ភ្នំពេញ ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ បានជួបពិភាក្សាគ្នាបន្តទៀតលើចំណុចដែលនៅមិនទាន់បានឯកភាពគ្នា ហើយតាមការពិភាក្សានោះ ក្រុមការងារគណបក្សទាំងពីរអាចព្រមព្រៀងគ្នាកាត់បន្ថយរយៈពេលនៃការឃោសនាគឺនៅត្រឹម៣សប្ដាហ៍ និងហែឃោសនាត្រឹម៤ថ្ងៃប៉ុណ្ណោះ។
កិច្ចពិភាក្សានេះ ខាងតំណាងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ចំណែកក្រុមការងារគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក គួយ ប៊ុនរឿន។ លោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមការងារបានពិភាក្សាចំណុចសេសសល់ក្នុងជំពូកទី៧ ប៉ុន្តែនៅមិនទាន់បានព្រមព្រៀងគ្នាទេ។ ជាគោលការណ៍ ការជជែកអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ គឺយើងបានគិតដូចគ្នា ហើយយើងកំពុងយកពេលវេលាដើម្បីពីនិត្យឡើងវិញ ថាតើខ្លឹមសារត្រង់ណាដែលភាគីទាំងពីរអាចរកចំណុចរួមឃើញ ដូចជារយៈពេលនៃការឃោសនា និងរយៈពេលនៃការហែក្បួនជាដើម។ គោលជំហររបស់គណបក្សប្រជាជនកម្ពុជាចង់ធ្វើយ៉ាងណាឲ្យកាត់បន្ថយពេលវេលាដើម្បីសន្សំសំចៃប្រាក់ និងប្រយោជន៍ផ្សេងៗ ប៉ុន្តែកន្លងមកយើងអនុវត្តន៍មិនមានបញ្ហាអ្វីទេ ដោយសារតែគណបក្សនយោបាយទាំងអស់មានលទ្ធភាពក្នុងការបំផុសអ្នកចូលរួម ហើយមានភាពចាស់ទុំនយោបាយ។
ចំពោះរយៈពេលនៃការឃោសនា និងការហែក្បួន លោកបានបញ្ជាក់ថា ជាគោលការណ៍ចង់បានច្រើនជាងមុន យ៉ាងហោចណាស់៤៥ថ្ងៃ ប៉ុន្តែបើយើងអាចថយមកត្រឹម៣០ថ្ងៃ ពីព្រោះការបោះឆ្នោតនៅកម្ពុជា ជាការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រខុសពីប្រទសផ្សេងៗ ដូច្នេះ៣០ថ្ងៃអាចឲ្យយើងធ្វើការបានគ្រប់គ្រាន់។
ចំណែកលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន តំណាងក្រុមការងារគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានដែរថា ចំពោះការហែឃោសនាពីមុនយើងសរសេរថា មានចំនួន១៤ថ្ងៃ ហើយបញ្ហានេះមិនមែនគណបក្សប្រជាជនខ្លាចទេ ចង់ហែ គឺហែបានដូចគ្នា តែយើងគិតពីប្រយោជន៍សាធារណៈ ហើយមកដល់ពេលនេះយើងបានសម្រុះសម្រួលគ្នាខ្លះ ហើយនឹងបានឯកភាពគ្នាត្រឹម២០ថ្ងៃ និងហែក្បួនឃោសនាតែ៤ថ្ងៃប៉ុណ្ណោះ ហើយនៅក្នុងកិច្ចពិភាក្សានេះមិនអាចកំណត់ថា ដល់ដាច់ខែពីរទើបចប់នោះទេ ជួនកាលអាចចប់មុន ឬក្រោយ ពីព្រោះវាជាផែនការ។
ចំពោះការកំណត់អាសនៈ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅមិនទាន់បានឯកភាពទេ គឺយើងរង់ចាំការសម្រេចពីថ្នាក់ដឹកនាំ ហើយគណបក្សប្រជាជនកម្ពុជា សរសេរតែពីរមាត្រា គឺចប់សព្វគ្រប់ ប៉ុន្មានអាណត្តិទៀតក៏បានដែរ អត់មានឈ្លោះគ្នាអីទៀតទេ ហើយបញ្ហាកំណត់ហែឃោសនានេះ "គឺយើងបានសិក្សារួចហើយ។ យើងប្រើពេលឃោសនាមិនមែនយើងមិនដឹងទេ គេធុញទ្រាន់មិនមែនជារឿងធម្មតាទេ អ្នកទៅសប្បាយមានដែរ ប៉ុន្តែអ្នកដែលគេធុញ គឺអ្នកដែលទៅផ្សារ ណាកូនប្ដីមកពីធ្វើការ ណាមិនទាន់បានទិញត្រីផង យើងត្រូវគិតសព្វគ្រប់ បើគិតតែបានហែច្រើននោះ វាមិនកើតទេ នៅស្រុកខ្លះគេអត់ឃោសនាសោះ ដល់ពេលបោះឆ្នោត គេបោះឆ្នោត ហើយខ្លះមិនដឹងប្ដូររដ្ឋាភិបាលផង នៅកង់ឌីណា នៅស៊ុយអែត គេមិនដែលឃោសនាផង ហើយនៅជប៉ុន អ្នកទៅឃោសនាមានឡានមួយ សូត្រតែកម្មវិធីនយោបាយគេហើយទៅបាត់ ហើយនៅហ្វេសប៊ុក ទ្វីធឺ របស់គេជាអ្នកធ្វើការខាងក្រោយ"។
ដោយឡែកទាក់ទងបញ្ហាដែលក្រុមអង្គការសង្គមស៊ីវិលបានបង្ហាញពីវិធីសាស្ត្រនៃការបោះឆ្នោតបែបទំនើបនោះ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នោះជាមតិមួយប៉ុណ្ណោះ។ នៅពេលធ្វើសេចក្តីស្នើច្បាប់ចប់ នឹងដាក់ឲ្យមានការចូលរួមបញ្ចេញមតិយោបល់ពីសង្គមស៊ីវិល ហើយពេលនោះពួកគាត់អាចបញ្ចេញមតិបាន៕
កោះកែវ
0 Comments