចាប់ផ្តើមនៅព្រឹកព្រលឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍នេះមានអត្តពលិកចូលរួមប្រមាណ២.៥០០នាក់ ដែលភាគច្រើនជាយុវនារីមកពីគ្រប់មជ្ឈដ្ឋាននានាក្នុងរាជធានីភ្នំពេញ។
ចំពោះវិញ្ញាសាដាក់ឲ្យប្រកួតរត់ពេលនោះ មានរត់ប្រណាំងលើប្រភេទអាយុ១៥ឆ្នាំ អាយុ១៦ដល់៣០ឆ្នាំ អាយុ៣១ឆ្នាំឡើង និងការរត់ប្រណាំងជើងបី។ លោកស្រី ម៉ក់ វណ្ណស៊ីថា ប្រធានគណៈកម្មការស្រី និងកីឡា ដែលជាអ្នកបាញ់កាំភ្លើងចេញដំណើរការប្រកួតនោះបានមានប្រសាសន៍ថា កាលដែលគណៈកម្មការស្រី និងកីឡាជ្រើសរើសយកថ្ងៃទី១៤ ខែកុម្ភៈ ដែលអ្នកខ្លះហៅថាបុណ្យសង្សារ ឬថ្ងៃបុណ្យនៃក្តីស្រឡាញ់ (Valentine Day) សម្រាប់ប្រារព្ធទិវារត់ប្រណាំងស្ត្រី និងកីឡា គឺ«រត់ដើម្បីក្តីស្រឡាញ់»វិញនោះ ក្នុងគោលបំណងចូលរួមពង្រឹងស្មារតី និងកែតម្រូវនូវការយល់ច្រឡំរបស់ប្អូនៗ ក្មួយៗ ជាយុវជនមួយចំនួនដែលគិតថា ថ្ងៃ១៤ ខែកុម្ភៈ គឺជាថ្ងៃដែលត្រូវលះបង់អ្វីៗដល់ដៃគូរបស់ខ្លួន ដើម្បីបង្ហាញពីចិត្តស្មោះភក្តីនឹងគ្នា ក្នុងរយះប៉ុន្មានឆ្នាំកន្លងមកចាប់តាំងពីពិធីបុណ្យនេះបានសាយភាយមកដល់កម្ពុជានោះ។ លោកស្រីបន្តថា ទង្វើនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរយើង។
លោកស្រីបានបញ្ជាក់ទៀតថា គណៈកម្មការស្រី និងកីឡា មានបំណងចង់ផ្សារភ្ជាប់ថ្ងៃនេះ ទៅនឹងកីឡា គឺយើងលេងកីឡាជាមួយគ្នាលេងដោយក្តីស្រឡាញ់ ដោយយុត្តិធម៌ ដោយថ្លៃថ្នូរ ដោយបរិសុទ្ធ និងដោយរីករាយ។ មួយទៀត ដើម្បីជំរុញលើកទឹកចិត្តប្រជាពលរដ្ឋមិនថាចាស់ ឬក្មេង បុរស ឬស្ត្រីឲ្យយល់ពីអត្ថប្រយោជន៍នៃកីឡា និងចូលរួមលេងកីឡាឲ្យបានគ្រប់ៗគ្នា។ ហើយមួយទៀតដើម្បីឲ្យស្ត្រីយើងយល់ថា កីឡាគ្រប់ប្រភេទមិនមែនសម្រាប់តែបុរសទេដែលអាចលេងបានស្ត្រីក៏អាចលេងបានដូចគ្នាដែរ ហើយស្ត្រីអាចដណ្ដើមយកមេដាយ និងពានរង្វាន់ជូនប្រទេសជាតិមិនចាញ់បុរសឡើយ។
ចំពោះលទ្ធផលក្រោយការរត់ប្រណាំងចំណាត់ថ្នាក់រត់សម្រាប់អាយុ១៥ឆ្នាំចុះ បុរសលេខ១ កីឡាករ ឈឹម ចាន់សុភា កម្ពុជាSmart លេខ២ ប៉ិល ពុទ្ធិរិទ្ធ សហព័ន្ធចំបាប់ លេខ៣ ឯក ចាន់ ប្រុសពៅ មកពីស្ទឹងមានជ័យ។ សម្រាប់អាយុក្រោម១៥ឆ្នាំនារី លេខ១កីឡាការិនីឈុត សេរីវីរីយ៉ា មកពីសាលា East West លេខ២ នាក់ សូលីតា មកពីសាលាសន្ធរម៉ុក និងលេខ៣ យ៉ាំ ឃីតធីមកពីសាលាច្បាប់។ អាយុ១៦ឆ្នាំទៅ៣០ឆ្នាំ បុរសលេខ១ គង់ វិសិដ្ឋ លេខ២ សួស វ៉ាន់ធី និងលេខ៣ ជា សម្ផស្ស ដែលពួកគេមកពីអង្គការដើម្បីភាពញញឹមនៃកុមារជាមួយគ្នា។ ចំពោះនារីវិញលេខ១ Sanne Sight លេខ២ Malaya Camon និងលេខ៣ ម៉ៅ ស្រីណាក់។
ប្រភេទអាយុ៣១ឆ្នាំឡើងសម្រាប់នារីលេខ១ គង់ សុភីធិតា លេខ២ សុស ផ្សា និងលេខ៣ យូ ចរិយា។ ចំពោះបុរសលេខ១ កីឡាករទុត កុសល មកពីសាលាពេទ្យ លេខ យូ ចន្ធី មកពី Crown Caffe លេខ៣ គឹម សារឿនមកពី Western។
វិញ្ញាសារត់ជើង៣ ជាគូលេខ១ ជា យិននាង និង ឆាំ ពិស៊ីន មកពីសហព័ន្ធចំបាប់ លេខ២ គិន ច័ន្ទតុលា និង ធូ បូរមី មកពីក្រុមហ៊ុន Smart និងចំណាត់ថ្នាក់លេខ៣ ឡៃ សុវណ្ណ និង ម៉ៅ វីរះ។
ជាមួយនឹងរង្វាន់សម្រាប់អត្តពលិក លោកស្រី ម៉ក់ វណ្ណស៊ីថា ប្រធានគណៈកម្មការស្រី្ត និងកីឡា នៅបានឧបត្ថម្ភថវិកាមួយចំនួនដល់អតីតកីឡាការិនីចាស់ៗផងដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកបានអះអាងថា ទិវារត់ប្រណាំងស្រី្ត និងកីឡា គឺរត់ដើម្បីក្តីស្រឡាញ់នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីឲ្យយុវជន យុវនារីកែប្រែទម្លាប់យកថ្ងៃ១៤ ខែកុម្ភៈគិតរឿងផ្ដេសផ្ដាសមកជាការរត់កំសាន្តសប្បាយវិញ៕
វិសិទ្ធ
0 Comments