ព្រះវិហារ ៖ សំណុំរឿងបង្ក្រាបបទល្មើសព្រៃឈើកាលពីជាង២ឆ្នាំមុនទៅលើរថយន្តកូរ៉េកែច្នៃតទ្រុងឃ្លុបបិទជិត១គ្រឿង ពណ៌ត្រេអ៊ី ចំណុះ២តោនកន្លះ ជាកម្មសិទ្ធិអចលនទ្រព្យរបស់អង្គភាពយោធាដែលគេស្គាល់ច្បាស់ថាជារបស់មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ហៅឈ្មោះក្រៅថា(តាបាក់) ជាឈ្មួញដឹកឈើចេញយ៉ាងសកម្មពីតំបន់ព្រំដែនប្រាសាទព្រះវិហារមិនទាន់ដោះស្រាយតាមផ្លូវច្បាប់យកចេញពីខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារនៅឡើយទេ។ រថយន្តពណ៌ត្រេអ៊ីកែច្នៃតទ្រុងឃ្លុបបិទជិត១គ្រឿងនេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ឲ្យដឹងថា ម្ចាស់រថយន្តយកមកធ្វើការកែច្នៃដោយខុសបទដ្ឋានបច្ចេកទេសនៅតាមយានដ្ឋានជួសជុលរថយន្តក្នុងខេត្តព្រះវិហារផ្ទាល់តែម្ដង។
ប្រភពព័ត៌មានពីភ្នាក់ងារបានឲ្យដឹងថា មកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ រថយន្តដឹកបទល្មើសព្រៃឈើពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ១គ្រឿងនេះមានសភាពច្រេះដែក និងពុកផុយ រួមទាំងខូចគាំងម៉ាស៊ីនអស់ទៅហើយ។ នេះជាការខ្ចះខ្ជាយទ្រព្យសម្បត្តិមានតំលៃរបស់រដ្ឋដែលតម្រូវឲ្យបុគ្គលប្រើប្រាស់សម្រាប់ដឹកសម្ភារៈបម្រើផលប្រយោជន៍អង្គភាពរដ្ឋ បែរជាបុគ្គលខិលខូចយកមកដឹកជញ្ជូនឈើប្រណីតគេចពន្ធទៅវិញ។
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តព្រះវិហារបានរំលឹកទ្បើងវិញឲ្យអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ថា ករណីចាប់បង្ក្រាបរថយន្តពណ៌ត្រេអ៊ី១គ្រឿងខាងលើដែលបង្ហាញរូបភាពអំណាចពាក់ស្បែកខ្លាដឹកឈើប្រណីតគេចពន្ធនេះ គឺបានធ្វើទ្បើងកាលពីថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១២ ស្ថិតនៅចំណុចផ្លូវបំបែកស្រុកគូលែន។
នៅពេលឆែកឆេរ បានរកឃើញឈើប្រណីតតាប់ពេញណែនដោយបង្កប់ពីក្រោមគ្រឿងសិប្បកម្មកែច្នៃ។ ការចាប់បង្ក្រាបនាពេលនោះ គឺស្រាវជ្រាវរកមុខម្ចាស់ឈើជាទាហានមិនឃើញនោះទេ សមត្ថកិច្ចជំនាញមេព្រៃបានសម្រេចកសាងសំណុំរឿង និងវត្ថុតាងរថយន្តដឹកឈើខុសច្បាប់១គ្រឿងនេះបញ្ជូនទៅកាន់តុលាការខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
សរុបន័យខ្លឹមសារមកសម្រាប់ពេលបច្ចុប្បន្ននេះ រថយន្តដឹកឈើគ្រប់ប្រភេទគេចពន្ធពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទរួមមានម៉ាកឌុយមិក,រថយន្តកូរ៉េធុនតូច-ធំ,ធុនដ្រា,ទ្បង់គ្រីស័រ,លុចស៊ីសគ្រប់ស៊េរី និងរហូតដល់រថយន្តយីឌុបនៅតែឃើញដឹកឈើប្រណីតតាប់ឈើជ្រាយគេចពន្ធគគ្រឹកគគ្រេងដែលមានប្រភពដើមចេញពីតំបន់ព្រំដែនប្រាសាទព្រះវិហារ និងចេញពីស្រុកឆែបស្រុកជ័យសែន និងស្រុកសង្គមថ្មី ចេញឆ្ពោះទៅខេត្តកំពង់ធំ ដោយដឹងថាមានមេកើយជាមនុស្សមានអំណាច បុណ្យសក្ដិ ថ្នាក់ឧត្តមសេនីយ៍កាងនៅពីក្រោយខ្នងឈ្មួញខិលខូចយ៉ាងរឹងមាំ។
ប្រជាពលរដ្ឋនិយាយជាទូទៅថា ការដឹកជញ្ជូនបទល្មើសព្រៃឈើទាំងនោះ ពួកគាត់សង្កេតឃើញមានការចុះចាប់បង្ក្រាបពីសំណាក់សមត្ថកិច្ចចំនួនតិចតួចតែប៉ុណ្ណោះ ដែលក្នុងនោះពួកឈ្មួញឈើប្រមាណ៩០ភាគរយជាសមត្ថកិច្ចកងកម្លាំង និងជាមន្ដ្រីអាជ្ញាធរដែនដីបានរួចផុតពីសំណាញ់ច្បាប់ស្ដីពីព្រៃឈើ៕
0 Comments