ស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា កិច្ចប្រជុំនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សមាជិកអចិន្ត្រៃគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារបក្សចុះជួយខេត្តស្វាយរៀងនិងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ក្រុង ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកាចូលរួមប្រមាណជាង១.០០០នាក់។ លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា ដើម្បីពង្រឹងការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងសម្រេចឲ្យបានជោគជ័យ យើងត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖ ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង និងក្នុងក្រុមការងារ ដោយធ្វើការពិភាក្សាគ្នាជាសមូហភាព ឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងសំណួរដែលប្រជាពលរដ្ឋលើកឡើង។ ត្រូវរក្សាខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងស្រឡាញ់ប្រជាពលរដ្ឋ ខិតខំធ្វើតែអំពើល្អ ហើយជៀសវាងដាច់ខាតរាល់ទង្វើមិនត្រឹមត្រូវដែលបំពានលើគោលការណ៍គណបក្ស និងច្បាប់របស់រដ្ឋធ្វើឲ្យប៉ះពាល់ដល់សិទ្ធ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ត្រូវរួមគ្នាធានារក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជាមួយការរក្សាម៉ាក្រូសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បន្តជំរុញឲ្យជោគជ័យកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ធ្វើកំណែទម្រង់ស៊ីជម្រៅកាត់បន្ថយភាពអសកម្មរបស់មន្ត្រីដឹកនាំ ទាំងស្ថាប័នបក្ស និងស្ថាប័នរដ្ឋ ដោយអនុវត្តតាមទិសស្លោក "ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល"។ ត្រូវជួបប្រាស្រ័យដោយផ្ទាល់ដល់មូលដ្ឋានក្ដាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ បញ្ហាប្រឈមការលំបាករបស់សមាជិកគណបក្ស ក៏ដូចប្រជាពលរដ្ឋទូទៅ និងរិះរកគ្រប់មធ្យោបាយជួយដោះស្រាយឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព សំដៅរួមចំណែកពង្រឹងជំនឿជឿជាក់លើការងាររបស់រាជរដ្ឋាភិបាល និងធ្វើការវាយបកភ្លាមៗរាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង។ ត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យនយោបាយការទូត ទំនាក់ទំនងអន្តរជាតិ ការរីកចម្រើនខាងសេដ្ឋកិច្ច និងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ត្រូវបន្តជួយដោះស្រាយបញ្ហា និងការលំបាករបស់ប្រជាពលរដ្ឋដើម្បីផ្ដល់ភាពកក់ក្ដៅ និងការជឿជាក់លើរាជរដ្ឋាភិបាល៕
គឹម សេង
0 Comments